ថ្ងៃ អាទិត្យ 01 កក្កដា 2012
ដោយ គី សុខលីម
RFI
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅថ្ងៃអាទិត្យនេះថា កំណែទម្រង់របស់លោកលើវិស័យជលផលបានធ្វើអោយចំនួនត្រីមានកំណើនឡើងវិញ។ ព្រមពេលជាមួយគ្នា លោកប្រមុខរាជរដ្ឋាភិបាលអំពាវនាវអោយប្រជាពលរដ្ឋរាយការណ៍ពីជនខិលខូច ឬមន្ត្រីខិលខូច ដែលបំផ្លាញធនធានជលផល។

ឡូតិ៍នេសាទទាំងអស់នៅទូទាំងប្រទេសត្រូវរដ្ឋាភិបាលលុបចោល ដើម្បីយកដែននេសាទឲ្យប្រជាពលរដ្ឋ
© សុវណ្ណារ៉ា/RFI
«ចំនួនត្រីមានការកើនឡើងវិញ»។ នេះគឺជាការប្រកាសអោយដឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះពីខេត្តកំពង់ចាម ទីដែលលោកធ្វើជាអធិបតីទិវាមច្ឆាជាតិថ្ងៃទី១ខែកក្កដាឆ្នាំ២០១២។
ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីត្រូវបានគេមើលឃើញថាគឺជាប្រកាសការការពារនូវនយោបាយកំណែទម្រង់វិស័យជលផលរបស់លោកកាលពីខែមីនាកន្លងមក។ នៅពេលនោះ លោកប្រមុខរាជរដ្ឋាភិបាលបានប្រកាសកំណែទម្រង់វិស័យជលផលស៊ីជម្រៅដោយកាត់ឡូតិ៍នេសាទទាំងអស់នៅទូទាំងប្រទេស ពីថៅកែឡូតិ៍ទៅអោយប្រជានេសាទជាអ្នកគ្រប់គ្រងវិញ។
នៅចំពោះមុខអ្នកចូលរួមច្រើនពាន់នាក់នៅក្នុងខេត្តកំពង់ចាមនៅថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបញ្ជាក់សាជាថ្មីម្តងទៀតថា ឡូតិ៍នេសាទទាំងអស់ត្រូវតែលុបចោល។ គ្មានទៀតឡើយម្ចាស់ឡូតិ៍នេសាទ។ ដែននេសាទគឺជារបស់ប្រជានេសាទនិងជារបស់សហគមន៍នេសាទ។ ត្រង់ចំណុចនេះ លោក ហ៊ុន សែន បានបញ្ជាក់ប្រាប់ថា ដែនទឹកនេសាទ៧៦,៥% ត្រូវកាន់កាប់ដោយប្រជានេសាទ ហើយដែនទឹក២៣,៥%ត្រូវរក្សាទុកជាតំបន់អភិរក្សមច្ឆាជាតិ។
ដែនទឹកនេសាទមួយភាគធំត្រូវប្រគល់ជូនប្រជានេសាទមែន ប៉ុន្តែលោកប្រមុខរាជរដ្ឋាភិបាលបានសំណូមពរដល់ប្រជាពលរដ្ឋកុំអោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ កុំកាប់ព្រៃលិចទឹក។ កុំចាប់ត្រីនៅក្នុងរដូវត្រីពង។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តីអំពាវនាវដល់ប្រជាពលរដ្ឋអោយរាយការណ៍ពីទង្វើអាក្រក់របស់ជនទុច្ចរិតនិងមន្ត្រីខិលខូចមួយចំនួនដែលសមគំនិតបំផ្លាញវិស័យជលផល។ មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តីព្រមានថា ជនខិលខូចអាចប្រឈមនឹងការប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។
សូមបញ្ជាក់ថា បើទោះបីជាលោកនាយករដ្ឋមន្រ្តីប្រកាសការពារពីកំណើនត្រីក្រោយកំណែទម្រង់របស់លោកយ៉ាងណាក៏ដោយក្តី ក៏សហគមន៍នេសាទនិងម្ចាស់ឡូតិ៍នេសាទមួយចំនួនធ្លាប់បាននិយាយថា ទិន្នផលនេសាទអាចនឹងហិនហោចទៅវិញ ពីព្រោះថា ក្រោយកំណែទម្រង់ ឈ្មួញនេសាទមួយចំនួនបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដើម្បីចាប់ត្រីយ៉ាងអនាធិបតេយ្យ៕
———————————————



plz remove Mr. chan sarun from the post ..