ក្រុម​នារី​រង​ការ​រំលោភ​សិទ្ធិ​សុំ​ឲ្យ​អាស៊ាន​ជួយ​លុប​បំបាត់​ការ​រំលោភ​សិទ្ធិ​នារី

ដោយ សុ ជីវី
2012-07-07
វិទ្យុ​អាស៊ីសេរី

ក្រុម​នារី​ដែល​ធ្លាប់​ជួប​ការ​រំលោភ​សិទ្ធិ​មនុស្ស បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ក្រោម​ការ​សម្រប​សម្រួល​របស់​អង្គការ​ធ្វើ​ការងារ​ទាក់​ទង​នឹង​សិទ្ធិ​ស្ត្រី។ ពួក​គេ​ចង់​អោយ​សេចក្ដី​ប្រកាស ស្ដី​ពី​សិទ្ធិ​មនុស្ស អាស៊ាន ដាក់​បញ្ចូល​បទដ្ឋាន​ជាក់​លាក់​ក្នុង​កិច្ច​ការពារ​សិទ្ធិ​នារី។

គោល​បំណង​របស់​ក្រុម​នារី​នេះ កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា នឹង​បង្កើត​អោយ​បាន​នូវ​សេចក្ដី​ប្រកាស​ស្ដី​ពី សិទ្ធិ​មនុស្ស អាស៊ាន ក្នុង​អាណត្តិ​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន។

ក្រុម​នារី​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ អំពាវ​នាវ​ដល់​បណ្ដា​ថ្នាក់​ដឹក​នាំ​អាស៊ាន ជា​ពិសេស​ថ្នាក់​ដឹក​នាំ​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន ដាក់​ចូល​សំណើ​របស់​ពួក​គាត់​ក្នុង​ន័យ​ប្រែ​ក្លាយ សេចក្ដី​ប្រកាស​ស្ដី​ពី សិទ្ធិ​មនុស្ស អាស៊ាន ទៅ​ជា​មធ្យោបាយ​ជាក់​លាក់ ដើម្បី​លុប​បំបាត់​រាល់​ការ​រំលោភ​សិទ្ធិ​នារី​នៅ​ក្នុង​តំបន់។

តំណាង​ស្ត្រី​អ្នក​បឹង​កក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា ក្រុម​ស្ត្រី​ពួក​គាត់​ដែល​រង​ការ​បណ្ដេញ​ចេញ បាន​រង​ការ​រំលោភ​សិទ្ធិ​គ្រប់​បែប​យ៉ាង។ អ្នកស្រី សង្ឃឹម​ថា បទដ្ឋាន​ច្បាប់​ក្នុង​តំបន់​អាស៊ាន ដូច​ជា សេចក្ដី​ប្រកាស​ស្ដី​ពី សិទ្ធិ​មនុស្ស អាស៊ាន នឹង​ជួយ​អោយ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ទាំង​ឡាយ​ជា​សមាជិក​អាស៊ាន ពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​អោយ​គោរព​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​សិទ្ធិ​ស្ត្រី។

ចំណែក​ពល​ការិនី ប៉ែន សុភ័ក្រ ដែល​ធ្លាប់​រង​ការ​រំលោភ​កម្លាំង​ពលកម្ម ដោយ​ការងារ​ច្រើន​ម៉ោង និង​ពុំ​បាន​ហូប​ចុក​គ្រប់គ្រាន់ នៅ​ពេល​ទៅ​ធ្វើ​ការ​ជា​នារី​បម្រើ​ការ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី (Malaysia) ក៏​ចង់​អោយ​សេចក្ដី​ប្រកាស ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ដូច​ពួក​គាត់។

តំណាង​កម្មករ​រោងចក្រ​កាត់​ដេរ​ម្នាក់ អ្នកស្រី សុខ ផល្លា មាន​ប្រសាសន៍​ថា កម្មករ​ក្នុង​វិស័យ​កាត់​ដេរ ក៏​ជួប​ប្រទះ​ការ​រំលោភ​សិទ្ធិ​ជា​ច្រើន​យ៉ាង ដែល​ធ្វើ​អោយ​ពួក​គេ​រស់​នៅ​ក្នុង​ជីវភាព​មិន​ថ្លៃថ្នូរ។

នាយិកា​អង្គការ សីលកា និង​ជា​តំណាង​បណ្ដាញ​អង្គការ​បណ្ដុំ​ស្ត្រី​នៅ​កម្ពុជា អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា ប្រសិន​បើ​សេចក្ដី​ប្រកាស​ស្ដី​ពី សិទ្ធិ​មនុស្ស អាស៊ាន ដែល​កំពុង​តាក់​តែង​នោះ ពុំ​មាន​តម្លៃ​ដែល​អាច​ជួយ​ពលរដ្ឋ​ពី​ការ​រំលោភ​សិទ្ធិ​ទេ។ អាស៊ាន អាច​នឹង​ជួប​ការ​លំបាក​នៅ​ពេល​ដែល​បង្កើត​ជា​សហគមន៍​អាស៊ាន ក្នុង​ឆ្នាំ​២០១៥។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៦ ខែ​កក្កដា។

រហូត​មក​ដល់​ពេល​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​តាម​ដាន​ការ​តាក់​តែង​សេចក្ដី​ព្រាង​សេចក្ដី​ប្រកាស​ស្ដី​ពី សិទ្ធិ​មនុស្ស អាស៊ាន នៅ​តែ​បន្ត​រិះគន់​ថា ដំណើរ​ការ​តាក់​តែង​នោះ គឺ​ពុំ​បាន​បើក​ទូលាយ​អោយ​ពួក​គេ​បាន​ចូល​រួម​ពិនិត្យ និង​ផ្ដល់​យោបល់​កែ​លម្អ​ឡើយ។ ហើយ​ពួក​គេ​បារម្ភ​ថា សេចក្ដី​ប្រកាស​នោះ​នឹង​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​អនុវត្ត។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ សមាគម​ការពារ​សិទ្ធិ​មនុស្ស នៅ​កម្ពុជា (CRHAC) លោក សួន ប៊ុនសក្តិ មាន​ប្រសាសន៍​ថា ដើម្បី​បញ្ចៀស​កង្វល់​របស់​សង្គម​ស៊ីវិល គួរ​តែ​រដ្ឋាភិបាល​បង្ហាញ​សេចក្ដី​ព្រាង​ដែល​អាច​អោយ​ពួក​គេ​ផ្ដល់​យោបល់​បាន។

បច្ចុប្បន្ន​នេះ​សេចក្ដី​ព្រាង សេចក្ដី​ប្រកាស​ស្ដី​ពី សិទ្ធិ​មនុស្ស អាស៊ាន កំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អាស៊ាន ហើយ​សេចក្ដី​ព្រាង​នេះ​នឹង​ត្រូវ​ដាក់​ជូន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ ដើម្បី​អនុម័ត​អោយ​ទៅ​ជា​បទដ្ឋាន​ច្បាប់ សម្រាប់​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles