សូយ សុធា មាន​ជីវភាព​គ្រាន់​បើ​ក្រោយ​ចាប់​យក​អាជីព​ប្រដាល់ ហើយ​នាង​ចង់​ក្លាយ​ជា​ចៅក្រម

04 July 2012
យឺន ពន្លក​
ភ្នំពេញ ប៉ុស្តិ៍

កីឡាការិនី​រូប​​ស្រស់ សមត្ថភាព​​ខ្ពស់ សូយ សុធា ​​នា​ពេល​ហ្វឹក​ហាត់​នៅ​ឯ​ផ្ទះ​ជួល​របស់​នាងកាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​។ យឺន ពន្លក

កីឡាការិនី​រូប​​ស្រស់ សមត្ថភាព​​ខ្ពស់ សូយ សុធា ​​នា​ពេល​ហ្វឹក​ហាត់​នៅ​ឯ​ផ្ទះ​ជួល​របស់​នាងកាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​។
យឺន ពន្លក

ភ្នំពេញៈ វា​ជា​រឿង​កម្រ​ណាស់​ដែល​កញ្ញា​វ័យ​ក្មេង មាន​រូប​សម្ជស្ស​ស្រស់​សម្រេច​ចិត្ត​ចូល​ហាត់​កីឡា​ប្រដាល់​ក្បាច់​បុរាណ​ ខ្មែរ​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ​ នាង​បាន​រួម​ចំណែក​ជួយ​ឧបត្ថម្ភ​គ្រួសារ​ឪពុក​ម្តាយ​ឲ្យ​មាន​ភាព​ធូរ​ស្រាល មួយ​កម្រិត​ទៀត​ផង​។

ក្នុង​ជំនួប​សម្ភាសន៍​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ផ្ទះ​ជួល​មួយ​ជិត​សាលា​បឹង​ត្របែក​ នា​រាជធានី​ភ្នំពេញ​ កញ្ញា​ សូយ ​សុធា​ ដែល​ជា​អ្នក​ប្រដាល់​កំពុង​តែ​មាន​ភាព​ល្បីល្បាញ​នោះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ នាង​បាន​យក​កម្លាំង​កាយ កែង ​ជង្គង់ និង​ក្បាច់​គុន ដើម្បី​រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

នាង​បាន​អះអាង​ថា ជីវភាព​របស់​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ​ជាង​កាល​ពី​នាង​មិន​ទាន់​ប្រឡូក​លើ​សង្វៀន​ប្រដាល់។

ដំណើរ​ជីវិត​មុន​ពេល​ចាប់​អាជីព​កីឡា​

ឈ្មោះ​ពិត​របស់​កីឡាការិនី​រូប​ស្រស់ សូយ​ សុធា​ គឺ​ ហែម គន្ធា​។ បច្ចុប្បន្ន​នាង​មាន​អាយុ​២១​ឆ្នាំ​ កម្ពស់​១៦០​សង់ទីម៉ែត្រ ទម្ងន់​៥២​គីឡូក្រាម​ ប៉ុន្តែ​ក្នុង​ការ​ប្រកួត​នាង​វាយ​ក្នុង​ទម្ងន់​រហូត​ដល់​ពី​៥៧​ទៅ​៦០ គីឡូក្រាម​ឯណោះ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ឡើយ​។​

សុធា ​មាន​ស្រុក​កំណើត​នៅ​ភូមិ​អង្គ​រំដួល​ ឃុំ​អង្គរជ័យ​ ស្រុក​អង្គរជ័យ​ ខេត្ត​កំពត​។​ នាង​មាន​បង​ប្អូន​តែ​ពីរ​នាក់​គត់​គឺ​រូប​នាង​ និង​បង​ប្រុស​ម្នាក់​ដោយ​ស្ថិត​នៅ​ក្នុង​គ្រួសារ​កសិករ​មួយ​ដែល​មាន​ដី​ស្រែ តិច​តួច​មិន​អាច​បង្កបង្កើន​ផល​ហូប​ចុក​គ្រប់គ្រាន់​ឡើយ​។

ដោយ​សារ​តែ​ភាព​ក្រីក្រ នាង​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៦​ក្នុង​អាយុ​១៦​ឆ្នាំ ហើយ​បាន​សម្រេច​ចិត្ត​ចេញ​មក​ស្វែងរក​ការងារ​នៅ​ភ្នំពេញ​។​

ភាពអវិជ្ជា និង​គ្មាន​មុខ​ជំនាញ​ពិតប្រាកដ ជា​បញ្ហា​រាំង​ខ្ទាស់​ដ៏​ធំ​សម្រាប់​រូប​នាង ក្នុង​ការ​ស្វែងរក​ការងារ​ដ៏​សមរម្យ​មួយ។ ប៉ុន្តែ​ជា​ដំបូង​ នាង​បាន​ខិត​ខំ​ធ្វើ​នំ​ជាមួយ​ម្តាយ​ ហើយ​ដើរ​លក់​នំ​ដោយ​ខ្លួន​ឯង​។

ក្រោយ​មក​ជាមួយ​នឹង​ការ​ប្រកប​របរ​ជា​អ្នក​ធ្វើ​នំ​លក់​ដោយ​រស់​នៅ​ក្នុង​ផ្ទះ មួយ នាង​ទទួល​បាន​ឱកាស​ចូល​ធ្វើ​ជា​កម្មការិនី​នៅ​ក្នុង​រោងចក្រ​មួយ។ ប៉ុន្តែ ការងារ​នេះ មិន​បាន​ធ្វើ​ឲ្យ​រូប​នាង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ឡើយ នាង​ក៏​សម្រេច​ចិត្ត​ផ្អាក ហើយ​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ធ្វើ​នំ​លក់​ម្តង​ទៀត។

កញ្ញា​ដែល​មាន​ឈ្មោះ​ពិត ហែម គន្ធា​ រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ក្តី​សុបិន​របស់​ខ្លួន​ថា៖ «ខ្ញុំ​មាន​ក្តី​សុបិន​ចង់​ក្លាយ​អ្នក​អ៊ុតសក់ ឬ​អ្នក​សម្អាង​តុប​តែង​កាយ​ឲ្យ​គេ​ ហើយ​ខ្ញុំ​សន្សំ​បាន​ប្រាក់​មួយ​ចំនួន​ដើម្បី​ទៅ​រៀន​មុខ​វិជ្ជា​នេះ។ ​ប៉ុន្តែ​ដោយ​ជួប​ឧបសគ្គ​ និង​ការ​លំបាក​គ្មាន​ប្រាក់​ហើយ​គិត​ថា​ បើ​រៀន​ចេះ​ក៏​គ្មាន​ដើម​ទុន​បើក​ហាង​ដែរ​នោះ​ ខ្ញុំក៏​​បាន​សម្រេច​ចិត្ត​បោះ​បង់​ក្តី​សុបិន​នេះ​ចោល​ទៅ​វិញ។ ស្រប​ពេល​ដែល​ខ្ញុំ​ជួប​នូវការខក​ចិត្ត ហើយ​រស់នៅ​ដោយ​គ្មាន​ការងារ​មួយ​រយៈនោះ ខ្ញុំក៏​បាន​ជួប​លោក​គ្រូ សូយ សុខុម នៃ​ក្លិប​ប្រដាល់​អូរដឹម​កីឡា។ គាត់​​បាន​ណែនាំ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ហ្វឹកហាត់​ប្រដាល់​ដើម្បី​ឡើង​ប្រកួត​ រក​ប្រាក់ ពី​ព្រោះ​វាងាយ​ស្រួល​ក្នុង​ការ​រក​ប្រាក់ ដោយ​ការ​ប្រកួត​ម្តងៗ​អាច​ទទួល​បាន​យ៉ាង​តិច​ចំនួន​២០​ម៉ឺន​រៀល»។

ផ្លែ​ផ្កា​ក្រោយ​ពេល​ចាប់​យក​អាជីព​ជា​កីឡាការិនី​ប្រដាល់

សុធា​ បាន​រៀប​រាប់​ពី​សកម្មភាព​ហ្វឹកហាត់​ និង​ការ​ឡើង​ប្រកួត​ថា​៖ «​នៅ​ពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ចូល​ហ្វឹក​ហាត់​ជា​មួយ​លោក​គ្រូ​ សូយ ​សុខុម​ នៅ​ក្លិប​អូរដឹម​កីឡា​ដែល​ស្ថិត​នៅ​ខាង​លិច​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ ភ្នំពេញ​នោះ ដំបូង​ខ្ញុំ​ត្រូវ​ហាត់​សម​ជា​មួយ​អ្នក​ប្រដាល់​ប្រុសៗ​ដូច​ជា​កីឡាករ​ សូយ ​គោ ​សូយភិរម្យ​ ជា​ដើម ពីព្រោះ​គ្មាន​អ្នក​ប្រដាល់​ស្រី​ត្រូវ​ហាត់​ជាដៃ​គូ​ឡើយ​»។

ភាព​សាំ​នូវ​កម្លាំង​ដៃ​ធ្ងន់​ និង​ជង្គង់​ខ្លាំង​របស់​ប្រុសៗ​ក៏ជា​ការ​ជំរុញ​ឲ្យ​ការ​ហ្វឹកហាត់​របស់​ សុធា មាន​កម្រិត​ខ្លាំង​ ហើយ​អាច​ស៊ូ​ទៅ​នឹង​ការ​ហត់​ និង​មាន​ថាមពល​វាយ​បាន​ល្អ​ដោយ​មិន​សន្លប់​នៅ​មុន​ស្នូរ​ជួង​ទឹក​ទី៥​ឡើយ ​។

នា​ការ​ឈាន​ចូល​ក្នុង​ពិភព​ប្រដាល់​ជា​លើក​ដំបូង​នៅ​ទូរទស្សន៍​បាយ័ន​ជា​ មួយ​កីឡា​ការិនី​ ជ័យ ​ប៊ុនរាជ​ មក​ពី​ខេត្ត​សៀមរាប​ នាង​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ ​និង​ទទួល​បាន​ប្រាក់​២០​ម៉ឺន​រៀល​ ដែល​វាជា​ការ​រំភើប​មួយ​ និង​ជំរុញ​ឲ្យ​នាង​កំណត់​ទិស​ដៅ​ចាប់​យក​អាជីព​ប្រដាល់​ឲ្យ​បាន​ជាប់​លាប់ ព្រម​ទាំង​តាំង​ចិត្ត​ថា​នឹង​យក​ឈ្នះ​ ដើម្បី​ភាព​ល្បីល្បាញ​សម្រាប់​អនាគត​។

នៅ​ក្នុង​ប្រវត្តិ​ប្រកួត​របស់​សូយ សុធា​នាង​បាន​ប្រកួត​ចំនួន​២៦​ដង​ ឈ្នះ​២០​ដង​ចាញ់​៥​ដង​ ស្មើ​១​ដង​ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ចំនួន​២​ដង ​ក្នុង​នោះ​នាង​ធ្លាប់​ប្រកួត​ជាមួយ​កីឡា​ការិនី​មក​ពី​ប្រទេស​ថៃ និង​បារាំង​ផង​ដែរ​។

កីឡាការិនី​ដែល ​សូយ​ សុធា​ ធ្លាប់​បាន​ប្រកួត​ឈ្នះ​មាន​ដូចជា ជ័យ​ ប៊ុនរាជ គិន​ ស្រី​យ័ន្ត​ នួន​ ចំរុង ​សុខ​ ស្រីទូច​ធី កន្និកា វី ស្រី​ខួច ​និង​ឈ្នះ​បារាំង​។ នាង​ធ្លាប់​បាន​ចាញ់​កីឡាការិនី​ថៃ ​កីឡាការិនី​ម៉ារីយ៉ែត មក​ពី​ប្រទេស​បារាំង​ និង​ចាញ់​វី​ ស្រីខួច ផង​ដែរ​។​

ការ​ប្រកួត​ចាញ់​ទាំង​ប៉ុន្មាន​ត្រូវ​បាន​សូយ សុធា ​អះអាង​ថា​ មក​ពី​ទម្ងន់​គេ​លើស​ខ្លួន ហើយ​អ្វី​ដែល​នាង​មិន​ចង់​ប្រកួត​ជាមួយ​ត​ទៅ​ទៀត​គឺ វី ស្រីខួច​ និង​ម៉ារីយ៉ែត​ពី​ព្រោះ​នាង​ចាញ់​ទាំង​ទម្ងន់​ផង​ និង​ចាញ់​កម្ពស់​ថែម​ទៀត​ ប៉ុន្តែ​នៅ​ពេល​ទម្ងន់​ត្រូវ​បាន​ស្មើ​គ្នា​គឺ​នាង​ធានា​មិន​ឲ្យ​ចាញ់​ទៀត​ ឡើយ​។

មក​ដល់​ពេល​នេះ​ ការ​ប្រកួត​របស់​សូយ​ សុធា​ កំពុង​ទទួល​បាន​នូវ​ការ​ពេញ​និយម​ពីអ្នក​ទស្សនា​ និង​ពេញ​ចិត្ត​ពី​បណ្តា​ក្រុមហ៊ុន​ឧបត្ថម្ភ​កម្មវិធី​ ប៉ុន្តែ​ក្នុង​មួយ​ខែ​នាង​ទទួល​បាន​ពីរ​ដង​ប៉ុណ្ណោះ​ហើយ​តម្លៃ​ខ្លួន​ប្រកួត​របស់​នាង​បាន​កើន​ដល់​៤០​ម៉ឺនរៀល​ហើយ​។​

សុធា​ បាន​និយាយ​ថា​៖ «ប្រសិន​បើ​ក្នុង​មួយ​ខែ​ខ្ញុំ​ទទួល​បាន​ការ​ប្រកួត​៤​ដង​នោះ​វា​គឺជា​ បំណង​ពិត​ប្រាកដ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​លាឈប់​ពី​ការ​ងារ​ដ៏​មមាញឹក​មួយ​ចំនួន​ដែល​ស្ទើរ​តែ​រក​ ពេល​សម្រាក​មិន​បាន​»។​

នៅ​ក្នុង​បន្ទប់​តូច​ល្មម​ក្នុង​ផ្ទះ​ជួល​ដែល​ស្នាក់​នៅ​រួម​គ្នា​ចំនួន​៧​ នាក់​ គឺ​មាន​សុធា តែ​ម្នាក់​គត់​ដែល​ជា​អ្នក​ប្រដាល់​រីឯ​៦​នាក់​ទៀត​មាន​មុខ​របរ​ជា​ កម្មការិនី​ និង​ជា​អ្នក​រត់​តុ​ក្នុង​ហាង​ផ្សេង​ៗ​​។​

ស្រីកា អាយុ​២១​ឆ្នាំ ​ដូច​ សូយ សុធា​ដែល​នៅ​ក្នុង​បន្ទប់​តែ​មួយ​បាន​និយាយ​ឲ្យ​ដឹង​ថា៖ «​ពួក​ខ្ញុំ​មិន​អាច​ធ្វើ​ដូច​សុធា​បាន​ទេ​ពីព្រោះ​គេ​មាន​ការ​ងារ​ច្រើន ​និង​រក​ប្រាក់​ពី​ការ​ប្រកួត​ប្រដាល់​»។​

នាង​បាន​ឲ្យ​ដឹង​ថា​ ពេល​ជិត​ភ្លឺ​ សូយ​សុធា​ភ្ញាក់​ឡើង​រត់​ជាង​១០​គីឡូម៉ែត្រ​និងហាត់​ប្រ​ដាល់​ ហើយ​ចាប់​ពី​ម៉ោង​២​រសៀល​រហូត​ដល់​ម៉ោង​១០​យប់ ​សុធា​ទៅ​ធ្វើការ​នៅ​រោង​ចក្រ​កាត់​ដេរ​នៅ​ជិត​តាខ្មៅ​ឯណោះ​។

អ្នក​ស្រី​ ទុំ​ស៊ូវ​ ម្តាយ​បង្កើត​របស់​កីឡា​ការិនី​ សូយ​ សុធា ​ដែល​កំពុង​​ស្នាក់​នៅ​ឯខេត្ត​កំពត​ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖«​ដំបូង​ខ្ញុំ​និង​ឪពុក​វា​បាន​ប្រឆាំង​មិន​ឲ្យ​កូន​ស្រី​នេះ រក​លុយ​តាម​រយៈ​ការ​ឡើង​ប្រដាល់​ឡើយ ព្រោះ​ខ្លាច​គ្រោះ​ថ្នាក់​ និង​បែក​មុខ​បែក​មាត់​ខូច​សម្រស់​ ប៉ុន្តែ​ពួក​យើង​មិន​អាច​រារាំង​គេ​បាន​ឡើយ»​។

អ្នក​ស្រី​បាន​បន្ត​ថា រយៈ​ក្រោយ​ពេល​ឡើង​ប្រកួត​ទទួល​បាន​ជ័យជម្នះ​ និង​បាន​ប្រាក់​ជួយ​មក​ដល់​គ្រួសារ ​និង​គ្មាន​បញ្ហា​គ្រោះថ្នាក់​នោះ​ ពួក​គាត់​បាន​គាំទ្រ​ចំពោះ​អាជីព​នេះ។ ​សព្វ​ថ្ងៃ​នៅ​ពេល​ដែល​សុធា​ឡើង​ប្រកួត អ្នក​ភូមិ​មើល​តាម​ទូរទស្សន៍​ច្រើន​ណាស់​ពិសេស​នៅ​តាម​ហាង​លក់​កាហ្វេ​។

កញ្ញា​កីឡាការិនី​រូប​ស្អាត បាន​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ប្រដាល់​គឺជា​មុខ​របរ​មួយ​ដែល​រក​ប្រាក់​ចំណូល​ប្រកប ដោយ​សុចរិត យុត្តិធម៌ និង​តាម​សមត្ថភាព​របស់​ខ្លួន។ នាង​បាន​អះអាង​ថា៖ «សព្វ​ថ្ងៃ​ ខ្ញុំ​មាន​កម្លាំង​ប្រកួត គឺ​ចង់​បាន​មួយ​ខែ​ប្រកួត​៤ដង ​ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ប្រកួត​មិន​កើត​ចង់​រៀន​ធ្វើ​ជា​ចៅក្រម​អាជ្ញា​ កណ្តាល​ដូច​គេ។ អ្វី​ដែល​ខ្ញុំ​មាន​រហូត​ដល់​ពេល​នេះ គឺ​ខ្ញុំ​មិន​ភ្លេច​គុណ​នោះ​ឡើយ​ចំពោះ​ការ​ណែនាំ​របស់​លោក​គ្រូ សូយ សុខុម»។​

លោក សូយ សុខុម​ គ្រូ​បង្វឹក​ក្លិប​អូរដឹម​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សូយ ​សុធា​ ផ្តើម​ចេញ​ពី​ស្នាដៃ​ដែល​លោក​ធ្វើ​ការ​បង្វឹក​ដោយ​ផ្ទាល់​ ហើយ​ឥឡូវ​នេះ​ ប្រសិន​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ដូច​គ្នា​នាង​មិន​អាច​រក​ដៃ​គូ​ ប្រកួត​បាន​ទេ​។

លោក​បាន​បន្ត​ថា ​កន្លង​មក ​សុធា​មាន​ទម្ងន់​មិន​គ្រប់​៥២​គីឡូក្រាម​ផង ប៉ុន្តែ​នាង​ហ៊ាន​ប្រកួត​ជាមួយ​ដៃ​គូ​ដែល​មាន​ទម្ងន់​រហូត​ដល់​ពី​៥៧​ទៅ​៦០ គីឡូក្រាម​ឯ​ណោះ៕

What Next?

Recent Articles

6 Responses to "សូយ សុធា មាន​ជីវភាព​គ្រាន់​បើ​ក្រោយ​ចាប់​យក​អាជីព​ប្រដាល់ ហើយ​នាង​ចង់​ក្លាយ​ជា​ចៅក្រម"

  1. Name says:

    សាទរចំពោះភាពជោគជ័យ និងការតស៊ូ ទន្ទឹមនោះក៏ត្រូវរៀនស្វែងយល់ចំណេះអោយបានច្រើនផងដែរ។ ចង់ធ្វើជាចៅក្រមមិនមែនចេះតែចង់នោះទេ។ ការដែររៀនខ្ពស់ថ្នាក់នៅសាលាមិនទាន់គ្រប់គ្ាន់ដែរតែការរៀនពីសង្គមគឺជាល្អ

  2. អបអរសាទរប្អូន ណា ខំទៅ វាជារបរសុច្ចរិត​ ទៀងត្រង់ មិនមានអ្នកណាមើលងាយប្អូនទេ

  3. ពិតជាល្អណាស់ដែលមានទឹកចិត្តស្នេហាកីឡាប្រដាល់
    បើនាងខំប្រឹងលើសនេះទៀតនាងល្បីហើយមានអ្នកគាំទ្រកាន់តែច្រើន
    ពីព្រោះនាងជាកីឡាការីដែលមានរូបសម្ផស្សស្រស់ផងនោះ។

  4. Mee Lam Trout says:

    Good Lucks Lady!

  5. moeun.sadang says:

    ល្អណាស់ សុធា ប្រឹងឡើង ! កុំប្រកួតញឹកពេក ប្រយ័ត្នបាក់កម្លាំង មួយខែ ពីដងបានហើយ!

  6. Name says:

    សុធា​ ខ្ញុំគាំទ្រនាង​ នាងជាកីឡាការិនីដ៏ល្អទី១របស់ប្រកម្ពុជានៅក្នុងប្រវត្តិសាស្រ្តផ្នែកកីឡាប្រដាល់ ខ្ញុំសង្ឃឹមថានឹងបានឃើញនាងមានឈ្នោះបោះសំឡេង នៅក្នុងឆាកអន្តរជាតិទៀត មាន Asia game និង Olympic game ជាដើម សូមអោយនាងមានសុខភាពល្អ​ និង ជោគជ័យក្នុងអាជីព។