ក្រសួង​ព័ត៌មាន​ប្រកាស​អនុញ្ញាត​ឲ្យ​កាសែត​ចិន​ផ្សាយ​ជា​ផ្លូវការ

ដោយ សុខ សេរី
2012-07-06
​វិទ្យុ​អាស៊ីសេរី

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធិ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ប្រកាស​អនុញ្ញាត​ឲ្យ​កាសែត​ចិន​ថ្មី​មួយ​ឈ្មោះ ខ្មែរ ដេលី (Khmer Daily Newspaper) ចេញ​ផ្សាយ​ជា​ផ្លូវការ​ចាប់​ពី​ពេល​នេះ​តទៅ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធិ (ស្តាំ) ជួប​ជាមួយ​ចាងហ្វាង​កាសែត ខ្មែរ ដេលី លោក ឆាវ អ៊ីនទ័រ (កណ្ដាល) នា​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធិ (ស្តាំ) ជួប​ជាមួយ​ចាងហ្វាង​កាសែត ខ្មែរ ដេលី លោក ឆាវ អ៊ីនទ័រ (កណ្ដាល) នា​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Sok Serey

កាសែត​ថ្មី​នេះ​ចេញ​ផ្សាយ​ក្នុង​មួយ​សប្ដាហ៍ ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ច័ន្ទ រហូត​ដល់​ថ្ងៃ​សុក្រ ចំនួន ២.៥០០​ច្បាប់។ នៅ​ថ្ងៃ​អនាគត កាសែត​ថ្មី​នេះ​មាន​គម្រោង​ចេញ​ផ្សាយ​ជា​ភាសា​ចិន ជា​រៀងរាល់​ថ្ងៃ​ដែរ។

កាសែត​របស់​ចិន​សរសេរ​ជា​ភាសា​ខ្មែរ​នោះ ចេញ​ផ្សាយ​ផ្ដោត​លើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន នៅ​គ្រា​ដែល​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ បាន​ឈាន​ដល់​ចំណុច​កំពូល គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កន្លង​មក។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធិ បាន​មាន​ប្រសាសន៍ នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២ ថា កម្ពុជា​មាន​សក្ដានុពល​សេដ្ឋកិច្ច​ច្រើន ប៉ុន្តែ​ការ​យល់​ដឹង​ពី​ប្រទេស​ដទៃ​ទៀត នៅ​មាន​តិច​នៅ​ឡើយ។ រីឯ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក ក៏​នៅ​ខ្វះខាត​ដែរ អំពី​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា។

លោក ខៀវ កាញ៉ារិទ្ធិ៖ «ចំពោះ​ក្រសួង​ព័ត៌មាន គឺ​ជា​ការ​រីករាយ​មួយ ដោយ​សារ​ថា ទី១ យើង​មាន​កាន់​តែ​សម្បូរ​បែប នៃ​សារព័ត៌មាន​របស់​យើង។ កន្លង​មក យើង​មាន​សារព័ត៌មាន​គ្រាន់​តែ​និយាយ​បញ្ហា​ធម្មតា។ ឥឡូវ​នេះ យើង​មាន​សារព័ត៌មាន​គ្រប់​បែប​យ៉ាង គឺ​ទាំង​សារព័ត៌មាន​ដែល​និយាយ​ព្រឹត្តិការណ៍​កើត​ឡើង​ប្រចាំ​ថ្ងៃ សារព័ត៌មាន​វិភាគ សារព័ត៌មាន​សេដ្ឋកិច្ច សារព័ត៌មាន​រថយន្ត ទូរស័ព្ទ ឬ​តារា​ភាពយន្ត ឬ​ក៏​ម៉ូដែល​ស្លៀក​ខោអាវ ផ្ទះ។ ដូច្នេះ​យើង​ឃើញ​ថា ការ​វិវឌ្ឍ​របស់​សង្គម​របស់​យើង​នេះ ពីព្រោះ​បើ​ប្រជាជន​យើង​មិន​មាន​ការ​យល់​ដឹង​ទេ គាត់​យ៉ាង​ច្រើន​ណាស់ មើល​តែ​ដំណឹង​រឿង​ឡាន​បុក​ឆ្កែ បុក​ឆ្មា បុក​មនុស្ស កាប់​ចាក់​គ្នា​ប៉ុណ្ណឹង។ ប៉ុន្តែ​យើង​ឃើញ​ថា កំរិត​ការ​យល់​ដឹង​របស់​ប្រជាជន​យើង​វា​ខ្ពស់»

ទាក់​ទង​នឹង​ការ​ចេញ​ផ្សាយ​នេះ ចាងហ្វាង​នៃ​កាសែត ខ្មែរ ដេលី លោក ឆាវ អ៊ីនទ័រ ដែល​បាន​ចូល​សញ្ជាតិ​ខ្មែរ​ចំនួន​ជាង​ឆ្នាំ​កន្លង​មក​នេះ បាន​មាន​ប្រសាសន៍​ជា​ភាសា​ចិន ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ការ​ចេញ​ផ្សាយ​នេះ គឺ​ស្រប​តាម​តម្រូវ​ការ​របស់​អ្នក​អាន និង​ស្ថានការណ៍​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា៖ «ខ្មែរ ដេលី ក្រៅ​ពី​ផ្សព្វផ្សាយ​ព័ត៌មាន​សេដ្ឋកិច្ច ឬ​ក៏​ព័ត៌មាន​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ហើយ ក៏​អាច​ផ្សព្វផ្សាយ ឬ​ពាំនាំ​ព័ត៌មាន​កាន់​តែ​ច្រើន អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ចិន។ ដូច្នេះ ឈរ​លើ​មូលដ្ឋាន​នៃ​ការ​បង្កើត​កាសែត ខ្មែរ ដេលី ជា​ភាសា​ខ្មែរ យើង​ខ្ញុំ​បច្ចុប្បន្ន​កំពុង​តែ​ត្រៀម​លក្ខណៈ ត្រៀម​កម្លាំង ដើម្បី​ចេញ​ផ្សាយ​កាសែត ខ្មែរ ដេលី ជា​ភាសា​ចិន។ ចំពោះ​គម្រោង គឺ​ពួក​ខ្ញុំ​នឹង​ចេញ​ផ្សាយ​នៅ​ខែ​១០»

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​តែ​ខ្វះខាត​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម៖ «នៅ​ស្រុក​ខ្មែរ ឥឡូវ​ហ្នឹង​ក៏​មាន​អ្នក​រកស៊ី​ក៏​ច្រើន អី​ក៏​ច្រើន។ អីចឹង យើង​មាន​កាសែត​ហ្នឹង​ទៅ ក៏​វា​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង ហើយ​វា​អាច​ផ្តល់​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​បាន​ល្អ»

របាយការណ៍​របស់​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​កាសែត​ជា​ភាសា​ចិន​ចំនួន​បួន​ហើយ កំពុង​តែ​ចេញ​ផ្សាយ​នៅ​ប្រទេស​កម្ពុជា ដោយ​មិន​ទាន់​បាន​រាប់​បញ្ចូល​កាសែត​របស់​ចិន​ជា​ភាសា​ខ្មែរ​ដែល​ទើប​នឹង​ចេញ​ទេ។

ក្រៅ​ពី​នេះ​ទៀត ប្រទេស​កម្ពុជា មាន​កាសែត​ជា​ភាសា​ខ្មែរ​ចំនួន ៣៨៣​អង្គភាព និង​កាសែត​បរទេស​ចំនួន ៦៧​អង្គភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles