មាន​ការ​អំពាវនាវ​កុំ​ឲ្យ​ទិញ​ស្ករ​ស​ប្រឡាក់​ឈាម​ពលរដ្ឋ

04 July 2012
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

តំណាង​​ប្រជា​​ពល​រដ្ឋ​​រង​គ្រោះ នៅ​​ក្នុង​​សន្និ​សីទ​​កា​សែត​ នៅ​​រាជ​ធានី​​ភ្នំ​ពេញ កាល​​ពី​​ម្សិល​មិញ​។ រូបថត ម៉ៃ វី​រៈ

តំណាង​​ប្រជា​​ពល​រដ្ឋ​​រង​គ្រោះ នៅ​​ក្នុង​​សន្និ​សីទ​​កា​សែត​ នៅ​​រាជ​ធានី​​ភ្នំ​ពេញ កាល​​ពី​​ម្សិល​មិញ​។
រូបថត ម៉ៃ វី​រៈ

ភ្នំពេញៈ ពលរដ្ឋ​រងគ្រោះ​ ដោយ​សារ​រដ្ឋាភិបាល ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ មក​ពី​ខេត្ត​ចំនួន​ ៣​ បាន​បើក​យុទ្ធនាការ​ស្ករស​ស្អាត​ស្អំ​ ក្នុង​គោល​បំណង​អំពាវនាវ​ដល់​អ្នក​ប្រើ​ស្ករស​នៅ​លើ​ពិភពលោក ជា​ពិសេស​សហគមន៍​អឺរ៉ុប បញ្ឈប់​ការ​ទិញ​ផលិតផល​ស្ក​រស ​ដែល «ប្រឡាក់​ឈាម​ពលរដ្ឋ​ខ្មែរ​»។

ខេត្ត​ទាំង ៣ មាន​ខេត្ត​កំពង់ស្ពឺ កោះ​កុង និង​ស្ទឹងត្រែង ជា​ខេត្ត​ស្ថិត​ក្នុង​យុទ្ធនាការ​របស់​ប្រជា​ពលរដ្ឋ​ ដែល​គេ​ធ្វើ​យុទ្ធនាការ​តាម​គេហទំព័រ​ឈ្មោះ www.boycottbloodsugar.net ។

តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត នៃ​យុទ្ធនាការ​នេះ ធ្វើ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​ថា ស្ករស​ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប​ គឺ​មាន​ការ​ពាក់ព័ន្ធ​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​ស្ករស​ទទួល​បាន​ផលប្រយោជន៍​ពាណិជ្ជកម្ម​សព្វ​បែប​យ៉ាង​ក្រោម​គោលការណ៍ អ្វីៗ​គ្រប់​យ៉ាង​ លើក​លែង​តែ​សព្វា​វុធ។

លោក ផល វណ្ណៈ តំណាង​ពលរដ្ឋ​មក​ពី​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា ពលរដ្ឋ​ជិត ២០០០ គ្រួសារ នៅ​ក្នុង​ឃុំ​របស់​លោក បាន​រង​ផល​ប៉ះពាល់​ពី​ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ របស់​លោក​លីយ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា​ គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមហ៊ុន​ស្ករស​កំពង់ស្ពឺ ជា​របស់​ភរិយា​លោក​លី យ៉ុងផាត់ គឺ​លោក​ស្រី គឹម ហ៊ាង។ មក​ទល់​ពេល​នេះ​ មាន​ប្រជា​ពលរដ្ឋ​ជាង​ ៣០ នាក់​ កំពុង​រង​បណ្តឹង​នៅ​តុលាការ ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន ដោយ​ជាន់​លើ​ដី​ស្រែ​ដី​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​នេះ​។

លោក​និយាយ​ថា៖​ «អ្វី​ដែល​មាន​ក្នុង​វិបសាយ​យើង បាន​បង្កើត​នេះ គឺ​មាន​ការ​ស្រាវជ្រាវ​ត្រឹមត្រូវ មិនមែន​យើង​ចេះ​តែ​ដាក់​ទេ។ ដូច្នេះ​សូម​សហគមន៍​អឺរ៉ុប​ ធ្វើ​ពហិការ ការ​ទិញ​ស្ករ​ស​ដែល​ប្រឡាក់​ដោយ​ឈាម​ពលរដ្ឋ​»។ លោក​បន្ត​ថា៖ «គេ​អាច​ទិញ​ស្ករ​នេះ​វិញ​បាន​បើ​សិន​ក្រុម​ហ៊ុន​ដែល​ពាក់ព័ន្ធ ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ គឺ​ផ្តល់​សំណង​សមរម្យ ដល់​អ្នក​បាត់បង់​ដី​ផ្ទះ​សម្បែង​ និង​របរ​ចិញ្ចឹម​ជីវិត ព្រោះ​ក្រុមហ៊ុន​ដេញ​ពលរដ្ឋ​ចេញ​យក​ដី​ដាំ​អំពៅ​ដោយ​មិន​ផ្តល់​សំណង​សមរម្យ»។

លោក ផល វណ្ណៈ បន្តថា ពលរដ្ឋ​ភាគ​ច្រើន​មិន​បាន​ប្រយោជន៍​ការងារ​ពី​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​នេះ​ច្រើន​ទេ ព្រោះ​ក្រុម​ហ៊ុន ជួល​មនុស្ស​ពី​ខេត្ត​ផ្សេងៗ​មក​ធ្វើ​ការ ដោយ​ធ្វើ​ការ​ជាង​ ១២​ ម៉ោង បាន​ប្រាក់​តែ​១ ម៉ឺន ២ ពាន់​រៀល​ប៉ុណ្ណោះ​។ លោក​ថា ៖ «អ្នក​ភូមិ​ខ្លះ មិន​ចង់​ធ្វើការ​​ឲ្យ​ក្រុមហ៊ុន​ទេ ព្រោះ​គាត់​ឈឺចាប់ ដោយ​សារ​គេ​បណ្តេញ​ចេញ​ពីដី ហើយ​ត្រូវ​គេ​ជួល​ឲ្យ​ដាំ​អំពៅ នៅ​លើ​អតីត​ដី​ខ្លួន​ឯង​ទៀត នេះ​គឺ​ឈឺចាប់​ណាស់​»។

លោក តេង កៅ តំណាង​ពលរដ្ឋ​មក​ពី​ឃុំ​ជីខ​លើ ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ពីរ បាន​ចាប់​ផ្តើម​ដាំ​អំពៅ ដោយ​ឈូស​ឆាយ​ដី​ពលរដ្ឋ​នៅ​ឆ្នាំ​២០០៦ ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បាញ់​លើ​ពលរដ្ឋ​ឲ្យ​របួស​។ លោក​ថា៖ «ការ​ដាំ​អំពៅ មាន​ការ​បាញ់​ថ្នាំ​គីមី​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សត្វ​ពាហនៈ និង​សុខភាព​មនុស្ស​។ សូម្បី​តែ​គោ​យើង​ទៅ​ស៊ី​ស្មៅ​លើ​ដី​នោះ ក៏​ត្រូវ​គេ​ចាប់​ឲ្យ​បង់​លុយ​ដែរ​។ ការ​អភិវឌ្ឍ​នេះ រឹត​តែ​ធ្វើ​ឲ្យ​យើង​ក្រ​ទៅៗ»។

លោក ស្មិន តិ តំណាង​ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ ថ្លែង​ថា មាន​ការ​តវ៉ា​និង​ដាក់​ពាក្យ​បណ្តឹង​ជា​ច្រើន ទៅ​កាន់​អាជ្ញាធរ តែ​មិន​មាន​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ឡើយ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ បាត់បង់​ទាំង​ដី​ធ្លី ផ្ទះ​សម្បែង​និង​មុខ​របរ​ចិញ្ចឹម​ជីវិត។

លោក​បន្ត​ថា ៖ «ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ បាន​កើត​មាន​រឹត​តែ​ច្រើន ទោះ​មាន​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ក៏​ដោយ​ ពីព្រោះ​ពលរដ្ឋ​យើង បាន​បាត់បង់​ដី​កសិកម្ម ដីស្រែ​ចម្ការ​ បាត់បង់​ឱកាស​ក្នុង​ការ​រក​អនុផល​ព្រៃឈើ ទើប​ធ្វើ​ឲ្យ​គាត់​ធ្វើ​ចំណាក​ស្រុក។ ក្រុមហ៊ុន​មិន​បាន​ផ្តល់​ការងារ​ច្រើន​ឡើយ»។

បើ​តាម​សេចក្តី​ថ្លែងការណ៍​នៅ​ក្នុង​សន្និសីទ​នេះ​ ឲ្យ​ដឹង​ថា ដី​សម្បទាន​ប្រមាណ​៧ ម៉ឺន​ ៥ ពាន់​ហិកតា ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នានា​ សម្រាប់​ឧស្សាហកម្ម​ស្ករ​អំពៅ ក្នុង​ចំណោម​ដី​សម្បទាន​ផ្សេងៗ​ទៀត​ប្រមាណ ​២​ លាន​ហិកតា​ទូទាំង​ប្រទេស សម្រាប់​អភិវឌ្ឍ​ដំណាំ​ កសិ-ឧស្សាហកម្ម។

លោក អៀង វុទ្ធី តំណាង​អង្គការ​សមធម៌​កម្ពុជា ឲ្យ​ដឹង​ថា​ មាន​ការ​រំលោភ​ដីធ្លី​ពលរដ្ឋ​យក​ទៅ​ដាំ​អំពៅ នៅ​ខេត្ត​មួយ​ចំនួន​ទៀត ដែល​យុទ្ធនាការ​នេះ​ មិន​បាន​សិក្សា​ ដូច្នេះ​មាន​តែ​ខេត្ត​បី​ប៉ុណ្ណោះ ដែល​ប្រជា​ពលរដ្ឋ​មាន​ការ​តស៊ូ​មតិ​ខ្លាំង​ក្លា​តាម​ប្រព័ន្ធ​វិបសាយ។ លោក​បាន​បន្ត​​ថា៖ «ពលរដ្ឋ​គាត់​ចង​ក្រង​ប្រមូល​ព័ត៌មាន​ឲ្យ​អ្នក​គាំទ្រ និង​ធ្វើ​ការ​តស៊ូ​មតិ សម្រាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​ស្ករ​អំពៅ​នេះ ឲ្យ​ដោះស្រាយ​នូវ​ផល​ប៉ះពាល់​ ដែល​ពួក​គាត់​បាន​ប្រឈម​»។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក​ស្រី ឈាង គឹមស៊ុន តំណាង​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ ថ្លែង​ថា​ ពលរដ្ឋ​នៅ​ឃុំ​អមលាំង​ ដែល​ប៉ះពាល់​ក្នុង​ដី​ដែល​ក្រុមហ៊ុន​វិនិយោគ​ គឺ​ត្រូវ​បាន​ដោះស្រាយ​ផល​ប៉ះពាល់​រួច​រាល់​អស់​ហើយ តាំងពី​ពីរ​ឆ្នាំ​មុន​ និង​ចោទ​ថា​ពលរដ្ឋ​ដែល​ធ្វើ​សន្និសីទ​កាសែត​នេះ ជា​មនុស្ស​ប្រឆាំង​ការ​អភិវឌ្ឍ។

លោក​ស្រី​ថ្លែង​ថា ៖ «រាល់​បាតុ​ភាព​ជាមួយ​ពលរដ្ឋ​ និង​ក្រុម​ហ៊ុន​ គឺ​យើង​ដោះស្រាយ​អស់​ហើយ​ នៅ​ឆ្នាំ​ ២០១០​។ គ្មាន​ពលរដ្ឋ​ណា ត្រូវ​ក្រុម​ហ៊ុន​រំលោភ​យក​ដីទេ។ សួរ​មើល​ថា តើ​យើង​ផ្តល់​ការងារ​ប៉ុន្មាន​រយ​នាក់​ដល់​ពួក​គេ? ចុះ​ហេតុ​អ្វី​គេ​ចេះ​តែ​ចោទ​យើង បុគ្គល​នេះ​ជា​មនុស្ស​គណបក្ស​ប្រឆាំង​រដ្ឋាភិបាល​ មិន​ចង់​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ»។

ប៉ុន្តែ​យ៉ាង​ណា​ក្តី​ ពលរដ្ឋ​នៅ​ឃុំ​អមលាំង​បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ផ្តល់​សំណង​ឲ្យ​ពួក​គាត់​តិច​តួច​បំផុត ហើយ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ចាប់​បង្ខំ ដោយ​ប្រើ​គ្រឿង​ចក្រ​ឈូស​វាត​យក​ដី​របស់​ពួក​គាត់​ខណៈ​ដែល​ពុំ​ទាន់​មាន​ ការ​ព្រមព្រៀង​គ្នា​នៅ​ឡើយ៕

What Next?

Recent Articles

9 Responses to "មាន​ការ​អំពាវនាវ​កុំ​ឲ្យ​ទិញ​ស្ករ​ស​ប្រឡាក់​ឈាម​ពលរដ្ឋ"

  1. Problem everywhere in Cambodia. They still think government is in the right direction. Hmm!

  2. Anonymous says:

    លោក​ស្រី ឈាង គឹមស៊ុន បើសិនជាគេយកដីលោកស្រី ហើយអោយលោកស្រីធ្វើជាកញ្ជះឆីប្រាក់ខែគេ​ តើលោកស្រីគួរដឹងគុណគេដែរឬទេ?

  3. Khmer says:

    This is a very good approach!!! I am encouraging the victims at all fields start doing this approach to promote this kind of injustice and human right abuse to the final consumers to stop buying and eating those products that are investing or producing by creating suffer and injustice to the people in Cambodia!!!

  4. BaBaBoo says:

    សង្រ្គាមសេដ្ឋកិច្ច ឈ្នះនិងចាញ់ ក្រឬមាន ខ្លាំងនិងខ្សោយ គេមើលតែខ្សែញាក់ សេដ្ឋកិច្ចនៅខាងក្រៅប្រទេស ។ ចំពោះកម្ពុជា មិនទាន់ឃើញមានអ្វីសោះនៅខាងក្រៅ ជាហេតុមួយដែលប្រទេស វៀតណាមកំពង់ជាន់ករកម្ពុជា ប៉ែកខាងកើត ឯថៃធាក់សេដ្ឋកិច្ចកម្ពុជាផ្កាប់មុខពីខាងលិច។ គ្មានប្រជាជាតិណា គេសុំឲ្យអ្នកខាងក្រៅឈប់ទិញផលិតផលម៉ែឪខ្លួនឯងខំធ្វើបាននោះទេ ៕

  5. Khmer says:

    BaBaBOO: I think what they are doing now is not asking the foreign countries to stop buying the accountable investment products in Cambodia but the only those mafia that are created corruption and social injustice to the country and people. Those mafia products are not represent of Cambodia and our nation and the mafia investment never bring our nation upper with more prosperity!!!!

    Please stop supporting mafia and mafia investment that are going to destroy our country!!!!

  6. ធ្វើជាមនុស្សត្រូវចេះរៀនមើលព្រៃទាំងមូលកុំសម្លឹងមើលដើមឈើរមួយដើមៗ។

  7. Khmer says:

    The group of dictator are using an expression of ” the whole forest as whole” to gradually abuse the human rights, corruptions, creating the social injustices, creating mafia networks…for their own party, group and family…..

    It is reminding me about Pol Pot regime who had accused the individual people (who had not the whole comrades of the communist party or not the whole members of the country) as the members of CIA and kills them!!!

    The development of a country can not kills one parts of the people and community and just focusing on other par or another community!!!

    The Individual trees are the members of the whole forest!!!! Cutting or killing the individual tree is meaning that destroying the whole forest!!!!

  8. លី​ យ៉ុងភក់ says:

    ឈាង គឹមស៊ុន គឺជា ឧត្តមសេនីយ៌ត្រីនៅក្រសួងមហាផៃ្ទ និងមានងារជាឧកញ៉ាផងដែរ។ ប្តីរបស់គាត់ ស្លាប់ដោយឃាតកម្មគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយប្អូនឯងបង្កើត។

  9. កកកដ says:

    គួរអាណិតកសិករ