សម្ដេច​ហ៊ុន សែន យល់ព្រម​តាម​សំណើ​ហ្វ៊ុនស៊ិនប៉ិច ក្នុង​ការសហការ​អនុវត្ត​កំណែទម្រង់​ដីធ្លី​

ថ្ងៃទី 4 កក្កដា 2012
ដោយ: លីន​ណា
CEN

ភ្នំពេញ: ​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​យល់ព្រម​ឲ្យ​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចូលរួម​សហការ​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​អនុវត្ត​កំណែទម្រង់​ដីធ្លី បន្ទាប់ពី​សម្ដេច ហ៊ុន សែន ទទួលបាន​លិខិតស្នើ​ពង្រឹង​សហការ​របស់លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​នេះ​បើតាម​លិខិត នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូន​លោក​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី និង​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១២​។​

​ការឯកភាព​ឯកភាព​ឲ្យ​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចូលរួម​សហការ​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​អនុវត្ត​កំណែទម្រង់​ដីធ្លី តាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​បន្ទាប់ពី​លោក​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១២ បានធ្វើ​លិខិត​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ផ្តល់នូវ​ការឯកភាព​ឲ្យ​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានរួម​សហការ​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​អនុវត្ត​ដោយ​សកម្ម​បំផុត​តាម​អនុសាសន៍​របស់​សម្តេច​នាយក​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ញឹក ប៊ុនឆៃ បាន​ជម្រាបជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​សូម​ស្វាគមន៍ ដោយ​ក្តី​អំណរ និង​គាំទ្រ​យ៉ាង​ក្លៀវក្លា​បំផុត ចំពោះ​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១២ ស្តីពី​ការ​ជម្រុញ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ដីធ្លី ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ ដើម្បី​លើក​កំពស់​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ បាន​បន្តថា វិធានការ​ដោះស្រាយ​បញ្ហា​ធំៗ​ដោយ​ប្រសិទ្ធភាព និង​ចំពេល​វេលា​នេះ​គឺ​ពិត​ជាការ​បំបិទមាត់​ការ​ញុះញង់​និង​ការកេងប្រវ័ញ្ច​នយោបាយ​របស់​គណបក្សប្រឆាំង ដែល​តែងតែ​យក​លេស​គ្រប់ពេលវេលា​ធ្វើការ​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល ដែល​ក្នុងនោះ ក៏​ប៉ះពាល់​មកលើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផងដែរ​។​
​ចំពោះ​សំណើ​របស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច​ខាងលើនេះ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចា​រលើ​លិខិត “​យល់ព្រម​តាម​សំណើ​”​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តីសម្រេច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១២ ស្តីពី​ការបង្កើត​កណៈក​ម្មការ​ត្រួតពិនិត្យ​ការអនុវត្ត​នយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​។ ដែល​នៅក្នុង​គណៈកម្មាការ​នេះ មាន​សមាសភាព​ដូចជា​៖

១-​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​រៀបចំ​ក្រសួង​ដែនដី នគរូបនីយ៍កម្ម និង​សំណង់​ជា​ប្រធាន​។
២-​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋ​ក​កិច្ច និង​ហិរញ្ញវត្ថុ​ជា​សមាជិក​។
៣-​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ជា​សមាជិក​។
៤-​លោក ឆាន់​សុផាន់ រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយ៍កម្ម និង​សំណង់​ជា​សមាជិក​។
៥-​លោក រ័ត្ន សារិន រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយ៍កម្ម និង​សំណង់​ជា​សមាជិក​។
៦-​លោក អ៊ិត ណូ​ឌី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជា​សមាជិក​។
៧-​លោក ឆេង គឹម​ស៊ុន ប្រតិភូ​រាជ​រដ្ឋា​ភិ បាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ជា​សមាជិក​។
៨-​លោក ចាយ សា​មិត្ត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ការពារ​និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​ជា​សមាជិក​។
៩-​លោក សរ សុវណ្ណ អគ្គនាយក​សុរិយោដី​និង​ភូមិសាស្ត្រ នៃ​ក្រសួង​ដែនដី នគរូបនីយ៍កម្ម និង​សំណង់​ជា​សមាជិក​។​

​គណៈកម្មាការ​នេះ មា​នន​ភារកិច្ច ត្រួតពិនិត្យ និង​ផ្តល់​មតិ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​សុំ​ការសម្រេច​លើ​សំណើសុំ​កាត់​ដី​ចេញពី​ព្រៃ​សម​ម្ប​ទាន ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​រដ្ឋ ដើម្បី​បែងចែក​ជូន​ប្រជាពលរដ្ឋ​កាន់កាប់​ស្របច្បាប់​។ ប្រធាន​គណៈកម្មការ​នេះ មាន​សិទ្ធិ​បង្កើត​លេខាធិការដ្ឋាន​មួយ​ជា​ជំនួយការ​ក្នុង​អនុវត្តន៍​ភារកិច្ច​ខាង​ល​លើ​៕​

What Next?

Recent Articles

2 Responses to "សម្ដេច​ហ៊ុន សែន យល់ព្រម​តាម​សំណើ​ហ្វ៊ុនស៊ិនប៉ិច ក្នុង​ការសហការ​អនុវត្ត​កំណែទម្រង់​ដីធ្លី​"

  1. Khmer says:

    I am very much appreciated to the opposition party of Cambodia that is making so much scarifying for justice and people by pushing Hun Sen, his Government and CPP to the end of the corner with has more reasons to lie the people and country and finally decided to abandon some benefits such as this land reform to the people.

    Without the opposition party, the people never and ever had this chance and opportunity!!!!

  2. Sva watpnom says:

    ជាការធម្មតា អ្នកផឹកនឹងអ្នកផឹកតែងតែត្រូវគ្នាអញ្ចឹងហើយ ផឹកតែអែងម្តេចនឹងសប្បាយ។