សង្គម​ស៊ីវិល​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

ដោយ ទេព សុរ៉ាវី
2012-07-02
​វិទ្យុ​អាស៊ីសេរី

អ្នក​សម្របសម្រួល​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Asia Pacific) នៃ​សម្ព័ន្ធ​អង្គការ​អន្តរជាតិ​សម្រាប់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ប្រធាន​អាស៊ាន បន្ត​គាំទ្រ និង​ផ្សព្វផ្សាយ​បន្ត​ដល់​សមាជិក​ឲ្យ​គាំទ្រ​នូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court)។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ទិវា​ប្រារព្ធ​ខួប ១០​ឆ្នាំ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ទិវា​ប្រារព្ធ​ខួប ១០​ឆ្នាំ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Tep Soravy

អង្គការ​សង្គម​ស៊ីវិល​ក៏​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​ក្រុង​រ៉ូម (Rome) នៃ​ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​នេះ ផ្សព្វផ្សាយ​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជា​សាធារណៈ ដើម្បី​កុំ​ឲ្យ​ប្រទេស​កម្ពុជា វិល​ទៅ​រក​បទ​ឧក្រិដ្ឋ​ផ្សេងៗ ដូច​ក្នុង​របប ប៉ុល ពត ជា​ថ្មី​ម្ដង​ទៀត។

អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ប្រារព្ធ​ខួប ១០​ឆ្នាំ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ប្រឆាំង​នឹង​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោស និង​ការពារ​កុំ​ឲ្យ​កើត​មាន​សា​ជា​ថ្មី​នូវ​មហា​ឧក្រិដ្ឋកម្ម​នៅ​ពេល​អនាគត។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប ១០​ឆ្នាំ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោក ធន សារាយ ប្រធាន​សមាគម​អាដហុក ឲ្យ​ដឹង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​ស្ថាប័ន​តុលាការ​អន្តរជាតិ​អចិន្ត្រៃយ៍​មួយ តែ​មាន​អំណាច​អនុវត្ត​យុត្តាធិការ​របស់​ខ្លួន​លើ​ជន​ទាំង​ឡាយ​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​អន្តរជាតិ ដូច​មាន​ចែង​នៅ​ក្នុង​លក្ខន្តិកៈ​ទីក្រុង រ៉ូម។

លោក​បន្ត​ថា ប្រទេស​កម្ពុជា ជា​ស្ថាបនិក​មួយ​ក្នុង​ចំណោម​ស្ថាបនិក​ចំនួន ១២១​ប្រទេស ដែល​ជា​រដ្ឋ​ភាគី​ហត្ថលេខី​ផ្ដល់​សច្ចាប័ន​លើ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​នោះ។ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រកាស​លុប​បំបាត់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ពី​អតីតកាល តាម​រយៈ​ការ​បង្កើត​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្ដី​ខ្មែរ​ក្រហម។

ទោះ​ជា​យ៉ាង​ណា លោក ធន សារាយ បន្ត​ថា កម្ពុជា​នៅ​តែ​មិន​ទាន់​បំពេញ​កាតព្វកិច្ច​ពេញ​លេញ​នៅ​ឡើយ​ក្នុង​នាម​ជា​ម្ចាស់​ហត្ថលេខី និង​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ចុះ​សន្ធិសញ្ញា​ស្ដីពី​អភ័យ​ឯកសិទ្ធិ និង​បង្កើត​ច្បាប់​ស្ដីពី​កិច្ច​សហការ​ប្រតិបត្តិការ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទៀត ដើម្បី​លុប​បំបាត់​និទណ្ឌភាព​នៅ​កម្ពុជា និង​ការ​កកើត​ឡើង​វិញ​នូវ​ឧក្រិដ្ឋកម្ម​ណា​មួយ។

លោក ធន សារាយ៖ «កម្ពុជា​យើង​មិន​ទាន់​បាន​ផ្ដល់​នូវ​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង លើ​បុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ លើ​លក្ខន្តិកៈ​តុលាការ​នេះ​នៅ​ឡើយ​ទេ។ កិច្ច​ព្រមព្រៀង​នេះ​ជា​ការ​ដែល​ទទួល​ស្គាល់​របស់​រដ្ឋ​ជា​សមាជិក​ក្នុង​ការ​ផ្ដល់​នូវ​បុព្វសិទ្ធិ អភ័យ​ឯកសិទ្ធិ​ដល់​មន្ត្រី​តុលាការ របស់​តុលាការ​អន្តរជាតិ​នេះ។ រឿង​មួយ​ទៀត​ដែរ គឺ​កិច្ច​សហការ​កម្ពុជា រវាង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ នៅ​មិន​ទាន់​មាន​ច្បាប់​ដែល​ចែង​ឲ្យ​ច្បាស់​នូវ​កិច្ចការ​នេះ​នៅ​ឡើយ»

នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន ឲ្យ​ដឹង​យុត្តាធិការ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាត់​ក្ដី​តែ​លើ​បទល្មើស​អន្តរជាតិ​ចំនួន ៤ រួម​មាន​បទ​ប្រល័យ​ពូជ​សាសន៍ បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ បទ​ឧក្រិដ្ឋ​សង្គ្រាម និង​បទ​ឧក្រិដ្ឋ​ឈ្លានពាន។ បទ​ល្មើស​ទាំង​នោះ រដ្ឋ​ជា​ភាគី​អាច​ដាក់​ពាក្យ​បណ្ដឹង​ដោយ​ផ្ទាល់ ឬ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ដាក់​ពាក្យ​បណ្ដឹង ឬ​ក៏​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ខ្លួន​ឯង​ជា​អ្នក​ផ្ដើម​បណ្ដឹង​តែម្ដង។

លោក​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ចំពោះ​បទល្មើស​ឧក្រិដ្ឋកម្ម​ជា​អន្តរជាតិ ដើម្បី​ទប់​ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ផ្សេង​ពី​អតីតកាល ដូចជា​ការ​ជម្លៀស​ពលរដ្ឋ​ពី​ក្រុង​ភ្នំពេញ នៅ​ឆ្នាំ​១៩៧៥ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។

លោក សុក សំអឿន៖ «អ្វី​ដែល​យើង​ជជែក​ក្នុង​ថ្ងៃ​នេះ គោល​បំណង​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​រឿង​ហេតុ​កើត​មាន​នៅ​លើ​ទឹក​ដី​របស់​យើង​ត​ទៀត។ រដ្ឋាភិបាល​គួរ​តែ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ពី​និយមន័យ​បទល្មើស​អន្តរជាតិ​ទាំង ៤​នេះ ដល់​កង​ប្រដាប់​អាវុធ និង​អ្នក​នយោបាយ ហើយ​កង​ប្រដាប់​អាវុធ​គួរ​តែ​យល់​ពី​និយមន័យ​ពី​បទ​ធ្វើ​ទារុណកម្ម ហើយ​ក៏​ត្រូវ​ជៀសវាង​អំពើ​នេះ​ផង​ដែរ»

អ្នក​សម្របសម្រួល​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃ​សម្ព័ន្ធ​អង្គការ​អន្តរជាតិ​សម្រាប់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អ្នកស្រី អ៊ីវើលីន ប៉ាឡាអ៊ីស សើរ៉ាណូ (Evelyne Balais-Serrano) ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ផ្សព្វផ្សាយ​ឲ្យ​សមាជិក​អាស៊ាន ចូល​មួយ​គាំទ្រ​នូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

អ្នកស្រី អ៊ីវើលីន ប៉ាឡាអ៊ីស សើរ៉ាណូ៖ «យើង​សុំ​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​មួយ​ក្នុង​ប្រទេស​អាស៊ាន ដើម្បី​ចូល​រួម​ក្នុង​តុលាការ ជា​ពិសេស​ក្នុង​ពេល​ដែល​ខ្លួន​ជា​ប្រធាន​អាស៊ាន គឺ​ដឹក​នាំ និង​ជំរុញ​សមាជិក​អាស៊ាន​ចូល​រួម និង​គាំទ្រICCនេះ»

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​បំពេញ​កិច្ចការ​លើ​សំណុំ​រឿង​ក្ដី​ចំនួន ១៥ ក្នុង​នោះ​មាន ៦​សំណុំ​រឿង​បាន​ឈាន​ដល់​ការ​ជំនុំ​ជម្រះ។ រី​ឯ​សំណុំ​រឿង​ក្ដី​ចំនួន ២០​ទៀត ចៅក្រម​នៃ​តុលាការ​នេះ​ចេញ​ដីកា​ចាប់​ខ្លួន ក្នុង​នោះ​មាន ៦​ករណី បាន​ចាប់ និង​ឃុំ​ខ្លួន និង​បាន​ចេញ​ដីកា​កោះ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​ចំនួន ៩​ករណី។

សំណុំ​រឿង​ទាំង ៩​នោះ មាន​ពាក់ព័ន្ធ​ជន​សង្ស័យ​ដែល​ជា​ជន​កំពុង​មាន​អំណាច​គ្រប់គ្រង​ក្នុង​រដ្ឋ​នា​ពេល​បច្ចុប្បន្ន ហើយ​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​បទ​ឧក្រិដ្ឋ​ណា​មួយ​ដែល​ឈាន​ទៅ​ជម្រះ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ បទ​ប្រល័យ​ពូជ​សាសន៍ និង​បទ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អនុ​សញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩។

បទល្មើស​ទាំង​នោះ តុលាការ​ខ្មែរ​ក្រហម​កំពុង​ដំណើរ​ការ​សព្វ​ថ្ងៃ​ក្នុង​ប្រទេស​ប្រឆាំង​អតីត​មេដឹកនាំ​កំពូល​នៃ​របប​ខ្មែរ​ក្រហម ៥​រូប រួម​មាន​លោក នួន ជា ប្រធាន​សភា​នៃ​របប​ខ្មែរ​ក្រហម លោក អៀង សារី អតីត​ឧប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក ខៀវ សំផន ប្រមុខ​រដ្ឋ​របប​ខ្មែរ​ក្រហម និង​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ប្រធាន​គុក​ទួលស្លែង ឬ ស២១ នៃ​របប​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles