ថ្ងៃទី 7 កក្កដា 2012
ដោយ: រតនា
CEN

ឧត្តមមន្ត្រីអាស៊ាន ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៦កក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ
(រូបថត៖ ស៊ីវ ចាន់ណា)
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានប្រកាសថា ឧត្តមមន្ត្រីអាស៊ាន បានពិភាក្សាផ្ទៃក្នុងចប់ហើយ លើសេចក្តីព្រាងក្រមប្រតិបត្តិ ស្តីពី សមុទ្រចិនខាងត្បូង COC (Code of Conducts in the South China Sea) ដែលកំណត់ពីយន្តការដោះស្រាយជម្លោះ នៅសមុទ្រចិនខាងត្បូង។ សេចក្តីព្រាងក្រមប្រតិបត្តិ COC នោះ នឹងត្រូវឧត្តមមន្ត្រីអាស៊ាន ដាក់ជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិភាក្សា ក្នុងកិច្ចប្រជុំពេញអង្គ នាសប្តាហ៍ក្រោយ។
ក្នុងសន្និសីទកាសែត នាព្រលប់ថ្ងៃទី៨កក្កដា ឆ្នាំ២០១២ លោកស្រី សៀង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស ដែលបានដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានប្រជុំរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៦កក្កដា ដល់ថ្ងៃទី៨កក្កដា ឆ្នាំ២០១២ បានលើកឡើងថា ឧត្តមមន្ត្រីអាស៊ាន បានពិភាក្សាផ្ទៃក្នុងចប់ហើយ លើសេចក្តីព្រាងនៃដំណើរការបង្កើតក្រមប្រតិបត្តិ COC។ ឧត្តមមន្ត្រីអាស៊ាន នឹងត្រៀមសេចក្តីព្រាងនោះដាក់ជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រជុំពិភាក្សា នៅពេលខាងមុខ ដើម្បីត្រៀមពិភាក្សាជាមួយប្រទេសចិន។ ប្រទេសចិន ដែលមានឆន្ទៈ ក្នុងការពិភាក្សាជាមួយអាស៊ាន លើយន្តការដោះស្រាយជម្លោះក្នុងបញ្ហាសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងសមាជិកអាស៊ានមួយចំនួន រួមមាន៖ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ។
ក្នុងសន្និសីទកាសែត លោកស្រី សៀង រដ្ឋចាវី ក៏បានលើកឡើងពីការត្រៀមរៀបចំកិច្ចប្រជុំមួយចំនួន ដូចជា ការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ កិច្ចប្រជុំក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន វេទិកាតំបន់អាស៊ាន លើកទី១៩ កិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា និងកិច្ចប្រជុំរដ្ឋមន្ត្រីបរទេសអាស៊ាន ជាមួយប្រទេសដៃគូ ព្រមទាំងកិច្ចប្រជុំជាច្រើនផ្សេងទៀត ដែលនឹងធ្វើឡើងជាបន្តបន្ទាប់ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
តាមកម្មវិធី កិច្ចប្រជុំរវាងឧត្តមមន្ត្រីអាស៊ាន និងចិន នឹងធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី៩កក្កដា ឆ្នាំ២០១២ ដើម្បីពិភាក្សាលើសេចក្តីព្រាងក្រមប្រតិបត្តិ ស្តីពី សមុទ្រចិនខាងត្បូង CoC៕