ពុធ 04 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
តាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពសហជីពកម្ពុជា (CCU) បានឲ្យដឹងថា នៅថ្ងៃនេះ កម្មករ-កម្មការិនីប្រមាណ៤ពាន់នាក់ នៃរោងចក្រតៃយៀនទី១ ទី២ និងខេមវែល ដែលមានទីតាំងស្ថិតនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រមូលផ្តុំគ្នាធ្វើកូដកម្មបិទកំណាត់ផ្លូវជាតិលេខ៤ ព្រោះតែពុំទាន់ទទួលបានដំណោះស្រាយ។
កម្មករ-កម្មការិនីរោងចក្រតៃយៀនទី១ ទី២ និងខេមវែល បានធ្វើកូដកម្មអស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដើម្បីទាមទារឲ្យមានការដោះស្រាយនូវលក្ខខណ្ឌការងារមួយចំនួន ដូចជា ១- សុំឱ្យក្រុមហ៊ុនធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ស្ដីពីការងារ ដោយក្រុមហ៊ុនបានប្ដូរឈ្មោះរោងចក្រ, ២-សុំឱ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅឱ្យបាន១៥ដុល្លារ ក្នុងមួយខែៗ, ៣-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោ ឱ្យបាន១៥ដុល្លារ ក្នុងមួយខែៗ, ៤-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់រង្វាន់ទៀងទាត់ ឱ្យបាន១៥ដុល្លារ ក្នុងមួយខែៗ, និង ៥- សុំឱ្យក្រុមហ៊ុនកុំយកប្រាក់មុខតំណែង និងបច្ចេកទេសមកកាត់ទូទាត់នៅពេលកម្មករ-កម្មការិនី និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពី៣ថ្ងៃឡើងទៅ។
ជាមួយគ្នានេះ សហភាពសហជីពកម្ពុជាក៏បានស្នើឲ្យអង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា តាមជួយឃ្លាំមើលរាល់ហេតុការណ៍ ដែលកើតមានជាបន្តបន្ទាប់ ដោយសារការធ្វើកូដកម្មនេះផងដែរ៕
