ដោយ សេក បណ្ឌិត
2012-07-01
វិទ្យុអាស៊ីសេរី
ប្រជាសហគមន៍នៅខេត្តកោះកុង បានចាប់ផ្ដើមឲ្យតម្លៃកាន់តែខ្លាំងទៅលើការអភិរក្សព្រៃកោងកាង និងសកម្មភាពក្នុងការចូលរួមដាំដើមឈើនេះឡើងវិញ នៅតាមកន្លែងបាត់បង់ដោយសារមានអ្នកកាប់បំផ្លាញកន្លងមក។

១៣-មេសា-២០១២៖ អ្នកទេសចរជិះទូកទស្សនាសម្រស់ព្រៃកោងកាង នៅឃុំពាមក្រសោប ខេត្តកោះកុង។
RFA/Sek Bandith
តើដើមកោងកាងមានអត្ថប្រយោជន៍យ៉ាងណាខ្លះ?
កោងកាងជាប្រភេទរុក្ខជាតិសមុទ្រមួយប្រភេទ ដែលដុះនៅតាមបណ្ដោយឆ្នេរមានភាក់ល្បាប់ មានទឹកប្រៃជោរនាច ហើយធន់នឹងកំហាប់អំបិលខ្ពស់។
កាលពីអំឡុងទសវត្សឆ្នាំ ១៩៩០ ព្រៃដើមកោងកាង រងការកាប់យកទៅធ្វើធ្យូង និងវាទយកដីយ៉ាងធ្ងន់ធ្ងរស្ទើរតែផុតពូជ។
ប៉ុន្តែបច្ចុប្បន្ន ពលរដ្ឋភាគច្រើនជាពិសេសប្រជានេសាទ បានយល់ដឹងពីសារប្រយោជន៍របស់វា និងបានយកចិត្តទុកដាក់ការពារយ៉ាងម៉ត់ចត់ និងមានផែនការដាំដុះឡើងវិញជាបន្តបន្ទាប់។ កោងកាងជារុក្ខជាតិពណ៌បៃតង និងមានឫសច្រើនបែកចេញសាខា។
បុរសអ្នកនេសាទម្នាក់រស់នៅ ឃុំពាមក្រសោប ខេត្តកោះកុង លោក ជូ ឆឹក បានឲ្យដឹងថា ព្រៃកោងកាងមិនត្រឹមតែមានប្រយោជន៍សម្រាប់មនុស្សទេ សូម្បីតែសត្វក៏ត្រូវពឹងផ្អែកលើវាដែរ។
ដូចជាជម្រកត្រី ខ្ចង ក្ដាមគ្រប់ប្រភេទរស់នៅ និងជាជម្រកពងកូនយ៉ាងសំខាន់។
ក្រៅពីនេះដើមកោងកាងជារបាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលក់សមុទ្រ មិនឲ្យបោកបក់បំផ្លាញដំណាំ និងផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឆ្នេរសមុទ្រនោះ។
ស្ត្រីអ្នកនេសាទក្ដាមម្នាក់ទៀត ឈ្មោះ ប៉ែន មុំ មានវ័យជិត ៣០ឆ្នាំ រស់នៅសហគមន៍ព្រៃកោងកាងក្នុងឃុំពាមក្រសោប។ លោកស្រីបានធំដឹងក្តីនៅតំបន់ព្រៃកោងកាង និងធ្លាប់បានអាស្រ័យផលពីព្រៃនេះជាច្រើនឆ្នាំមកហើយ។
ស្ត្រីរូបនេះរៀបរាប់ឲ្យដឹងពីសារប្រយោជន៍កោងកាងនោះដែរថា គេអាចប្រើវាជាឱសថបុរាណសម្រាប់ព្យាបាល រោគដល់មនុស្ស និងសត្វចិញ្ចឹមបានយ៉ាងសក្ដិសិទ្ធិទៀតផង។
ជាងនេះទៅទៀតសំបកវាគេអាចប្រើសម្រាប់បន្សាបជាតិប្រៃនៃទឹកសមុទ្រអាចឲ្យផឹកទឹកបានម្ដងម្កាល។
ទាក់ទងនឹងអត្ថប្រយោជន៍នៃព្រៃកោងកាងនេះដែរ អនុប្រធានសហគមន៍តំបន់ការពារធនធានធម្មជាតិ ឃុំពាមក្រសោប ខេត្តកោះកុង លោក យ៉ែម យ៉ាន បានឲ្យដឹងដែរថា ដើមកោងកាងអាចដុះលូតលាស់បាននៅតំបន់ឆ្នេរ ហើយបើតំបន់ណា ដែលមិនមានទឹកសមុទ្រជោរនាចទៅដល់គ្រប់គ្រាន់ ឬទៀងទាត់នោះ រុក្ខជាតិនេះមិនអាចដុះលូតលាស់បានទេ។
លោកបន្តថា ព្រៃកោងកាងមានសារប្រយោជន៍សំខាន់ ៣ យ៉ាង គឺសេដ្ឋកិច្ចការប្រើប្រាស់និងបរិស្ថានធម្មជាតិល្អ។
ព្រៃកោងកាងអាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលអាចរក្សាការពារតម្លៃនៃធនធានធម្មជាតិឲ្យមាននិរន្តរភាព បង្ហាញអំពីគុណតម្លៃនៃព្រៃកោងកាងដល់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញឲ្យមានការចូលរួមការពារ បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដោយអាចទាញយកប្រាក់ចំណូលបានតាមរយៈភ្ញៀវទេសចរ ដែលចូលមកទស្សនាកម្សាន្តនៅតំបន់ព្រៃកោងកាងនោះ។
យុវជនឈ្មោះ ស៊ី ថេរ អាយុ ២៣ឆ្នាំ ជាភ្ញៀវទេសចរម្នាក់ មកពីខេត្តបន្ទាយមានជ័យ ដែលមកលេងខេត្តកោះកុង បានចាប់អារម្មណ៍នឹងសម្រស់ព្រៃកោងកាងនេះដែរថា ព្រៃកោងកាងជាកេរដំណែលធម្មជាតិរបស់ប្រទេសកម្ពុជា។
លោកបន្តថា បើគេអភិវឌ្ឍវាកាន់តែច្រើន ជីវភាពរបស់ពលរដ្ឋ និងប្រទេសជាតិក៏កាន់តែរីកចំរើនដែរ។
បច្ចុប្បន្ន តំបន់ព្រៃកោងកាងនៅខេត្តកោះកុងមានប្រមាណមួយម៉ឺនហិកតារ។ ចាប់តាំងពីឆ្នាំ ២០០១ មក អាជ្ញាធរ ប្រជាពលរដ្ឋ ដោយមានការឧបត្ថម្ភពីអង្គការជាតិ និងអន្តរជាតិ គេបានដាំព្រៃកោងកាង នៅកន្លែងដែលខូចខាត ឬបាត់បង់នោះឡើងវិញ បានប្រមាណជិត ២ រយហិកតារក្នុងរយៈពេលប្រមាណ ១០ ឆ្នាំ កន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។