កប៉ាល់​ដែល​ចុះ​បញ្ជី​ប្រទេស​កម្ពុជា​ដឹករថយន្ត​បាញ់​មីស៊ីល​ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង

ព្រហស្បតិ៍ 14 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

កាសែត​ជប៉ុន​ល្បី​ឈ្មោះ​មួយ​ឈ្មោះ Asahi Shimbun បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​ចុះ​បញ្ជី​ប្រទេស​កម្ពុជា បាន​ដឹក​រថ​យន្ត​៤គ្រឿង​សម្រាប់​បាញ់​កាំ​ជ្រួច​មីស៊ីល​របស់​ចិន ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង​កាល​ពី​ឆ្នាំ​ទៅ។

រថយន្តដឹកមីស៊ីលរបស់កូរ៉េខាងជើងបង្ហាញក្នុងព្យុះហយាត្រាថ្មីៗនេះ

រថយន្តដឹកមីស៊ីលរបស់កូរ៉េខាងជើងបង្ហាញក្នុងព្យុះហយាត្រាថ្មីៗនេះ

តាម​ Asahi Shimbun ដែល​យោង​ទៅ​លើ​ប្រភព​ផ្សេងៗ នៃ​រដ្ឋាភិបាល ជប៉ុន អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​រាយ​ការណ៍​ថា ផ្កាយ​រណប​ឈ្លប​យក​ការណ៍​របស់​សម្ព័ន្ធ​មិត្ត​ទាំង​បី​នេះ បាន​តាមដាន​ថត​ការ​ដឹក​ជញ្ជូន​យានយន្ត​ទាំង​៤គ្រឿង​សម្រាប់​បាញ់​កាំជ្រួច​មីស៊ីល​នៅ​លើ​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​ឈ្មោះ Harmony Wish ដែល​ចុះ​បញ្ជី​នៅ​ប្រទេស​កម្ពុជា បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​កំពង់ផៃ​សៀងហៃ​ប្រទេស​ចិន​នៅ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ២០១១ ហើយ​បាន​ទៅ​ដល់ Nampho នៅ​ឆ្នេរ​សមុទ្រ​ខាង​លិច​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​ដដែល។ ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន តូក្យូ និង​សេអ៊ូល មិន​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​រឿង​នេះ​ទេ ដោយ​សង្ឃឹម​ថា ប្រទេស​ចិន​នឹង​ដាក់​គំនាប​ទៅ​លើ​កូរ៉េ​ខាង​ជើង ដើម្បី​បញ្ចុះ​បញ្ចូល​ប្រទេស​នេះ​ឲ្យ​សុខ​ចិត្ត​ចូល​រួម​តុ​ចរចា​ឡើង​វិញ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ និង​លះបង់​ការ​ពិសោធន៍​សាកល្បង​កាំជ្រួច​នុយ​ក្លេអ៊ែរ​លើក​ទី៣​របស់​កូរ៉េ​ខាង​ជើង​នោះ។

សូម​រំលឹក​ថា នៅ​ឆ្នាំ​២០០៦ និង​២០០៩ អង្គការ​សហ​ប្រជាជាតិ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ចំនួន​ពីរ​លើក​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​ប្រទេស​នេះ​បាន​ពិសោធ​សាកល្បង​កាំជ្រួច​មីស៊ីល​របស់​ខ្លួន។ សេចក្តី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ គឺ​ហាម​មិន​ឲ្យ​ផ្ទេរ​សព្វាវុធ​ធុនធ្ងន់​ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង រួម​ទាំង​បច្ចេកវិទ្យា​ណា​ដែល​អាច​ផ្សំ​ជា​ធាតុ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន ព្រម​ទាំង​សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​ជាប់​ទាក់​ទង​នឹង​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ៕

What Next?

Recent Articles