សម្រាប់​ព្រឹត្តិការណ៍​ថ្ងៃ​៧​កក្កដា ថ្ងៃ​បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ឆ្នាំនេះ រដ្ឋាភិបាល​ស្ងៀមស្ងាត់​

ថ្ងៃទី 6 កក្កដា 2012
ដោយ: សុខ ភក្តី
CEN

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បានឲ្យដឹងថា ថ្ងៃ​រម្លឹក​ខួប ៤ ឆ្នាំ នៃ​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៧​កក្កដា ឆ្នាំ​២០០៨-​ថ្ងៃ​៧​កក្កដា ឆ្នាំ​២០១២ ឆ្នាំនេះ រដ្ឋាភិបាល នឹង​មិន​រៀបចំ​ពិធី​រម្លឹក​ខួប​អ្វី​ទេ​។ មូលហេតុ មក​ពី​មន្ត្រី​រដ្ឋាភិបាល​ជាប់រវល់​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​
​ ​
​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា “​យើង​កំពុង​តែ​រវល់​គ្រប់​ជ្រុង​។ រាជរដ្ឋាភិបាល គឺ​រវល់​ជាមួយនឹង​ការប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​។ ចំណែក​អ្នក​ដែល​ពាក់ព័ន្ធ​រឿង​វិស័យ​បេតិកភណ្ឌ រវល់​នៅ​ក្រៅ​ប្រទេស​មួយចំនួន​។ ម្លោះ​ហើយ យើងទាំងអស់គ្នា កំពុងតែ​រវល់​។ ដូច្នេះ​រាជរដ្ឋាភិបាល មិន​បាន​ត្រៀម​លក្ខណៈ​ធ្វើ​អ្វី​ធំដុំ​នៅឡើយ​ទេ​”​។​
​ ​
​កាលពី​ថ្ងៃ​ទី​១៣​មិថុនា ឆ្នាំ​២០១២ លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​មាន​គម្រោង​នឹង​ជួបជុំ​ប្រារព្ធ​ពិធី​សាទរ​ទ្រង់ទ្រាយ​ធំ ដូច​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​៧​កក្កដា ដែល​ឆ្នាំ​នេះ ជា​ខួប​លើក​ទី​៤ នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ យើង​ធ្វើ​រូបភាព​ធំ ដូច​រៀងរាល់ឆ្នាំ នៅ​សារមន្ទីរ​តេជោ នៅ​សា​អែម ជើងភ្នំ​ប្រាសាទព្រះវិហារ ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា​អ្នក​ទៅ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​
​ ​
​យ៉ាងណាក៏ដោយ មូលនិធិ​កេរតំណែល​ខ្មែរ ដែល​មាន​លោក​ខៀវ​កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល ជា​ប្រធាន​កិត្តិយស​មូលនិធិ​នេះ នឹង​ជួប​ប្រជុំ នា​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​លើក​ឡើង​ពី​ខួប ៤ ឆ្នាំ នៃ​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕

What Next?

Recent Articles