ដោយ រដ្ឋា វីសាល
2012-07-01
វិទ្យុអាស៊ីសេរី
ក្រុមអាជីវករលក់ដូរនៅជុំវិញបរិវេណផ្សារក្រុងស្ទឹងត្រែង អំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយទុក្ខលំបាករបស់ពួកគាត់ ដែលបាត់បង់ទីតាំងលក់ដូរដោយសារតែអ្នកគ្រប់គ្រងផ្សារ ប្រើអំណាចបង្ខំឲ្យអាជីវករបង់ប្រាក់ទីតាំងលក់ដូរលើសការកំណត់។
ក្រុមអាជីករអះអាងថា បានដាក់ពាក្យសុំអន្តរាគមន៍ជូនអាជ្ញាធរក្រុងច្រើនលើកហើយ ប៉ុន្តែមិនឃើញមានដំណោះស្រាយបញ្ឈប់សកម្មភាពរំលោភសិទ្ធិអាជីវករបាននៅឡើយទេ។
ក្រុមអ្នកលក់នំចំណីនៅក្រៅបរិវេណផ្សារក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃអាទិត្យទី១ ខែកក្កដា ឆ្នាំ ២០១២ ចោទប្រកាន់អ្នកគ្រប់គ្រងផ្សារថា បានគាបសង្កត់ និងបណ្ដេញអ្នកលក់ដូរ មិនឲ្យលក់ ប្រសិនអាជីវករណាមួយមិនព្រមបង់ប្រាក់ទីតាំងលក់ដូរតាមការកំណត់ទៅឲ្យបុគ្គលិកផ្សារ។
អ្នកលក់ទឹកអំពៅ ឈ្មោះ ថៃ ថន មានប្រសាសន៍បញ្ជាក់ថា ពួកគាត់មានរទេះរុញធុងលក់ទឹកអំពៅ លក់នៅក្រៅបរិវេណផ្សារ។ ក៏ប៉ុន្តែ ក្រុមបុគ្គលិកផ្សារបានតម្រូវឲ្យគាត់បង់ប្រាក់ទីតាំង ៥ ម៉ឺនរៀលក្នុងមួយខែ បង់ថ្លៃភាស៊ី ៥០០រៀល និងថ្លៃអនាម័យ ២០០ រៀល ក្នុងមួយថ្ងៃថែមទៀត។
គាត់បន្តថា នៅរដូវវស្សាភ្លៀងធ្លាក់ច្រើន ក្រុមអ្នកលក់ដូរលក់មិនដាច់។ ហេតុនេះ អ្នកលក់ដូរសុំឲ្យបុគ្គលិកផ្សារបន្ថយតម្លៃទីតាំងត្រឹម ២ ម៉ឺនរៀលប្រចាំខែ។ ក៏ប៉ុន្តែបុគ្គលិកផ្សារមិនយល់ព្រម និងគាបសង្កត់ចាប់យករទេះធុងទឹកអំពៅ ហើយបណ្ដេញពួកគាត់មិនឲ្យលក់នៅទីតាំងនោះបានតទៅទៀត។
អ្នកលក់ទឹកអំពៅ ថៃ ថន៖ «តាមចិញ្ចើមផ្លូវក្បែរខឿនផ្សាររបស់គាត់ៗ ពុះប្លង់លក់ក្នុងមួយកន្លែងមាន ១០ ម៉ឺនរៀល មាន ៥ ម៉ឺនរៀល ៧ ម៉ឺនរៀល ៨ ម៉ឺនរៀល រួចហើយបង់ខែឲ្យគាត់ផ្សេងទៀត មានចាប់តាំងពី ១ ម៉ឺនដល់ ៨ ម៉ឺនរៀលភាស៊ីហ្នឹង។ អនាម័យ គឺគាត់យកតាមធម្មតារាល់ថ្ងៃ។ បើសិនគាត់តវ៉ាទៅគេមិនឲ្យគាត់លក់តាមចិញ្ចើមផ្លូវតទៅទៀត»។
ដូចគ្នានេះដែរ ស្ត្រីអ្នកលក់ទឹកអំពៅម្នាក់ទៀតឈ្មោះ សេង សុខណា ឲ្យដឹងដែរថា ពួកគាត់កំពុងបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ដោយសារគ្មានទីតាំងលក់ដូរ ហើយពាក្យប្ដឹងតវ៉ារបស់គាត់ទៅអាជ្ញាធរក្រុង មិនទាន់ឃើញមានដំណោះស្រាយយ៉ាងណានៅឡើយ។
លោកស្រី សេង សុខណា៖ «យើងទៅលក់បានត្រឹមតែ ១ ម៉ឺន ២ ម៉ឺន គ្រាន់តែចិញ្ចឹមឆ្នាំងបាយ។ តែដល់គាត់កំរិតលើសកំរិតអ៊ីចឹង ពួកខ្ញុំរត់មិនរួច។ ខ្ញុំក៏ចង់ឲ្យបានឮ ហើយក៏ខ្ញុំសុំអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន សុំឲ្យលោកជួយរកយុត្តិធម៌ដល់ប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែងផង»។
ប្រធានផ្សារស្ទឹងត្រែង លោក សែ ម៉េងគា បដិសេធថា លោកមិនបានគាបសង្កត់អ្វីមកលើក្រុមអាជីវករនោះទេ។ ប៉ុន្តែ ក្រុមអាជីវករបានលក់ដូរនៅក្រៅបរិវេណផ្សារ ហើយចោលកាកសំណល់នៅទីនោះ។ ហេតុនេះបុគ្គលិកផ្សារជាអ្នករៀបចំអនាម័យ ដឹកជញ្ជូនកាកសំណល់ត្រូវចំណាយប្រាក់ឈ្នួលលើកម្មករ។ ដូច្នេះ ក្រុមអាជីវករអ្នកលក់ដូរត្រូវតែបង់ប្រាក់សំរាប់សេវាកម្មសំអាតទីតាំងលក់ដូរនោះ។
លោក សែ ម៉េងគា៖ «ឲ្យតែចប់ឆ្នាំ ២០១២ នេះខ្ញុំសាររោងហើយ។ ខ្ញុំនៅមិនកើតទេ។ យើងប្រមូលចំណូលមិនបានហើយ មានការប៉ះទង្គិចពាក្យសំដី។ បើនិយាយឲ្យចំទៅ គាត់មិនបានយល់ពីសន្តានចិត្តរបស់យើង។ គាត់ដឹងតែចាប់យើងទេ»។
បុគ្គលិកផ្នែកអង្កេតសមាគម អាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល បានបញ្ជាក់ថា សមាគមលោក បានជួយអន្តរាគមន៍ពាក្យប្ដឹងរបស់ក្រុមអាជីវករជូនសាលាក្រុងស្ទឹងត្រែង ដើម្បីជួយដោះស្រាយសំណើរបស់អាជីវករ។ ប៉ុន្តែ លោកមិនបានដឹងថា តើអាជ្ញាធរក្រុងចាត់វិធានការបែបណានោះទេ។
លោកកត់សំគាល់ថា ជំលោះបានកើតមានច្រើនករណីរវាងបុគ្គលិកផ្សារ និងក្រុមអាជីវករ។ ហេតុនេះ លោកសំណូមពរសុំឲ្យអាជ្ញាធរខេត្ត ធ្វើការត្រួតពិនិត្យករណីនេះ។
លោក ហូ សំអុល៖ «យើងចង់ឲ្យគេពិនិត្យមើលទៅលើបុគ្គលជាប្រធានផ្សារហ្នឹង ព្រោះជារឿយៗ ប្រជាពលរដ្ឋច្រើនមកត្អូញត្អែរកន្លែងខ្ញុំថា មានការគាបសង្កត់ពីសំណាក់ប្រធានផ្សារថ្មី»។
អភិបាលរងក្រុងស្ទឹងត្រែង លោក កៅ ធឿម ទទួលស្គាល់ថា មានក្រុមអាជីវករច្រើននាក់បានប្ដឹងមកសាលាក្រុងស្ដីពីការគាបសង្កត់ និងទារប្រាក់ខុសគោលការណ៍របស់អ្នកគ្រប់គ្រងផ្សារ។
លោកបន្តថា ប្រធានផ្សារមិនទទួលយកការសម្របសម្រួលរបស់អាជ្ញាធរក្រុងទេ ហើយអាជ្ញាធរក្រុងមានសិទ្ធិតិចតួចលើការងារគ្រប់គ្រងទីផ្សារនេះ។
លោក កៅ ធឿម៖ «ក្រុងក៏បានហៅប្រធានផ្សារហ្នឹងមកសម្របសម្រួលដែរ ធ្វើម៉េចអនុវត្តតាមសៀវភៅបន្ទុកទៅ។ គាបសង្កត់ប្រជាពលរដ្ឋវាខូចគោលនយោបាយ។ខ្ញុំឈ្លោះគ្នាច្រើនដងហើយ ជាមួយប្រធានផ្សារហ្នឹង មិនត្រឹមតែយកថ្លៃទេ យករបស់របរគេទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សូផាត ដើម្បីអធិប្បាយពីបញ្ហាជំលោះនៅផ្សារក្រុងស្ទឹងត្រែងនេះបានទេ នៅថ្ងៃអាទិត្យទី១ ខែកក្កដានេះ។
ផ្សារស្ទឹងត្រែង មានទំហំមួយគីឡូម៉ែត្រក្រឡា ជាផ្សារមានទំហំតូច។ ច្រើនឆ្នាំមកនេះ ជំលោះទាក់ទិនទីតាំងលក់ដូរនេះ បានកើតមានជាបន្តបន្ទាប់ ជាពិសេសការលក់ដូរលើទ្រូងថ្នល់ជុំវិញផ្សារបានបង្កហើយមានបញ្ហាចោលកាកសំណល់ស្អុយរលួយ ខ្វះអនាម័យ និងបញ្ហាបរិស្ថាន។
រហូតមកដល់បច្ចុប្បន្ន ក្រុមអាជីវករមួយចំនួនបានយកដីសួននៅខាងមុខផ្សារបង្កើតជាផ្សារតូចមួយទីតាំងទៀត ដើម្បីលក់ដូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។