ដោយ វិជ័យ អានន្ទ
2012-07-04
វិទ្យុអាស៊ីសេរី
កម្មករ កម្មការិនីប្រមាណ ៥០០នាក់ ធ្វើការនៅរោងចក្រកាត់ដេរ ហ្វដ ហ្គូរី ខេមបូឌា មែនញូហ្វេកឆឺរីង លីមីតធីត (Ford Glory Cambodia Manufacturing Limited) នៅសង្កាត់ស្ទឹងមានជ័យ ធ្វើកូដកម្មតវ៉ា និងបំបាត់អំពើពុករលួយក្នុងរោងចក្រ។

សកម្មភាពកម្មករ កម្មការិនី កំពុងធ្វើកូដកម្ម នៅរោងចក្រកាត់ដេរ ហ្វដ ហ្គូរី ខេមបូឌា មែនញូហ្វេកឆឺរីង លីមីតធីត (Ford Glory Cambodia Manufacturing Limited) នារាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២។
RFA/Vichey Anandh
កម្មករ កម្មការិនីរោងចក្រកាត់ដេរ ហ្វដ ហ្គូរី ខេមបូឌា មែនញូហ្វេកឆឺរីង លីមីតធីត បានទាមទារឲ្យថៅកែរោងចក្រ ដោះស្រាយបញ្ហានានាចំនួន ១៦ចំណុច ដែលកើតមានឡើងនៅក្នុងការបំពេញការងារប្រចាំថ្ងៃ នៅរោងចក្រ។
កម្មការិនីមួយរូប អ្នកស្រី ប៉ុន ស្រីនាង មានប្រសាសន៍នៅថ្ងៃទី៤ កក្កដា ថា ថៅកែរោងចក្រព្យាយាមមិនព្រមជួបជាមួយសហជីព និងកម្មករ ដើម្បីដោះស្រាយបញ្ហាទំនាស់មួយចំនួន ដែលកម្មករទាមទារឡើយ។ ថៅកែរោងចក្រចេះតែព្យាយាមរកមធ្យោបាយផ្សេងៗដើម្បីគេចវេះ។
អ្នកស្រីបន្តថា ថៅកែរោងចក្រជួលកម្មករធ្វើការស៊ីប្រាក់ម៉ោង មកពីខាងក្រៅ ជំនួសឲ្យកម្មករ កម្មការិនី ដែលកំពុងធ្វើកូដកម្ម។ អ្នកស្រីអះអាងបន្ថែមថា ថៅកែរោងចក្រធ្វើបែបនេះ គឺមានចេតនាគេចវេះមិនព្រមដោះស្រាយការទាមទាររបស់កម្មករ កម្មការិនី។
អ្នកស្រី ប៉ុន ស្រីនាង៖ «បើគាត់ដោះស្រាយឲ្យពួកខ្ញុំ គ្មានអស់ច្រើនទេ។ បើធ្វើឲ្យពួកខ្ញុំ ដោះស្រាយតាំងពីម្ង៉ៃ ម្ង៉ៃកន្លះ គឺគ្មានគាត់ គ្មានការចលាចលដល់ថ្នាក់ហ្នឹងទេ។ ក្រុមហ៊ុននេះត្រូវដោះស្រាយឲ្យពួកខ្ញុំតាំងពីម្ង៉ៃកន្លះហ្នឹងមក ក៏គាត់គ្មានអស់លុយច្រើនដែរ។ ដល់ពេលឥឡូវនេះ គាត់អស់លុយច្រើន ច្រើនជាងជួលពួកខ្ញុំធ្វើទៅទៀត ជួលគេគិតទៅម្ង៉ៃមួយម៉ោង មួយរៀល ហើយពួកខ្ញុំម្ង៉ៃបាន ២,៥រៀល ជួលប៉ូលិសមក ឥឡូវពូឯងគិតមើលទៅ សព្វបែបសព្វយ៉ាង»។
កម្មការិនីមួយរូបទៀតឈ្មោះ វិន លីនដា សំណូមពរឲ្យអ្នកកាន់ការផ្នែករដ្ឋបាល មេត្តាបើកប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ជូនពួកគាត់ឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។ កញ្ញាលើកឡើងបន្តថា កន្លងមកប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍បើកឲ្យកម្មករ កម្មការិនី មិនគ្រប់ចំនួនទេ ដោយសារអ្នកកាន់ការផ្នែករដ្ឋបាល ប្រព្រឹត្តអំពើពុករលួយ លួចស៊ីលុយប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍កម្មករ កម្មការិនី។
កម្មការិនី វិន លីនដា៖ «តវ៉ាចង់បានលុយ លុយដែលបើកមកឲ្យបានគ្រប់គ្រាន់ កុំឲ្យបាត់លុយរបស់ខ្ញុំ ហើយលុយបាយក៏មិនត្រូវសមបាត់ដែរ បាត់ម្ដងបីពាន់បួនពាន់ ខ្ញុំតវ៉ាអត់បាន បើកលុយប្រាក់ខែបាត់ថ្ងៃអាទិត្យពីរថ្ងៃ យើងគិតមើល យើងបានថ្ងៃអាទិត្យពីរថ្ងៃយើងត្រូវបានដប់រៀល បើកមកយើងអត់បានលុយអាទិត្យទេ បើកមើលក្រដាសការងារអត់មានអត្តលេខធ្វើការថ្ងៃអាទិត្យ។ អីចឹង ខ្ញុំតវ៉ា តវ៉ាអត់បាន ហើយរដ្ឋបាលស៊ីលុយហ្នឹង រដ្ឋបាលស៊ីលុយកម្មករ លុយបាយក៏ស៊ី ហើយធ្វើអីចឹង ធ្វើការមានន័យអីគេ បើម្នាក់ធ្វើការយកលុយមកទ្រទ្រង់សុខភាពខ្លួនឯង ហើយធ្វើការអត់មានកម្លាំងធ្វើការទេ ខ្ញុំគ្មានកម្លាំងធ្វើការទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋបាលក្រុមហ៊ុនកាត់ដេរ ហ្វដ ហ្គូរី ខេមបូឌា មែនញូហ្វេកឆឺរីង លីមីតធីត បានទេ នៅថ្ងៃទី៤ កក្កដា នេះ ដើម្បីសុំការអធិប្បាយទាក់ទងការតវ៉ារបស់ក្រុមកម្មករនេះ។
ទោះយ៉ាងណាក៏ដោយ ប្រធានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារ លោក សំ សឿន អះអាងថា កន្លងមកភាគីក្រុមហ៊ុនធ្លាប់ជួបដោះស្រាយការតវ៉ា និងការទាមទាររបស់កម្មករដែរ តែភាគីទាំងសងខាងមានចំណុចមិនស្របគ្នាជាច្រើនចំណុច។ ដូច្នេះ ទើបធ្វើឲ្យមានការអូសបន្លាយការធ្វើកូដកម្មរហូតមក។
ការធ្វើកូដកម្មទាមទាររបស់កម្មករ កម្មការិនី រោងចក្រកាត់ដេរ ហ្វដ ហ្គូរី ខេមបូឌា មែនញូហ្វេកឆឺរីង លីមីតធីត ចាប់ផ្ដើមតាំងពីថ្ងៃទី២១ មិថុនា រហូតមក។ ការធ្វើកូដកម្មរបស់កម្មករ កម្មការិនី នេះ ដើម្បីទាមទារសុំឲ្យថៅកែទទួលយកសំណើ ១៦ចំណុច មានដូចជា ដំឡើងប្រាក់សម្រាប់ការស្នាក់នៅ ប្រាក់ធ្វើដំណើរចំនួន ១៥ដុល្លារក្នុងមួយខែ ផ្ដល់ប្រាក់ថ្លៃបាយសម្រាប់ថ្ងៃអាទិត្យ ចំនួន ២.០០០រៀល បញ្ឈប់នូវការរើសអើងសហជីព បើកប្រាក់បំណាច់ឆ្នាំឲ្យបានទៀងទាត់ និងសុំឲ្យក្រុមហ៊ុនបើកប្រាក់ ៥%នៃកិច្ចសន្យាការងាររបស់កម្មករ កម្មការិនី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។