ថ្ងៃទី 7 កក្កដា 2012
ដោយ: គ្រីទិច
CEN
ភ្នំពេញ: សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងជួបរដ្ឋមន្ត្រីការបរទេសចិន លោក យ៉ាង ជាឆឺ (Yang Jiechi) នៅថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១២។ រដ្ឋមន្ត្រីការបរទេសចិន រួមទាំងរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចជាច្រើនទៀត ត្រូវចូលរួមក្នុងកិច្ចប្រជុំ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងវេទិកាតំបន់អាស៊ាន នាសប្តាហ៍ក្រោយ នៅរាជធានីភ្នំពេញ។
សម្ដេចនាយករដ្ឋមន្ត្រី នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅក្នុងរយៈពេល ដែលរដ្ឋមន្ត្រីការបរទេសចិន មកចូលរួមកិច្ចប្រជុំទាក់ទងទៅនឹងអាស៊ាន-ចិន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី និងវេទិកាតំបន់អាស៊ាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២កក្កដា ឆ្នាំ២០១២។
នៅក្នុងជំនួបរវាងសម្ដេច ហ៊ុន សែន និងលោក យ៉ាង ជាឆឺ ត្រូវគេរំពឹងថា នឹងនិយាយអំពីបញ្ហាទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលគេយល់ថា កាន់តែរឹងមាំ។
បញ្ហាសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះរវាងប្រទេសចិន និងប្រទេសសមាជិកអាស៊ានផ្សេងទៀត រួមមាន៖ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងប្រ៊ុយណេ ក៏ស្ថិតក្នុងរបៀបវារនៃកិច្ចប្រជុំ នៅសប្តាហ៍ក្រោយ នៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញផងដែរ។ នោះគឺការប្រជុំនិយាយពីការតាក់តែងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC ដើម្បីឈានទៅដោះស្រាយជម្លោះដោយសន្តិវិធីលើជម្លោះសមុទ្រចិនខាងត្បូង។
អនុស្សារណៈនៃការយោគយល់គ្នារវាងអាស៊ាន និងចិន លើសន្ធិសញ្ញា ស្តីពី តំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ ស្តិពី សន្ធិសញ្ញា និងពិធីសារ ក៏នឹងត្រូវរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន ចុះហត្ថលេខា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២។
ជាមួយគ្នានោះ តាមកម្មវិធី លោករដ្ឋមន្ត្រីការបរទេសចិន ក៏នឹងចូលរួមប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី១១កក្កដា ឆ្នាំ២០១២។ រីឯវេទិកាតំបន់អាស៊ាន ដែលមានរដ្ឋមន្ត្រីអាស៊ាន ១០ ប្រទេស និងរដ្ឋមន្ត្រីការបរទេស ចំនួន ១៧ ប្រទេសផ្សេងទៀត បូករួមទាំងចិន និងអាមេរិក ផងនោះ នឹងជួបប្រជុំ នៅថ្ងៃទី១២កក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព៕
