ថ្ងៃទី 2 កក្កដា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: កិច្ចប្រជុំឧត្តមមន្ត្រីថាមពលអាស៊ាន លើកទី៣០ ចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ ធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណា រៀបចំដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា រួមសហការដោយអគ្គលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលថាមពលអាស៊ាន។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ជា សេងហុង រដ្ឋលេខាធិការក្រសួងថាមពល រ៉ែ និងថាមពល។
កិច្ចប្រជុំរយៈពេល ៥ ថ្ងៃនេះ មានការចូលរួមពីបណ្ដាប្រទេសសមាជិកអាស៊ាន និងមានដៃពិភាក្សារួមមាន ៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ដ្រាលី ឥណ្ឌា ណូវែលហ្សឺឡង់ រុស្ស៊ី អាមេរិក សហភាពអឺរ៉ុប ទីភ្នាក់ងារថាមពលអាស៊ាន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា។
កិច្ចប្រជុំលើកទី៣០នេះ នឹងពិភាក្សាផ្តោតសំខាន់ទៅលើសន្តិសុខក្នុងតំបន់ ថាមពលប៉ៃតងក្នុងបរិបទបម្រែបម្រួលអាកាសធាតុ និងការអនុវត្តផែនការសកម្មភាពអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការថាមពលអាស៊ាន ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ ក្នុងនោះរួមមាន : បណ្ដាញថាមពលអាស៊ាន ការតភ្ជាប់បំពង់ឧស្ម័នអាស៊ាន បច្ចេកវិទ្យាធ្យូងថ្មស្អាត ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពនិងការអភិរក្សថាមពល គោលនយោបាយ និងការកសាងផែនការថាមពលតំបន់ និងថាមពលនុយក្លេអ៊ែរស៊ីវិល។
លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីថាមពលនេះ នឹងត្រូវដាក់ឆ្លងបន្តនៅឯសម័យប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣០ ដែលនឹងគ្រោងធ្វើក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១២ ខាងមុខ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា៕


