ថ្ងៃទី 6 កក្កដា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំពេញ: ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០១២ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ កិច្ចប្រជុំជាមួយប្រទេសដៃគូ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំវេទិកាអាស៊ាន លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី២ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣កក្កដា ឆ្នាំ២០១២។ នៅថ្ងៃចាប់ផ្តើមដំបូងនៃកិច្ចប្រជុំ នាថ្ងៃទី៦កក្កដា ឆ្នាំ២០១២ ជាថ្ងៃមកដល់នៃឧត្តមមន្ត្រី តំណាងអចិន្ត្រៃយ៍ និងគណៈប្រតិភូអាស៊ាន។
តាមកម្មវិធី ចាប់ពីម៉ោង ២ ដល់ម៉ោង ៥ រសៀល ថ្ងៃទី៦កក្កដា ឆ្នាំ២០១២ ជាកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន កិច្ចប្រជុំគណៈកម្មការតំណាងអចិន្ត្រៃយ៍អាស៊ាន និងកិច្ចប្រជុំពង្រាងគណៈកម្មការឧត្តមមន្ត្រីអាស៊ាន នៅវិមានសន្តិភាព។ កិច្ចប្រជុំទាំងនោះ ដើម្បីត្រៀមរៀបចំរបៀបវារៈសំខាន់ៗ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី៩កក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី២៩មិថុនា ឆ្នាំ២០១២ បង្ហាញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។ ចំណែកលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ កិច្ចប្រជុំជាមួយប្រទេសដៃគូ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី២ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
សេចក្តីជូនព័ត៌មានដដែល ក៏បានបង្ហាញថា ក្រៅពីកិច្ចប្រជុំខាងលើ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះផងដែរនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀតដូចខាងក្រោម៖
១-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ស្តីអំពីតំណាងសិទ្ធិមនុស្ស នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១២។
២-កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអែរ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១២។
៣-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី១៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២។
៤-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី៥ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២។
៥-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២។
៦-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២។
៧-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កាណាដា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២។
៨-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២។
៩-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សហភាពអឺរ៉ុប នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២។
១០-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជប៉ុន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២។
១១-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ឥណ្ឌា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២។
១២-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នូវែលសេឡង់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២។
១៣-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២។
១៤-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន រុស្ស៊ី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២។
១៥-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២។
សេចក្តីជូនព័ត៌មានដដែល ក៏បានលើកឡើងថា ក្នុងអំឡុងកិច្ចប្រជុំខាងលើ ឯកសារសំខាន់ៗមួយចំនួន នឹងត្រូវចុះហត្ថលេខា ដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសដៃគូសន្ទនា៖
១-សេចក្តីប្រកាសស្តីពីពិធីសារលើសន្ធិសញ្ញា នៃតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២។
២-អនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងចិន លើសន្ធិសញ្ញា ស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ស្តីពីសន្ធិសញ្ញា និងពិធីសារនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២។
៣-ពិធីសារលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយប្រទេសមហាអំណាចទាំង៥ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។
៤-លិខិតតុបករណ៍នៃការចូលជាភាគីរបស់សហភាពអឺរ៉ុប និងលិខិតតុបករណ៍នៃការបន្តលើសន្ធិសញ្ញា នៃមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
៥-លិខិតតុបករណ៍ នៃការចូលជាភាគីរបស់ចក្រក្រភពអង់គ្លេស និងលិខិតតុបករណ៍នៃការបន្តលើសន្ធិសញ្ញា នៃមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍៕ S