កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣៧ និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ឆ្នាំ​២០១៣

ថ្ងៃទី 6 កក្កដា 2012
ដោយ: CEN

​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ប្រទេស​រុស្ស៊ី (រូបថត​៖ ទីស្តីការគណៈរដ្ឋមន្ត្រី)

​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ប្រទេស​រុស្ស៊ី
(រូបថត​៖ ទីស្តីការគណៈរដ្ឋមន្ត្រី)

ភ្នំពេញ: គណៈប្រតិភូ​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​៣៦ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា រហូតដល់​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី បានប្រកាសថា កម្ពុជានឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣៧ និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ឆ្នាំ​២០១៣​។​

​សេចក្តីប្រកាស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញថា ក្នុងឱកាស​សម័យប្រជុំ​នៃ​គណៈកម្មាធិការ យូណេស្កូ នៅ​ប្រទេស​រុស្ស៊ី គណៈប្រតិភូ​បាន​ជួប​ពិគ្រោះ​យោបល់​ជាមួយ​លោកជំទាវ Eleonora Mitrofanova ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក និង​បាន​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណៈប្រតិភូ និង​ឯកអគ្គរដ្ឋទូត​ទាំងអស់​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​គណៈកម្មាធិកា​រ និង​គណៈប្រតិភូ​សំខាន់ៗ​មួយចំនួនទៀត ដែល​មិនមែនជា​សមាជិក​គណៈកម្មាធិកា​រ ព្រមទាំង​គណៈប្រតិភូ​តំណាង​ឲ្យ​ស្ថាប័ន​សំខាន់ៗ​របស់​យូណេស្កូ ដើម្បី​ចលនា​ស្វែងរក​ការគាំទ្រ​ដល់​កម្ពុជា ដែល​បានដាក់​ពាក្យស្នើសុំ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​។​

​សេចក្តីប្រកាស បញ្ជាក់ថា ជា​លទ្ធផល នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១២ គណៈកម្មាធិការ​បានសម្រេច​ជា​ឯក​ច្ឆ​ន្ទ​លើ​បេក្ខភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣៧ និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ឆ្នាំ​២០១៣​។​

​សេចក្តីប្រកាស​ដដែល ក៏បាន​លើកឡើងថា ការកំណត់​យក​ទីក្រុង​ភ្នំពេញ និង​សៀមរាប ជាទី​កន្លែងសម្រាប់​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣៧ បន្ទាប់ពី​ទីក្រុង​ប្រា​ស៊ី​ល​យ៉ា ទីក្រុង​ប៉ារីស និង​ទីក្រុង St. Petersburg មានន័យថា គណៈកម្មាធិការ បានផ្តល់​កិត្តិយស​ដ៏​ធំធេង​ដល់​ប្រទេស​កម្ពុជា និង​ផ្តល់​តម្លៃ​ដ៏​ថ្លៃថ្លាដល់​អារ្យធម៌​របស់​យើង ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ​។ នេះ​គឺជា​និមិត្តរូប​ដ៏​មាន​សារ​សំខាន់បំផុត ដែល​ចូលរួមចំណែក​ពង្រឹងនិង​ពង្រីក​កិត្យានុភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។

​សេចក្តីប្រកាស​ដដែល បាន​លើកឡើងថា ជាការ​ពិតណាស់ សេចក្តីសម្រេច​នេះ គឺជា​ការបញ្ជាក់​ឡើងវិញ​នូវ​ការទទួលស្គាល់​ដល់​៖

១.​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនា​បី​តេ​ជោ ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់​តម្លៃ​វប្បធម៌​ជាតិ និង​ការការពារ​បេតិកភណ្ឌ​វប្បធម៌ ជាពិសេស​តំបន់​បេតិកភណ្ឌ​អង្គរ និង​ព្រះវិហារ​។​

២.​តួនាទី​យ៉ាងសកម្ម​របស់​កម្ពុជា​នៅក្នុង​កិច្ចការ​អន្តរជាតិ ជាពិសេស​ក្នុង​ការងារ​អង្គការ​យូណេស្កូ និង​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អស់​រយៈពេល​៣​ឆ្នាំកន្លងមក​។​

៣.​សមត្ថភាព​របស់​កម្ពុ​ជា​លើ​ការថែរក្សា​ស្ថិរភាព​នយោបាយ និង​ការងារ​ការពារ​សន្តិសុខ​និង​សុវត្ថិភាព​ក្នុងការ​រៀបចំ​សន្និសីទ​កម្រិត​អន្តរជាតិ និង​ការទទួល​បដិសណ្ឋារកិច្ច​ដល់​ភ្ញៀវ​អន្តរជាតិ​។​

​សេចក្តីប្រកាស ក៏បាន​លើកឡើងថា ជាងនេះទៀត ការសម្រេច​ផ្តល់​កិត្តិយស​ដល់​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ ជាការ​បញ្ជាក់​នូវ​ជំនឿ​ទុកចិត្ត​របស់​សហគមន៍​អន្តរជាតិ មកលើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។​

​សេចក្តីប្រកាស លើកឡើងថា នៅក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣៧ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នេះ កម្ពុជា​នឹង​ទទួល​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ប្រហែល ៨០០​នាក់ រួមមាន អ្នកការទូត និង​អ្នកជំនាញ​ខាង​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ដែល​មកពី​ទ្វីប​ទាំង ៥ នៃ​ពិភពលោក​ទាំងមូល តំណាង​ឲ្យ​វប្បធម៌​នៃ​បណ្តា​ប្រទេស ១៨៩ ដែលជា​រដ្ឋ​សមាជិក​អនុសញ្ញា​ឆ្នាំ​១៩៧២ ស្តីពី​ការការពារ​បេតិកភណ្ឌ​វប្បធម៌​និង​ធម្មជាតិ​ពិភពលោក ក្នុងចំណោម​សមាជិក​ទាំង​១៩៥ នៃ​អង្គការ​យូណេស្កូ​។​

​សេចក្តីប្រកាស ក៏បាន​លើកឡើងថា នេះ​គឺជា​អង្គពិធី​ជា​សាកល​មួយ ដែល​ប្រជាជាតិ​នៃ​ពិភពលោក​ទាំងមូល​ជួបជុំគ្នា ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ និង​បទពិសោធន៍​គ្នា សំដៅ​ជំរុញ​ការអភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​ប្រកបដោយ​ចេរភាព និង​សម្តែង​នូវ​ការគោរព​ដល់​បេតិកភណ្ឌ​របស់​មនុស្សជាតិ​៕ S

What Next?

Recent Articles