សម្តេច ​ហ៊ុន សែន ផ្តល់​អនុសាសន៍ ១០ ចំណុច​លើកកម្ពស់​វិស័យ​ទេសចរណ៍​

ថ្ងៃទី 4 កក្កដា 2012
ដោយ: កូឡាប
CEN

សម្តេច​ហ៊ុន សែន ផ្តល់​អនុសាសន៍ ១០ ចំណុច​លើកកម្ពស់​វិស័យ​ទេសចរណ៍

សម្តេច​ហ៊ុន សែន ផ្តល់​អនុសាសន៍ ១០ ចំណុច​លើកកម្ពស់​វិស័យ​ទេសចរណ៍

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​និយាយថា វិស័យ​ទេសចរណ៍​កម្ពុជា​បាន​មាន​កំណើន​ចំនួន ២៥​ភាគរយ នៅក្នុង​រយ​:​ពេល​ប្រាំ​ខែ​ដើមឆ្នាំ​។ ទន្ទឹម​នោះ​សម្តេច​បានផ្តល់​អនុសាសន៍​មួយចំនួន​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ដែល​គេ​រំពឹងថា នឹង​ផ្តល់​ចំណូល​ដល់​កម្ពុជា​រហូត​ដល់​៥.០០០​លាន​ដុល្លា​នៅ​ឆ្នាំ​២០២០​។​

​នៅក្នុង​ឱកាស​បិទ​សន្និបាត​ក្រសួងទេសចរណ៍​នៅ​រសៀល​នេះ សម្តេច​បាន​មានប្រសាសន៍ថា “​យើង​បានចាត់ទុក​វិស័យ​ទេសចរណ៍ គឺជា​មាស​បៃតង ហើយ​ក្នុង​រយៈពេល​៥​ខែ​ដើម ឆ្នាំ​២០១២ យើង​សម្រេច​កំណើត​ក្នុង​អត្រា​២៥%​ជាមួយនឹង​កា​មកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​១,៥​លាន​នាក់​”​។

​សម្តេច​បាន​ព្យាករណ៍​នៅ​ឆ្នាំ​២០១២​នេះ កម្ពុជា​អាច​ទទួលភ្ញៀវ​ទេសចរ​ណ៍​ប្រមាណ​៣,៣​លាន​នាក់ ឆ្នាំ​២០១៣ ប្រមាន​៣,៨​លាន​នាក់ និង​ឆ្នាំ​២០១៥ ប្រមាណ​៤,៥​លាន​នាក់ ហើយ​រំពឹងថា នៅ​ឆ្នាំ​២០២០ ការមកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​អាច​កើន​ឡើងដល់​៧​លាន​នាក់ និង​នាំមក​នូវ​ចំណូល​ប្រមាណ​៥.០០០​លាន​ដុល្លារ បង្កើត​និង​បង្កើន​នូវ​ឱកាស​ការងារ​ប្រមាណ​៨០​ម៉ឺន​នាក់​។

​ដើម្បី​សម្រេច​ដល់​គោលដៅ​នេះ សម្តេច​បានផ្តល់​អនុសា​សន៍​ចំណុច​ដូចខាងក្រោម ៖
​ទី​១-​ត្រូវ​បន្ត​ខិតខំ​ន​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត​។ សម្តេច​សូម​គាំទ្រ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខំប្រឹងប្រែង​របស់​ក្រសួងទេសចរណ៍ ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​២០១២-២០២០ ដែល​ចង្អុលបង្ហាញ​ពី​ចក្ខុវិស័យ ទិសដៅ​ជា​យុទ្ធសាស្ត្រ និង​ដាក់ចេញ​នូវ​វិធានការ​ផែនការ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ជាពិសេស​យុទ្ធសាស្ត្រ​ពិពិធ​កម្ម​ទេសចរណ៍ ពី​តំបន់​ទេសចរណ៍វប្បធម៌​-​ប្រវត្តិសាស្ត្រ ទៅកាន់​តំបន់​អេកូ​ទេសចរណ៍ និង​តំបន់ឆ្នេរ ដែលជា​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក​នេះ​។ ជាមួយនេះ ហើយ​ត្រូវ​បន្ត​យកចិត្តទុកដាក់ លើ​ការអភិវឌ្ឍ​ទេសចរណ៍​បៃតង មាន​ជាអាទិ៍ : អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ កសាង​ទីក្រុង​ស្អាត​/​ទីក្រុង​បៃតង និង​រមណីយដ្ឋាន​ស្អាត​/​រមណីយដ្ឋាន​បៃតង ត្រូវ​ចេះ​ចាប់យក​ទស្សនាទាន​ថ្មី “​ភាព​បៃតង​និង​ភាព​ស្អាត​” ដោយ​ខិតខំ​ប្រើប្រាស់​បច្ចេកវិទ្យា​បៃតង ដែល​អាចជួយ​សន្សំសំចៃ​អគ្គីសនី ទឹក បង្កើន​អនាម័យ ស្អាត ដែល​ទាំងនេះ ជាការ​គិតគូរ​ដល់​“​ការអភិវឌ្ឍ​បៃតង​”​។ សម្តេច​គាំទ្រ និង​លើកទឹកចិត្ត ឲ្យ​មានការ​ចូលរួម​ដាំ​ដើមឈើ និង​គាំទ្រ​យុទ្ធនាការ​“​ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​” ឬ​យុទ្ធនាការ​“​ដាំ​ដើមឈើ​ផ្តើមចេញពី​អ្នក​”​។​

​ទី​២-​ត្រូវខិតខំ​បង្កើត និង​សហការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ ទាំង​ព្រឹត្តិការ​វប្បធម៌ និង​កីឡា​ដោយ​បង្កើន​គុណភាព​នៃ​ការរៀបចំ​ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​ថែមទៀត​។ សម្តេច​គាំទ្រ​គំនិត​ផ្តួចផ្តើម​រៀបចំ​ឲ្យ​មាន​ជា​ពិ​ធិ​បុណ្យ​ទន្លេ នៅតាម​បណ្តា​ខេត្ត​តាម​ដល​ទ​ន្លែ​មេគង្គ បន្ថែម​លើ​ពិធីបុណ្យ​សមុទ្រ​នោះ​។​

​ទី​៣-​ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹងគុណភាព​ផលិតផល និង​សេវា​ទេសចរណ៍ ដើម្បី​ផ្តល់​ការពេញចិត្ត​ដល់​ភ្ញៀវទេសចរ​ក្នុងការ​មក​ទស្សនា​កំសាន្ត​នៅ​កម្ពុជា​។ ជាមួយគ្នា​នោះ ក្រសួងទេសចរណ៍ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​បន្ត​សហការគ្នា​ជិតស្និទ្ធ​ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ទាំងឡាយ ដែល​បានទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ហើយ​ត្រូវ​រៀបចំ​ប្លង់​មេ​អភិវឌ្ឍ​ឲ្យ​ច្បាស់លាស់ និង​អនុវត្ត​ដំណើរការ​អភិវឌ្ឍ​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្នុងន័យនេះ ក្រសួងទេសចរណ៍​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ដោយ​ខិតខំ​បន្ត​ជំ​រុក​ការអនុវត្ត​ច្បាប់​ស្តីពី​ទេសចរណ៍ និង​ការរៀបចំ​បទដ្ឋាន គតិយុត្តិ​បន្ថែមទៀត​។ ទន្ទឹមនឹងនេះ ត្រូវ​បន្ត​ចលនា​ប្រលងប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា ល្អ​” ដែលជា​យុទ្ធ​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ទី​៤-​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​កត្តា​ធនធានមនុស្ស ជាពិសេស ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ពីព្រោះ​នេះ គឺជា​កត្តា​កំណត់ និង​ជា​មូលដ្ឋាន​ក្នុងការ​ពង្រឹងគុណភាព ធានា​នូវ​និរន្តរភាព និង​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​។ ក្រសួងទេសចរណ៍​បន្ត​សហការ​ជាមួយ​ស្ថាប័ន​-​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍ រៀបចំ​ការបង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​មួយ ដែល​អាច​ផ្តល់​ការបណ្តុះបណ្តាល​ប្រកបដោយ​គុណភាព ស្របតាម​ស្តង់ដា​កម្មសិក្សា និង​ក្របខ័ណ្ឌ​គុណ​វ​ឌ្ឍិ​ថ្នាក់ជាតិ និង​អាស៊ាន ដើម្បី​ជា​មូលដ្ឋាន សម្រាប់​កម្ពុជា​ត្រៀម​ចូលរួម​ធ្វើ​បំលាស់​ទី​នៃ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន នៅ​ឆ្នាំ​២០១៥ ផង និង​អាវ​ផ្តល់​លទ្ធភាព​ឲ្យ​សិស្ស​អាច​ចូលរៀន​គ្រប់គ្នា​ក្នុងតម្លៃ​សមរម្យ​ផង​។​

​ទី​៥-​បន្ត​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន យកចិត្តទុកដាក់​ដល់​ទីផ្សារ​អាស៊ាន អាស៊ាន​បូក​បី ឥណ្ឌា និង​ទីផ្សារ​ងើប​ថ្មី ដូចជា រុស្ស៊ី អារ៉ាប់ ប៉ុន្តែ ក៏ត្រូវ​រក្សា​ទីផ្សារ​ចាស់​ដែលមាន​ស្រាប់​នៅ​អឺរ៉ុប និង​អាមេរិក ផងដែរ ជាមួយនឹង​ការបង្កើន​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍ “​កម្ពុជា : ព្រះរាជាណាចក្រ​អច្ឆរិយៈ​”​។ ទន្ទឹមនេះ ត្រូវខិតខំ​ផ្សព្វផ្សាយ​ពី​ម្ហូបអាហារ​ខ្មែរ និង​បង្អែម​ខ្មែរ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។​

​ទី​៦-​គណៈកម្មការ​អន្តរក្រសួង ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្តស​ម្រួ​ល​ការធ្វើដំណើរ​ឲ្យ​កាន់តែ​រលូន នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ត្រូវ​បន្ត​ខិតខំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បដិសណ្ឋារកិច្ច​ឲ្យ​កាន់តែ​ប្រសើរឡើង ដូចជា ចំណតរថយន្ត កន្លែង​រង់ចាំ អគារ​អ្នកដំណើរ សេវា​ប្តូរប្រាក់ សេវា​ព័ត៌មាន​៘ ជាពិសេស ការសម្រួល​បែបបទ​ធ្វើដំណើរ​ឲ្យ​រហ័ស និង​ខិតខំ​កាត់បន្ថយ​របាំង​មិនចាំបាច់​នានា​ឲ្យ​បានល្អ​។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ិ​វិល ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ខិតខំ​សម្រួល និង​ទាក់ទាញ​ឲ្យ​មាន​ការតភ្ជាប់​ការហោះហើរ​ឲ្យ​បាន​ច្រើន​ថែមទៀត​ពី​អាស៊ាន អាស៊ាន​បូក​បី ឥណ្ឌា រុស្ស៊ី អារ៉ាប់ និង​ទីផ្សារ​អឺរ៉ុប មក​កម្ពុជា​និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អាកាសចរ​ជាតិ​អង្គ​អ៊ែរ ពង្រីក​ជើងហោះហើរ​ឲ្យ​កាន់តែច្រើន ទៅក្នុង​តំបន់ ជាពិសេស​ក្នុង​អាស៊ាន និង​អាស៊ាន​បូក​បី​។​

​ទី​៧-​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ ជាពិសេស​អង្គការ​នគរបាល​ទេសចរណ៍ ត្រូវ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវទេសចរ​។ សម្តេច​គាំទ្រ​ដល់​ប្រតិបត្តិ​ករ អាជីវករ​ទេសចរណ៍ ក្នុងការ​ចូលរួម​បង្កើត​ឲ្យ​មាន​សន្តិសុខ​ឯកជន​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​នៅតាម​គោលដៅ​ទេសចរណ៍​ទាំងឡាយ ដើម្បី​ជា​ជំនួយ​ដល់​កម្លាំង​សន្តិសុខ​សាធារណៈ​របស់​យើង​។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍​ត្រូវ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងសុខាភិបាល វិស័យ​ឯកជន ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ធានារ​សុវត្ថិភាព​សង្គ្រោះ​ភ្ញៀវទេសចរ ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត ដោយ​ត្រូវ​រៀបចំ​ឲ្យ​មាន​ផែនការ​ជាតិ​ធានា​សុវត្ថិភាព​ភ្ញៀវទេសចរ និង​ត្រូវ​ដាក់ចេញ​នូវ​យន្តការ និង​វិធានការ​ច្បាស់លាស់​នូវ​សេវា​សន្តិសុខ សង្គ្រោះបន្ទាន់ ជាដើម​។​

​ទី​៨-​ត្រូវ​យកចិត្តទុកដាក់​ជំរុញ​បង្កើត​សហគមន៍​អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍ និង​សមាគម​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ ពិសេស​នៅ​តំបន់​ទេសចរណ៍​អាទិភាព​សំដៅ​ធ្វើការ​ការពារ​អភិរក្ស​សម្បត្តិ​ធនធានធម្មជាតិ វប្បធម៌​ប្រពៃណី​តំបន់ និង​ធ្វើ​ឲ្យ​បងប្អូន​ប្រជាជន​នៅ​មូលដ្ឋាន​មានមុខ​របរ មានការ​ងារ​ធ្វើ និង​ទទួលផល​ពី​សកម្មភាព​ទេសចរណ៍​ទាំងឡាយ និង​សកម្មភាព សេដ្ឋកិច្ច​និង​ទប់ស្កាត់​ចំណាកស្រុក​។​

​ទី​៩- ស្របពេល​ដែល​យើង​ខិតខំ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ឲ្យ​មក​ទស្សនា​កម្ពុជា យើង​ក៏​មិនត្រូវ​ភ្លេច​ពី​ភាព​សំខាន់ និង​ភាពចាំបាច់​ក្នុងការ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ដែល​មិន​ត្រឹមតែ​ចូលរួម​ដល់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​រយៈពេល​យូរអង្វែង និង​ចូលរួមចំណែក​ដល់​ការរក្សា​លំនឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​លើ​កំពស់​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ និង​ការ​ឲ្យ​តម្លៃ​ដល់​ធនធាន​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ​ដ៏​សម្បូណ៌​បែប​ទៀតផង​។​

​ទី​១០-​ជាការ​ពិត ដើម្បី​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ក្នុងការ​អភិវឌ្ឍ គ្រប់គ្រង និង​ការធ្វើ​ធុរកិច្ច​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ហើយ​ការចូលរួម​នៅទីនេះ គឺ​មិន​ត្រឹមតែ​ផ្តោតលើ​ថ្នាក់ដឹកនាំ​ឬ អ្នក​ដាក់ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ផងដែរ​ដល់​តួនាទី​របស់​ប្រតិបត្តិការ​ទេសចរណ៍ ព្រមទាំង​អ្នកផ្តល់​សេវា​នា ដែល​ទ្រទ្រង់​ដល់​វិស័យ​ទេសចរណ៍ បណ្តា​ដៃគូ​អភិវឌ្ឍ និង​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន និង​ទេសចរ​ផងដែរ ដោយ​ត្រូវ​ផ្សារភ្ជាប់​នឹង​ជម្រើស​ប្រកបដោយ​ការទទួលខុសត្រូវ​ខាង​ផ្នែក​បរិស្ថាន​។ ក្នុងន័យនេះ ក្រសួងទេសចរណ៍​ត្រូវខិតខំ​រួមចំណែក​ពង្រឹងសមត្ថភាព​វិស័យ​ឯកជន ជាពិសេស សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ឲ្យ​កាន់តែ​រឹងមាំ ក្នុងនោះ សមាគម​ឧស្សាហកម្ម​ទេសចរណ៍ ត្រូវមាន​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ បទបញ្ជាផ្ទៃក្នុង រចនាសម្ព័ន្ធ​ការងារ​ច្បាស់លាស់ ដើម្បី​អាចធ្វើ​ការ​កាន់​តែមាន​ប្រសិទ្ធភាព ឲ្យ​សក្តិ​សមជា​ដៃគូ​ដ៏​ល្អ​ជាមួយ​រាជរដ្ឋាភិបាល ក្នុងកា​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ដើម្បី​សមាហរណកម្ម​ក្នុង​តំបន់​អាស៊ាន​ផងដែរ​៕​

What Next?

Recent Articles

2 Responses to "សម្តេច ​ហ៊ុន សែន ផ្តល់​អនុសាសន៍ ១០ ចំណុច​លើកកម្ពស់​វិស័យ​ទេសចរណ៍​"

  1. ta sok san says:

    GOOD ADVICES – GOOD LECTURES … I SUPPORTED

  2. មិនមានបំណងចែកចែកពីចំណូលបានមកពីទេសចរណ៍នោះទេ ? អ្នក
    សៀមរាបដែលជាកូនចៅពូជពង្សអង្គរម្ចាស់ទឹកដីកេរ្តិតំណែលប្រាសាទរាប់រយ
    នៅតាមជនបទ មានសង្ឃឹមតិចណាស់នឹងបានឆ្លងផុតពីភាពក្រីក្រ ។
    បើអស់លោកដោះស្រាយបញ្ហានេះមិនជោគជ័យទេ គឹមានសង្ឃឹម
    តែលើអ្នកដឹកនាំកេ្មងៗជំនាន់ក្រោយ តែត្រូវរងចាំពួកអស់លោក
    អស់សង្ខាលាចាលោកី និងលាចាកទាំងមុខតំណែង ស្មើភាព
    គ្នានៅពេលចូលក្នុងម្ឈូស មិនកិបកេងពីចំណូលរបស់ជាតិទៀតទេ? ៕