លោក​ទូត​អាមេ​រិ​ក​គ្រោង​ជួប​ជាមួយ​សម្តេច​ហ៊ុនសែន មុន​ការមកដល់់​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​

ថ្ងៃទី 2 កក្កដា 2012
ដោយ: គ្រីទិច
CEN

ភ្នំពេញ: លោក​អគ្គរដ្ឋទូត​អាមេរិក​ គ្រោង​នឹង​ជួប​ជាមួយ​សម្តេច​តេ​ជោ​ ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃស្អែក​ខាងមុខនេះ​ ដើម្បី​ណែនាំ​ខ្លួន​លោក​ដែល​បានមក​ធ្វើជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​

​លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​គេ​រំពឹងថា នឹង​សម្តែង​ការគាំទ្រ​របស់លោក​ចំពោះ​កម្ពុជា ក្នុងនាម​អាស៊ាន និង​ពិភាក្សា​ទៅលើ​បញ្ហា​មួយចំនួន​ដែល​ទាក់ទង​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន នៅពេល​ខាងមុខនេះ​។​

​នៅក្នុង​អត្ថបទ​ប្រចាំ​សប្តាហ៍​របស់លោក​ជាមួយ​វេ​ប​សាយ CEN លោក វីលៀម និយាយថា យើង​មាន​កិត្តិយស​សូម​គាំទ្រ​ប្រទេស​កម្ពុជា ក្នុងការ​ដើរតួនាទី​ជា​ប្រធាន នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ហើយ​យើង​រំពឹង​ដោយ​រីករាយ​ដល់​ការមកដល់​ក្នុងពេល​ខាងមុខនេះ របស់លោក​ស្រី Clinton រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ក្នុង​វេទិកា​តំបន់​អាស៊ាន​នៅ​ថ្ងៃទី​១២ ខែកក្កដា​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា លោកស្រី​រដ្ឋមន្ត្រី Clinton ក៏​នឹងចូលរួម​ផងដែរ​ក្នុង​ពិធី​ចំនួន​ពីរ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នៅ​ខេត្តសៀមរាប​។ ពិធី​ទីមួយ​គឺ​ការពិភាក្សា​លើ​គោលនយោបាយ​ផ្តល់ សិទ្ធិអំណាច​សំរាប់​ស្ត្រី និង​សមភាព​ជេន​ឌ័​រ​ក្នុង​គំរោង​ស្តីពី​គំនិត​ផ្តួចផ្តើម​អនុតំបន់ ទន្លេមេគង្គ ដែល​នឹងមាន​ការចូលរួម​នៃ​មេដឹកនាំ​មកពី​ទូទាំង តំបន់ ដើម្បី​ចែករំលែក​ការអនុវត្ត​ល្អៗ​ក្នុងការ​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី និង​កុមារី​។ ពិធី​ទី ២ គឺ​វេទិកា​ជំនួញ​អាមេរិក អាស៊ាន ដែល​នឹងមាន​ការចូលរួម​រប​ស់មេ​ដឹកនាំ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​របស់​ប្រទេស​អាស៊ាន និង​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​និង​ដោះស្រាយ​ឱកាស និង​បញ្ហា​ប្រឈម ដែល​នឹង​កំណត់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅពេល អនាគត​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​។ ពេលនេះ​ពិតជា​ពេល​គួរ​ឲ្យ​រំភើប​សំរាប់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សហរដ្ឋអាមេរិក​មាន​មោទនភាព​ក្នុងការ​មាន​ចំណែក​មួយ​ក្នុង​រឿងនេះ​។​

​លោក​ទូត​ក៏បាន​និយាយ​ផងដែរ​ថា អ្នក​តវ៉ា​នៅ​បឹងកក់​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​សប្តាហ៍​មុន​។ យើង​ចាត់ទុក​ការដោះលែង​នេះ​ថា ជា​សញ្ញា​វិជ្ជមាន​មួយ នៃ​ការគាំទ្រ​សេរីភាព ក្នុងការ​បញ្ចេញមតិ និង​នីតិរដ្ឋ ហើយ​យើង​សង្ឃឹមថា ទៅ​អនាគត​ជម្លោះដីធ្លី​បែបនេះ នឹង​ត្រូវបាន​ដោះស្រាយ​តាម​លក្ខណៈ​ឯករាជ្យ និង​តម្លាភាព ដែល​សាធារណជន អាច​យល់បាន​ច្បាស់​៕​

What Next?

Recent Articles