ថ្ងៃទី 4 កក្កដា 2012
ដោយ: ខេមា
CEN
ភ្នំពេញ: ការពិភាក្សារបស់ភាគីកម្ពុជា និងវៀតណាម ពាក់ព័ន្ធទៅនឹងការសាងសង់ទំនប់សាយ៉ាបូរី នៅទន្លេមេគង្គ ក្នុងប្រទេសឡាវ ភាគីទាំងពីរបានបង្ហាញចេញនូវជំហរតែមួយ គឺប្រឆាំងដាច់ខាតចំពោះការសាងសង់ទំនប់នេះ មុនពេលមានលទ្ធផលការសិក្សាច្បាស់លាស់។ នៅក្នុងជំនួបរវាងរដ្ឋមន្ដ្រីធនធានទឹកនិងឧតុនិយមកម្ពុជា និងរដ្ឋមន្ដ្រីធនធានធម្មជាតិនិងបរិស្ថានវៀតណាម នាល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ ក្រៅពីការពិភាក្សាលើបញ្ហាសាងសង់ទំនប់សាយ៉បូរី គឺភាគីទាំងពីរបានធ្វើការពិភាក្សា លើការសិក្សាហេតុផលប៉ះពាល់តំបន់ដីសណ្ដរទន្លេមេគង្គក្រោម និងពិភាក្សាលើគម្រោងធ្វើដំណើរទស្សនកិច្ចទន្លេដានីលនៅអឺរ៉ុប ដែលជាទន្លេហូរឆ្លងកាត់ប្រទេសជាច្រើន ដូចជាទន្លេមេគង្គនេះដែរ។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សារវាងកម្ពុជា និងវៀតណាម លើរបៀបវារៈចំនួនបី នាល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការទន្លេមេគង្គជាតិកម្ពុជា និងជាប្រធានគណៈកម្មការទន្លេមេគង្គអន្ដរជាតិឆ្នាំ២០១២ បានមានប្រសាសន៍នៅចំពោះមុខភាគីវៀតណាមថា នៅក្នុងកិច្ចប្រជុំពិភាក្សាគ្នានៅថ្ងៃនេះ យើងបានចុះកិច្ចព្រមព្រៀងរួមគ្នានៅពេលនេះ គឺដើម្បីរឹតចំណងសាមគ្គីភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្ដិការ ដែលពាក់ព័ន្ធទៅនឹងបញ្ហាទឹកទន្លេមេគង្គ ដែលកម្ពុជាជាសមាជិកគណៈកម្មការមេគង្គអន្ដរជាតិ។
លោក ង្វៀន មិងក្វាង (NGUYEN MING QUANG) រដ្ឋមន្ដ្រីធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណៈកម្មការទន្លេមេគង្គវៀតណាម បានថ្លែងតប មុនពេលជម្រាបលាថា កិច្ចពិភាក្សាគ្នាពេលនេះបានឯកភាពគ្នាខ្ពស់ អំពីចំណងទំនាក់ទំនងកិច្ចសហប្រតិបត្ដិការរវាងក្រសួងទាំងពីរ ទៅថ្ងៃអនាគត។ ចំពោះបញ្ហាទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ យើងនៅតែបន្ដការពិភាក្សាជាពិសេស ទៅលើស្មារតីការពិភាក្សាឆ្នាំ២០១១ ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងការប្រើប្រាស់ទឹក ដើម្បីធ្វើការអភិវឌ្ឍ ក៏ដូចជារក្សាគុណភាពទឹកឱ្យមាននិរន្ដរភាពជាប្រវត្ដិសាស្ដ្រ។
លោក ង្វៀន មិងក្វាង ឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ដ្រី (កម្ពុជា) អំពីស្ថានភាពបច្ចុប្បន្នក្នុងការប្រើប្រាស់ប្រភពទឹក ក៏ដូចជាការគិតគូរទៅអនាគតនៃការទំនាក់ទំនង នៅតែជាប្រពៃណីទំនៀមទម្លាប់ម ក៏ដូចជាចំណងទាក់ទងជាប្រវត្ដិសាស្ដ្ររវាងប្រទេសទាំងពីរ។ បញ្ហាជាក់ស្ដែង យើងត្រូវកសាងទំនាក់ទំនងយ៉ាងដូចម្ដេច គឺឱ្យបានយូរអង្វែង ហើយទុកតកូនចៅជំនាន់ក្រោយ៕ K


