ប្រធាន​សហគមន៍​នេសាទ​ខេត្ត​កំពង់ចាម រង​ការ​ចោទ​ថា​ពុក​រលួយ

ដោយ ទីន ហ្សាការីយ៉ា
2012-07-07
​វិទ្យុ​អាស៊ីសេរី

ប្រជាពលរដ្ឋ​រស់​នៅ​ចំនួន​ពីរ​ភូមិ​ក្នុង​ឃុំ​មៀន បាន​លើក​ឡើង​ថា បទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​អួន​ស្បៃ​មុង កំពុង​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង នៅ​ក្នុង​បឹងធំ ដែល​ជា​បឹង​ធំ​មួយ​ជាប់​បី​ស្រុក ក្នុង​ខេត្ត​កំពង់ចាម គ្មាន​អ្នក​ណា​ចុះ​ទប់ស្កាត់​នោះ​ឡើយ។

ប្រជា​នេសាទ ឈ្មោះ យីម ទិត នៅ​ភូមិ​កំពង់សំរិទ្ធិ ឃុំ​មៀន រៀប​រាប់​អំពី​សកម្មភាព​នេសាទ​ខុស​ច្បាប់ នៅ​ក្នុង​បឹង​ធំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១២។

ប្រជា​នេសាទ ឈ្មោះ យីម ទិត នៅ​ភូមិ​កំពង់សំរិទ្ធិ ឃុំ​មៀន រៀប​រាប់​អំពី​សកម្មភាព​នេសាទ​ខុស​ច្បាប់ នៅ​ក្នុង​បឹង​ធំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Tin Zakariya

ប្រជា​នេសាទ​ឈ្មោះ យីម ទិត និយាយ​ថា ការ​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ប្រើ​អួន​ស្បៃ​មុង អូស​យក​ត្រី​ក្នុង​បឹង​ធំ នៅ​ក្នុង​រដូវ​ហាម​ឃាត់​នេះ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាត់​បង់​ធនធាន​ជលផល​ប៉ុណ្ណោះ​ទេ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ជាច្រើន​ទៀត ពីព្រោះ​ថា អួន​ស្បៃ​នេះ ក្រៅ​ពី​គេ​ប្រមូល​យក​ត្រី​នៅ​ក្នុង​ទឹក រួម​ទាំង​កូន​ត្រី​ផង​នោះ គឺ​គេ​កៀរ​ជាប់​ទាំង​មង​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត៖ «គេ​អូស​អួន​ស្បៃ​ហ្នឹង ប៉ះពាល់​មង និង​ឈឹប របស់​ប្រជាពលរដ្ឋ​ដែល​មាន​ដើម​ទុន​តិច»

បឹង​ធំ​ជា​បឹង​មួយ​មាន​ផ្ទៃ​ទឹក​ប្រមាណ ៤៨​ហិកតារ បឹង​នេះ​ជាប់​ចំនួន​៣​ស្រុក គឺ​ស្រុក​ព្រៃឈ ស្រុក​កងមាស និង​ស្រុក​កំពង់សៀម។ បឹង​នេះ​ស្ថិត​នៅ​ក្នុង​ឡូត៍​នេសាទ​លេខ​២ ដែល​រដ្ឋាភិបាល​បាន​កាត់​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​វិញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​២ កក្កដា កន្លង​ទៅ មន្ត្រី​ជលផល​ខេត្ត​បាន​ចុះ​ទៅ​ចាប់​ប្រជាពលរដ្ឋ​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ទាំង​នោះ​បាន​មួយ​ចំនួន ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង់​លុយ​ឲ្យ​ប្រធាន​សហគមន៍​នេសាទ​ឃុំ​មៀន និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ គេ​ដោះ​លែង​ឲ្យ​ជន​ល្មើស​ទាំង​នោះ ធ្វើ​ការ​នេសាទ​ខុស​ច្បាប់​ដដែល៖ «រដូវ​ហ្នឹង រដូវ​ហាម​ឃាត់ តែ​អួន​នៅ​តែ​រក និយាយ​ទៅ​អត់​មាន​មន្ត្រី​ប៉ូលិស​ណា​មក​ចាប់ មាន​តែ​ប៉ូលិស​មក​យក​លុយ មង​រាយ​នៅ​ក្នុង​បឹង​ហ្នឹង បាន​ត្រី​១​គីឡូ ឬ​២​គីឡូ​ល្មម​បាន​អង្ករ​មួយ​ពេលៗ មិន​ឈ្នះ​គេ​អូស​ស្បៃ​ទេ»

ប្រជា​នេសាទ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២ កក្កដា នោះ លោក​បាន​បង់​លុយ​ឲ្យ​ប្រធាន​សហគមន៍ និង​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ចំនួន​៤​ម៉ឺន​រៀល ដើម្បី​មាន​សិទ្ធិ​អូស​អួន​ស្បៃ នៅ​ក្នុង​បឹង​កេះ ជាប់​បឹង​ធំ។ លោក​បញ្ជាក់​ថា ចំពោះ​អ្នក​មាន​អួន​ស្បៃ​មុង​ទំហំ​ធំ​នោះ ត្រូវ​បង់​លុយ​ឲ្យ​ប្រធាន​សហគមន៍​នេសាទ និង​មេ​ប៉ុស្តិ៍​នោះ​ចំនួន​ជាង​១០​ម៉ឺន​រៀល៖ «យប់​ក៏​អូស​អួន ថ្ងៃ​ក៏​អូស​ដែរ ឲ្យ​តែ​ថ្នាក់​លើ​យល់​ព្រម។ ប្រធាន​សហគមន៍​បាន​ទូរស័ព្ទ​ប្រាប់​ថា ថ្ងៃ​នេះ​ឈប់​សិន​ទៅ គេ​ចុះ​មក​ចាប់​ហើយ ចាំ​ពេល​គេ​ទៅ ចាំ​មក​ទៀត»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​សហគមន៍​នេសាទ មេ​ប៉ុស្តិ៍​នគរបាល​ឃុំ រួម​ទាំង​មន្ត្រី​ជលផល បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​នេសាទ​ខុស​ច្បាប់​នេះ នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​មច្ឆាជាតិ នៅ​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១២ នៅ​ឃុំ​រការខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ថា ប្រជាពលរដ្ឋ​ត្រូវ​ហ៊ាន​ងើប​ឡើង​តស៊ូ​មតិ​ប្រឆាំង​នឹង​ប្រធាន​សហគមន៍​នេសាទ ឬ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់ ដែល​ទទួល​សំណូក​បើក​ឲ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​រដូវ​ហាម​ឃាត់​នេះ៖ «ប្រយ័ត្ន​មេ​សហគមន៍ ប្រយ័ត្ន​តែង​តាំង​ឲ្យ​ធ្វើ​ប្រធាន​សហគមន៍ ហើយ​បែរ​ជា​យក​ផ្នែក​ណា​មួយ​នៃ​ឡូត៍​នេសាទ​របស់​សហគមន៍​ទៅ​ប្រគល់​ឲ្យ​ពួក​ថៅកែ ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ងើប​ឈរ​ឡើង តស៊ូ​ឡើង ដើម្បី​ឲ្យ​សហគមន៍​រឹងមាំ ប្រឆាំង​នឹង​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ដែល​ធ្វើ​ខុស»

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ពីព្រោះ​ថា ប្រធាន​សហគមន៍​នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​ឃុបឃិត​នឹង​មន្ត្រី​ជលផល​ខេត្ត​ក្នុង​ការ​ទទួល​សំណូក​ពី​ប្រជាពលរដ្ឋ​ប្រកប​មុខ​របរ​នេសាទ​ខុស​ច្បាប់។ ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ប្រសិន​បើ​មន្ត្រី​ជលផល​បង្ក្រាប​តឹងតែង និង​មិន​ទទួល​សំណូក​ទេ​នោះ បទល្មើស​នេសាទ​នៅ​ក្នុង​បឹង​ធំ ក៏​គ្មាន​កើត​ឡើង​ដែរ។

ជន​បង្គោល​នៃ​អង្គការ​សាមគ្គី អ្នកស្រី មុជ នីម បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចង់​ផ្លាស់ប្ដូរ​ប្រធាន​សហគមន៍​ឃុំ​មៀន តែ​មន្ត្រី​ជលផល​មិន​ព្រម។ អ្នកស្រី​បញ្ជាក់​ថា ការ​ជ្រើសរើស​ប្រធាន​សហគមន៍​នេសាទ​ថ្មី ខាង​មន្ត្រី​ជលផល​ខេត្ត នៅ​តែ​យក​ប្រធាន​សហគមន៍​ចាស់ ឈ្មោះ លឹម សុភាព ធ្វើ​ជា​ប្រធាន​សហគមន៍​នេសាទ​ដដែល ពីព្រោះ​ថា ប្រធាន​សហគមន៍​រូប​នេះ ចេះ​រក​លុយ​ឲ្យ​មន្ត្រី​ជលផល៖ «ដោយ​សារ​គាត់​ហ្នឹង ពុក​រលួយ មន្ត្រី​ជលផល​ឃុបឃិត​តែ​អ្នក​ពុក​រលួយ​ដូច​គ្នា​ហ្នឹង ដើម្បី​ឲ្យ​មាន​ផល​ប្រយោជន៍​ដល់​គាត់ តែ​បើ​អ្នក​គ្មាន​ផល​ប្រយោជន៍​ទេ មន្ត្រី​ជលផល​មិន​ចូល​ចិត្ត​ទេ»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម លោក ភួង ទីណា បាន​បដិសេធ​ថា កន្លង​មក​មន្ត្រី​ជលផល​ខេត្ត​មិន​បាន​ឃុបឃិត​នឹង​ប្រធាន​សហគមន៍ ដើម្បី​យក​លុយ​ពី​ប្រជាពលរដ្ឋ ហើយ​បើក​ឲ្យ​ធ្វើ​ការ​នេសាទ​ខុស​ច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា ករណី​នេះ​លោក​ក៏​មិន​បាន​ដឹង​ដែរ​កន្លង​មក។ លោក​បញ្ជាក់​ថា លោក​នឹង​ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​បញ្ហា​នេះ៖ «នៅ​ក្នុង​បឹង​ធំ​នេះ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ជំនាញ​យើង​ចាប់​បាន​អួន​ស្បៃ ៧​មាត់ និង​មុខ​ជាង​៣០០។ ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា នេះ ខាង​អធិការ និង​រដ្ឋបាល​ជលផល​បាន​ប្រជុំ​គ្នា​រួច​ហើយ តែ​ថា​ខាង​មេ​ប៉ុស្តិ៍ ឬ​ប្រធាន​សហគមន៍​យក​លុយ​ខ្ញុំ​មិន​ទាន់​ក្ដាប់​បាន​ដែរ តែ​ទោះ​យ៉ាង​ណា យើង​មាន​វិធានការ​រួច​ហើយ»

ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត ដែល​កន្លង​មក​លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​សហគមន៍​នេសាទ​នោះ លោក​មាន​ប្រសាសន៍​ថា កន្លង​មក​មាន​ករណី​ពុក​រលួយ​នៅ​ក្នុង​ជួរ​មន្ត្រី​ជលផល​ខេត្ត​កំពង់ចាម ទាក់​ទង​នឹង​បទល្មើស​នេសាទ។

លោក នាង សុវ៉ាត អះអាង​ថា ប្រសិន​បើ​មន្ត្រី​ជលផល​ខេត្ត​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ បើក​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ខុស​ច្បាប់​ទេ​នោះ តើ​មូលហេតុ​អ្វី បាន​ប្រជាពលរដ្ឋ​ចង់​ផ្លាស់​ប្ដូរ​ប្រធាន​សហគមន៍​ថ្មី បែរ​ជា​មន្ត្រី​ជលផល​មិន​ព្រម​ទៅ​វិញ៖ «៩​ភូមិ​ដែល​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជ្រើស​រើស​សហគមន៍​ថ្មី តែ​ទី​បញ្ចប់ ខាង​ជលផល​នៅ​តែ​មិន​ព្រម ហើយ​ការ​រៀបចំ​នេះ មាន​មេភូមិ និង​មេឃុំ​ទៀត តែ​ជលផល​នៅ​តែ​មិន​ព្រម ទី​បញ្ចប់​គាត់​យក​មនុស្ស​របស់​គាត់​ធ្វើ​ជា​ប្រធាន​សហគមន៍​ដដែល»

បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​ភាគ​ច្រើន​រស់​នៅ​ក្នុង​ឃុំ​មៀន ជុំវិញ​បឹង​ធំ​នោះ ជា​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​រដូវ​វស្សា​ទឹក​លិច​ផ្ទះ ពួក​គាត់​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​បញ្ហា​ជំពាក់​បំណុល​ធនាគារ ដោយ​សារ​ខ្ចី​លុយ​យក​មក​ទិញ​ឧបករណ៍​នេសាទ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​នេសាទ​ខុស​ច្បាប់ ប្រើ​អួន​ស្បៃ​មុង​ទាញ​យក​ជាប់​ទាំង​ឧបករណ៍​នេសាទ​របស់​ពួក​គាត់ អស់​គ្មាន​សល់ មាន​ដូច​ជា មង សន្ទូច ជាដើម។

ការ​ថ្លែង​អំពី​បទល្មើស​នេសាទ កំពុង​កើត​មាន​នេះ នៅ​គ្រា​ដែល​រដ្ឋាភិបាល​កំពុង​បង្កើន​ធនធាន​ជលផល នៅ​តាម​បឹង​ធម្មជាតិ​នានា និង​ទន្លេ​មេគង្គ។ កាល​ពី​ថ្ងៃ​ទី​១ កក្កដា ជា​ថ្ងៃ​ទិវា​មច្ឆាជាតិ​លើក​ទី​១០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រលែង​កូន​ត្រី​ចំនួន ៥០​ម៉ឺន​ក្បាល និង​បង្កង ១០​ម៉ឺន​ក្បាល ទៅ​ក្នុង​អាង​ស្តុក​ទឹក​បឹង​ធំ ស្ថិត​នៅ​ក្នុង​ឃុំ​រការខ្នុរ ស្រុក​ក្រូចឆ្មារ។

ប៉ុន្តែ​ប្រជា​នេសាទ បាន​លើក​ឡើង​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ខំ​ប្រលែង​កូន​ត្រី​យ៉ាង​ណា​ក៏​ដោយ ប្រសិន​ការ​បង្ក្រាប​បទល្មើស​នេសាទ​គ្មាន​ប្រសិទ្ធភាព​ទេ​នោះ ធនធាន​ជលផល​នឹង​មិន​កើន​ឡើង​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles