ពុធ 18 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
នៅថ្ងៃនេះ ឯប្រាសាទព្រះវិហារប្រទេសកម្ពុជាបានប្រារព្ធពិធីដ៏អធិកអធមមួយ នោះគឺការដកកងទ័ពប្រមាណ៤៨៥នាក់ចេញពីតំបន់គ្មានកងទ័ពក្បែរប្រាសាទព្រះវិហារតាមដីកាបង្គាប់របស់តុលាការអន្តរជាតិកាលពីឆ្នាំមុន។
ការដកកងទ័ពនៅថ្ងៃនេះ ត្រូវកម្ពុជាអះអាងថា គឺជាការកែសម្រួលកងទ័ពជំហានទី១ ដោយត្រូវដកចេញពីបរិវេណជុំវិញប្រាសាទព្រះវិហារ មានផ្សារជណ្តើរនាគ ជណ្តើរបុរាណខាងជើង ជណ្តើរបុរាណខាងកើត និងពីវត្តកែវសិក្ខាគិរីស្វារៈ ហើយជំនួសមកវិញនូវនគរបាលចំនួន២៥៥នាក់ និងសន្តិសុខអភិរក្សប្រាសាទចំនួន១០០នាក់វិញ។
ស្របគ្នានេះក៏មានសេចក្តីរាយការណ៍ដែរថា កងទ័ពថៃនៅព្រឹកនេះក៏ធ្វើពិធីដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារដូចគ្នាដែរ។
ការសម្រេចដកកងទ័ពពីតំបន់ប្រាសាទព្រះវិហារនេះ គឺធ្វើឡើងបន្ទាប់ពីមានជំនួបមួយរវាងនាយករដ្ឋមន្រ្តីខ្មែរ និងនាយករដ្ឋមន្រ្តីសៀមកាលពីសប្តាហ៍មុនឯខេត្តសៀមរាប។ ដែលវាត្រូវគេមើលឃើញថា ជាជំហានថ្មីមួយឆ្ពោះទៅរកការដោះស្រាយបញ្ហាជម្លោះព្រំដែនប្រាសាទព្រះវិហារដ៏រ៉ាំរ៉ៃនោះ៕
