ពលករ​ខ្មែរ​ម្នាក់​ធ្វើ​ការ​នៅ​កូរ៉េ ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ

ដោយ ផន រីណា
2012-07-17
​វិទ្យុ​អាស៊ីសេរី

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់ នៅ​ប្រទេស​កូរ៉េ កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា។ សាកសព​កម្មករ​ឈ្មោះ នន់ សំនៀង អាយុ​ជាង​៣០​ឆ្នាំ ត្រូវ​បាន​គេ​តម្កល់​ទុក​នៅ​ក្នុង​មណ្ឌល​តម្កល់​សព​មួយ ស្ថិត​នៅ​ជិត​កន្លែង​គាត់​រស់​នៅ ក្នុង​ជាយ​ក្រុង​សេអ៊ូល។

ភរិយា​របស់​កម្មករ​ដែល​ស្លាប់ អ្នកស្រី ឡុង រតនៈ បាន​រៀបរាប់​ថា អ្នកស្រី​មក​ដល់​ប្រទេស​កូរ៉េ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ កក្កដា នេះ ដើម្បី​បូជា​សព្វ​ប្ដី។ អ្នកស្រី​បាន​ឲ្យ​ដឹង​ដែរ​ថា បើ​ទោះ​បី​ជា​បាន​ទទួល​ដំណឹង​តាំង​ពី​ប្ដី​ស្លាប់​ភ្លាម​ក៏​ដោយ ប៉ុន្តែ​មិន​អាច​ធ្វើ​ដំណើរ​មក​បាន​ភ្លាម​ទេ ពីព្រោះ​ទាម​ទារ​ពេល​វេលា​ក្នុង​ការ​បំពេញ​បែបបទ​គ្រប់​គ្រាន់​សិន៖ «ខ្ញុំ​បាន​ជួប​សព​ប្ដី​ខ្ញុំ​ហើយ រៀបចំ​ចាត់​ចែង​បុណ្យ​នៅ​កូរ៉េ​នេះ​ហើយ ខ្ញុំ​យក​ធាតុ​សព្វ​ទៅ​ធ្វើ​បុណ្យ​នៅ​ក្នុង​ស្រុក​ខ្មែរ​វិញ​ទៀត»

សាកសព​ឈ្មោះ នន់ សំនៀង អាយុ​៣២​ឆ្នាំ ជា​កម្មករ​មក​ពី​ឃុំ​សម្រុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ គាត់​បាន​មក​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ប្រមាណ​ជា​៣​ឆ្នាំ​មក​ហើយ។

តាម​ការ​អះអាង​របស់​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ អ៊ូច នី ដែល​ត្រូវ​ជា​មិត្តភក្ដិ បញ្ជាក់​ថា លោក នន់ សំនៀង បាន​ស្លាប់​ខណៈ​ស្ថិត​នៅ​ក្នុង​បន្ទប់​ដេក​មួយ ដែល​មាន​កម្មករ​៣​នាក់​នៅ​ជាមួយ ហើយ​មូលហេតុ​នៃ​ការ​ស្លាប់​នោះ មិន​មាន​អ្នក​ណា​ដឹង​ច្បាស់ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា លោក នន់ សំនៀង ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​សភាព​ផ្លូវ​ដង្ហើម​ហាក់​ដូច​ជា​មាន​បញ្ហា៖ «ពេទ្យ​មក​អត់​ទាន់ ព្រោះ​យើង​នៅ​តំបន់​ដាច់​ស្រយាល ហើយ​ក៏​ជិះ​វង្វេង​ហួស​ផ្លូវ»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​បាន​ធ្វើ​កោសល្យវិច័យ​រក​ឃើញ​ថា ពលករ​ខ្មែរ នន់ សំនៀង ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​គ្រួសារ​នៃ​សព គ្រូពេទ្យ​អោយ​ដឹង​ថា លោក នន់ សំនៀង ស្លាប់​ដោយ​សារ​ស្លាក់​ខ្យល់ ឬ​ស្ទះ​ផ្លូវ​ខ្យល់ ហើយ​គ្រូពេទ្យ​បាន​បញ្ជូន​សព​ទៅ​កាន់​មណ្ឌល​តម្កល់​សាកសព​មួយ បន្ទាប់​ពី​មាន​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ប៉ូលិស។

ពលករ នន់ សំនៀង ត្រូវ​បាន​ក្រុមហ៊ុន​អេឡិចត្រូនិក​សាំស៊ុង នាំ​ចេញ​ពី​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កូរ៉េ ប៉ុន្តែ​ក្នុង​មួយ​រយៈ​មុន​ពេល​ស្លាប់ លោក​មិន​មាន​ការងារ​ធ្វើ​ទេ។

ភរិយា​របស់​សព អ្នកស្រី ឡុង រតនៈ បញ្ជាក់​ថា សាកសព​នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​អាទិត្យ ទី​២២ កក្កដា ខាង​មុខ​នេះ។ អ្នកស្រី​បញ្ជាក់​ថា ក្នុង​ការ​បូជា​សព​ស្វាមី​របស់​អ្នកស្រី ក៏​មាន​មជ្ឈមណ្ឌល​បរទេស កម្មករ​ខ្មែរ និង​និស្សិត​ខ្មែរ នៅ​ទីនោះ​ជួយ​ជ្រោមជ្រែង និង​ឧបត្ថម្ភ​ថវិកា​ខ្លះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles