ដោយ សុខ សេរី
2012-07-04
វិទ្យុអាស៊ីសេរី
ក្រុមការងារទី៩ របស់រដ្ឋាភិបាល ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ បានបើកកិច្ចប្រជុំលើកដំបូងជាបន្ទាន់មួយ ដើម្បីពិនិត្យមើលស្ថានការណ៍ និងបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនឯកជន ដែលនាំអង្ករចេញទៅទីផ្សារអន្តរជាតិ ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន ក្នុងកិច្ចប្រជុំក្រុមការងារទី៩ របស់រដ្ឋាភិបាល ស្តីពីការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២។
RFA/Sok Serey
កិច្ចប្រជុំនេះបានដំណើរការពេញមួយព្រឹកនៅឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាដើម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ បានស្នើសុំឲ្យក្រសួងពាក់ព័ន្ធនានា របស់រដ្ឋាភិបាល ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមុខនានា ដើម្បីជំរុញឲ្យក្រុមហ៊ុននាំចេញអង្ករនៅកម្ពុជា នាំចេញអង្ករទៅទីផ្សារអន្តរជាតិឲ្យបានឆាប់រហ័ស មានប្រសិទ្ធភាព មិនស៊ីរយៈពេលយូរនៃការរត់ការនាំចេញ។
ជាមួយគ្នានេះដែរ លោកក៏បានសុំឲ្យមន្ត្រីជំនាញកសិកម្មជំរុញឲ្យកសិករផលិតស្រូវមានគុណភាពខ្ពស់ បរិមាណច្រើន និងមិនប្រើជីគីមីច្រើនដូចប្រទេសជិតខាង ដូចជាវៀតណាម និងថៃ ជាដើម។
ការស្នើនេះដើម្បីជំរុញឲ្យផែនការរបស់រដ្ឋាភិបាលទទួលជោគជ័យ ក្នុងការនាំចេញអង្ករចំនួនជាង ១លានតោននៅឆ្នាំ២០១៥ ទៅទីផ្សារអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានមានប្រសាសន៍ថា កម្ពុជាត្រូវការនាំចេញអង្ករប្រណិត ឬអង្ករក្រអូបទៅទីផ្សារអន្តរជាតិ ដោយសារតែអង្ករខ្មែរបរិសុទ្ធមិនប្រើជីគីមីច្រើន។ ចំណុចនេះគឺជាអាទិភាពរបស់អង្ករកម្ពុជា។
លោក ច័ន្ទ សារុន៖ «ដើម្បីប្រមូលទិញស្តុកស្រូវនៅពេលប្រមូលផល នៅខ្វះម៉ាស៊ីនសំងួត ខ្វះឃ្លាំងស្តុកស្រូវ សមត្ថភាពម៉ាស៊ីនកិនស្រូវនៅមានកម្រិតនៅឡើយសព្វថ្ងៃនេះ ដែលហេតុនាំឲ្យស្រូវត្រូវបានលក់ចេញទៅក្រៅ អ៊ីចឹងទៅស្នើឲ្យរដ្ឋាភិបាល ចង់និយាយថា ជួយដល់ផ្នែកឯកជន វិស័យទុន»។
ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា លោក គឹម សាវុធ បានមានប្រសាសន៍ថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ នៅរយៈពេល ៦ខែនៃឆ្នាំ២០១២ បានធ្លាក់ចុះ ដោយសារតែមានបញ្ហាជាច្រើន ដូចជាបញ្ហារត់ការនាំចេញរយៈពេលយូរនៅច្រកចេញចូលតែមួយ។
លោក គឹម សាវុធ៖ «អ៊ីចឹងមកដល់ឆ្នាំនេះ ទី១ អឺរ៉ុបខ្លួនឯងគាត់មានវិបត្តិ ទី២ ក្រុមហ៊ុនដែលធ្លាប់លក់ទៅអឺរ៉ុបឆ្នាំទៅ គាត់បាត់បង់ទីផ្សារ។ ក្រុមមួយចំនួននៅអឺរ៉ុបគាត់សល់អង្ករ អ៊ីចឹងឆ្នាំនេះគាត់លក់ធូរថ្លៃ ដល់យើងនេះវាទន្ទឹមកុងតឺន័រឡើងថ្លៃទៀតទៅ យើងទៅអត់រួច»។
អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីស៊ី (CDC) លោក សុខ ចិន្តា បានមានប្រសាសន៍ថា លោកគ្រោងកោះហៅតំណាងក្រុមហ៊ុន និងសមាគមនាំចេញអង្ករនៅសប្ដាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាពិស្ដារលើបញ្ហាប្រឈមមុខនីមួយៗ និងដោះស្រាយ។
លោក សុខ ចិន្ដា៖ «ដូច្នេះកិច្ចការនេះមិនអាចដោះស្រាយនៅទីនេះបានទេ ខ្ញុំនឹងអញ្ជើញអស់លោកទាំងផ្នែកឯកជន ទាំងផ្នែកមន្ត្រីតំណាងក្រសួងទាំង ៥ ទៅអង្គុយធ្វើការនៅ CDC ដើម្បីខ្ញុំស្ដាប់ឲ្យអស់ កត់ត្រាឲ្យអស់ និយាយតែពីរឿងហ្នឹង។ រឿងខ្ញុំ រឿងធ្វើយ៉ាងម៉េចឲ្យបែបបទក្នុងការនាំចេញហ្នឹងឲ្យខ្លីជាងមុន ឲ្យស្រួលជាងមុន»។
ឯកសាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៦ខែ ឆ្នាំ២០១២ កន្លងទៅនេះ បានធ្លាក់ចុះមកចំនួនជាង ៧ម៉ឺន៨ពាន់តោន ប្រៀបធៀបរយៈពេល ៦ខែដូចគ្នានៅឆ្នាំ២០១១ កន្លងទៅនេះ។ កាលពីឆ្នាំ២០១១ កន្លងទៅនេះ ការនាំចេញអង្ករ គឺកើនដល់ចំនួនជាង ១សែន៧ម៉ឺនតោន។
ប្រធានក្រុមហ៊ុន ឡូរ៉ង់ នាំចេញអង្ករ លោកឧកញ៉ា លឹម ប៊ុនហេង បានមានប្រសាសន៍ថា ការធ្លាក់ចុះនោះបណ្ដាលមកពីមូលហេតុជាច្រើន ដូចជាការរត់ការឯកសារនាំចេញជួបបញ្ហាយឺតយ៉ាវជាងឆ្នាំមុន។ តំលៃអង្ករនាំចេញរបស់វៀតណាម និងថៃ ថោកជាងកម្ពុជា នៅទីផ្សារអន្តរជាតិ។ សេវាដឹកជញ្ជូនផលិតផលកសិកម្មនៅកម្ពុជា មានតំលៃថ្លៃ និងតំលៃអគ្គិសនីនៅកម្ពុជា ថ្លៃជាងវៀតណាម និងថៃ ធ្វើឲ្យម៉ាស៊ីនសំងួតស្រូវ និងម៉ាស៊ីនកែច្នៃអង្ករ ចំណាយថវិកាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។