មេ​ដឹកនាំ​សហជីព​កម្មករ​ព្រមាន​​ធ្វើ​កូដកម្ម​បើសិន​ជា​ការ​ចរចា​មិន​ត្រូវ​គ្នា​នៅ​សប្តាហ៍​ក្រោយ​

ថ្ងៃ ចន្ទ 02 កក្កដា 2012
ដោយ លី ម៉េងហួរ
RFI

ប្រធាន​​សហជីព​​សេរី​​កម្មករ​នៃ​​ព្រះរាជា​ណាចក្រ​​កម្ពុជា​ លោក​ ជា ​មុនី ​បាន​​ប្រជុំ​ផ្សព្វផ្សាយ​​គម្រោង​​ធ្វើ​​មហា​​កូដកម្ម​​អហិង្សា​​ដ៏​​ធំ​​មួយ​នៅ​​ខែ​​សីហា​​ខាង​មុខ​។​ តាម​​លោក​​ ជា ​​មុនី​ កូដកម្ម​​ដ៏​​ធំ​​នោះ​នឹង​​ធ្វើ​​ឡើង​​ទូទាំង​ប្រទេស​តាម​​ការ​គ្រោង​ទុក​បើ​សិន​ជា​​ការ​ចរចា​ដំឡើងប្រាក់​​បន្ទាប់​បន្សំ​​ដល់​​កម្មករ​ដូច​ជា​ថ្លៃ​ឈ្នួល​​ឡាន​និង​​ថ្លៃ​​ស្នាក់​នៅ ​។​​ល​។ និង​។​ល​។​ នៅ​​ថ្ងៃ​​ទី​​១១​​កក្កដា​​ខាង​​មុខ​មិន​​ត្រូវ​រ៉ូវ​​គ្នា​។​ កិច្ច​ប្រជុំ​​នៅ​​ថ្ងៃ​ទី​​១១​​កក្កដា​នឹង​​ធ្វើ​ឡើង​ក្នុង​នាម​​ក្រុម​ប្រឹក្សា​​ការ​ងារ​ដែល​​មាន​​ការ​ចូល​រួម​​ពី​​តំណាង​​រដ្ឋាភិបាល​ដឹកនាំ​​ដោយ​​ក្រសួង​​ការងារ​សហជីព​​តំណាង​​កម្មករ​និង​​ភាគី​​ថៅកែ​​រោងចក្រ​​កាត់ដេរ​​។

លោក ជា មុនី ប្រធាន​សហជីពសេរិកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា​ផ្សព្វផ្សាយ​គម្រោង​មហាបាតុកម្មអហិង្សាមួយ​នៅខែសីហា​ខាងមុខ

លោក ជា មុនី ប្រធាន​សហជីពសេរិកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា​ផ្សព្វផ្សាយ​គម្រោង​មហាបាតុកម្មអហិង្សាមួយ​នៅខែសីហា​ខាងមុខ
RFI/Ly Meng Hour

សេចក្តីរាយ​ការណ៍​របស់​​ លី ម៉េងហួរ

(02:47)

កិចច្ចប្រជុំ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ត្រូវបាន​ធ្វើឡើង ក្នុង​ក្របខណ្ឌ​សហជីព​សេរី​កម្មករ​របស់​លោក ជា មុនី ជាមួយ​សមាជិក​មកពី​បណ្ដា​រោងចក្រ ដែល​តំណាង​ឲ្យ​កម្មក​រកាត់​ដេរ​ជាង ១០​ម៉ឺន​នាក់​។

កិច្ចប្រជុំ បាន​សម្រេច​ថា កូដកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំង​ប្រទេស នឹង​ធ្វើឡើង ប្រសិន​បើ​កិច្ច​ប្រជុំ​​ចរចា​ត្រីភាគីនៅ​ថ្ងៃ​ទី​១១​កក្កដា សប្តាហ៍​ក្រោយ រវាង​ក្រសួង​ការងារ សហជីព​តំណាង​កម្មករ និង​សមាគម​តំណាង​រោងចក្រ​កាត់ដេរ ចរចា​មិន​ត្រូវរ៉ូវ​គ្នា​។

​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឲ្យដឹងថាការ​សម្រេច​​ចិត្ត​ ​របស់​សហជីព​សេរី​កម្មករ ក្នុង​ការដឹកនាំ​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ខែ​សីហា បាន​ធ្វើឡើង បន្ទាប់​ពី​សហជីព​ធ្វើលិខិត​ជាច្រើន ចាប់តាំងពី​ឆ្នាំ​២០១១ ដាក់​ទៅ​កាន់​សមាគម​រោងចក្រ​កាត់ដេរ និង​ដាក់​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី មិន​មាន​ការឆ្លើយតប​។ នោះ​គឺ​ការស្នើ​សុំ​​ដំឡើង​​ប្រាក់​បន្ទាប់បន្សំ ដល់​កម្មករ​កាត់ដេរ ដូចជាប្រាក់​ធ្វើដំណើរនិង​ថ្លៃឈ្នួល​ផ្ទះចំនួន ១០​​ដុល្លារ ព្រមទាំង​ប្រាក់រង្វាន់​ការងារ​ទៀងទាត់​ចំនួន ១០​ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​កម្មករ​កាត់ដេ​រ ជាដើម​។​

 

​សំណើ​ទាំងនេះ ក៏​នឹង​ត្រូវ​លើកឡើង ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ដែល​ជា​យន្តការ​ដោះស្រាយ​ទំនាស់​ត្រីភាគីនឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១១ខែកក្កដា ខាងមុខ​។ ​លោក​​ជា​មុនី​ អះអាងថា បើសិន​ជា​យន្តការ​ដោះស្រាយ​ទំនាស់​ត្រីភាគី ដែល​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​១១​កក្កដា សប្តាហ៍​ក្រោយ មិន​បាន​ជោគជ័យ តាម​ការស្នើសុំ​របស់​ស​ហ​ជី​ពក​ម្មករ​ទេ គឺ​លោក​នឹង​ដឹកនាំ ធ្វើ​មហា​កូដកម្ម​ទូទាំងប្រទេស​។
 
​យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​ត្រីភាគី នៅ​ថ្ងៃ​១១​កក្កដា​ខាង​មុខ ត្រូវបាន​លោក ជា​មុនី ឲ្យ​ដឹង​ថា លោក​មិនមែន​ជា​សមាជិក​នៃ​កិច្ចប្រជុំ​នោះ​ទេ​។ តែ​លោក​រង់ចាំ​ការកោះប្រជុំ ដើម្បី​ចូលរួម អង្គុយ​ចរចា​លើ​ការ​ដំឡើង​​ប្រាក់កម្រៃដល់​កម្មករ​កាត់ដេរ​។ ​កម្មករ​កាត់ដេរ នៅ​កម្ពុជា បច្ចុប្បន្ន មាន​ជាង ៤៧ ម៉ឺន​នាក់​។ ចំណែក​ប្រាក់ខែ​គោល របស់​កម្មករ​កាត់ដេ​រ​ម្នាក់ ទទួលបាន ៦១ ដុល្លារ​។ ប្រាក់ខែ​របស់​កម្មករ​កាត់ដេរ ដែល​ភាគច្រើន​ជា​ស្ត្រី មិន​អាច​ចំណាយ​គ្រប់គ្រាន់ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ឡើយ​។​
 
​ពាក់ព័ន្ធ​បញ្ហា​កម្មករ នៅ​ថ្ងៃ​ចន្ទ​នេះ យ៉ាងហោចណាស់ មាន​កម្មករ​កាត់ដេរ ៣ រោងចក្រ នៅ ផ្លូវជាតិ​លេខ ៣ និង​ផ្លូវជាតិ​លេខ ៤ ក្នុង​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​កូដកម្ម​តវ៉ា​។ ក្រសួង​ការងារ បាន​តម្រូវឲ្យ​កម្មករ​ស្ងប់​ស្ងាត់ និង​ចូល​ធ្វើការ​ឡើង​វិញ ហើយ​រង់ចាំ​កិច្ចប្រជុំ​ចរចា នៅ​ថ្ងៃ​១១​កក្កដា​។ ក៏​ប៉ុន្តែ​លោក​ជា​មុនី អះអាងថា កម្មករ​ទាំង ៣ រោងចក្រ​កាត់ដេរ ធ្វើ​កូដកម្ម​នោះ មិនមែន​តវ៉ា​រឿង​ដំឡើង​​ប្រាក់​បន្ទាប់បន្សំ​ទេ តែ​ជា​ការតវ៉ា ប្រឆាំង​នឹង​ថៅកែ​រោងចក្រ ដែល​បញ្ឈប់​ការងារ តំណាង​កម្មករ​ប៉ុណ្ណោះ​៕

———————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles