ដោយ អាន ស៊ីថាវ
2012-07-18
វិទ្យុអាស៊ីសេរី
សំឡេងឡានម៉ូតូ កងរំពងមិនដែលដាច់នៅតាមព្រំដែនច្រកប៉ោយប៉ែតខ្មែរ-ថៃ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ឃើញច្រើនជាងគេនោះគឺ ពលករអូសរទេះពីថៃមកខ្មែរ ដែលក្នុងរទេះនីមួយៗអាចដឹកទំនិញច្រើនជាងមួយតោន ហើយចំនួនពលករអូសរទេះបានអះអាងថា គាត់អាចរកចំណូលច្រើនជាង ២ម៉ឺនរៀលក្នុងមួយថ្ងៃ។
ពលករអូសរទេះម្នាក់ អ្នកស្រី វេង ហេង អាយុ ៣០ឆ្នាំ ដែលប្រកបរបរជាអ្នកអូសរទេះដឹកទំនិញប្រមាណជាងពីរឆ្នាំមកហើយ ដែលគាត់បញ្ជាក់ថា គាត់មានដើមកំណើតមកពីខេត្តពោធិ៍សាត់។ អ្នកស្រីបន្តថា ថ្ងៃខ្លះគាត់អាចរកចំណូលប្រមាណ ២ម៉ឺនរៀល ប៉ុន្តែពេលខ្លះគាត់មិនអាចរកបានទេ ព្រោះគ្មានអីវ៉ាន់ដឹក៖ «ចាស! ពីព្រឹកបានលុយ ៦០បាត។ អត់មានអីវ៉ាន់អូសទេបងអើយ»។
អ្នកស្រី វេង ហេង បន្ថែមថា ដោយសារតែជីវភាពក្រីក្រហើយគ្មានដីធ្វើកសិកម្ម ទើបគាត់ធ្វើការចំណាកស្រុកមកធ្វើការងារជាអ្នកអូសរទេះនៅទីនេះ ហើយមុខរបរនេះគ្រាន់អាចចិញ្ចឹមជីវិតគ្រួសារបាន ប៉ុន្តែមិនអាចសន្សំបានទេ ហើយសូម្បីតែរទេះដែលអូសអីវ៉ាន់សព្វថ្ងៃ ក៏គាត់ជួលគេដែរ។
អ្នករត់រ៉ឺម៉កកង់បីម្នាក់នៅច្រកប៉ោយប៉ែត លោក ចាន់ នឿន បានឲ្យដឹងថា គាត់តែងតែរង់ចាំដឹកទំនិញនៅច្រកប៉ោយប៉ែតនេះ ដោយឈប់ចតនៅតាមព្រំដែនរង់ចាំនៅពេលដែលមានអីវ៉ាន់មក ប៉ុន្តែគាត់មិនអាចទទួលបានទំនិញដឹកទេចំពោះថ្ងៃខ្លះ ដោយសារតែអ្នកអូសរទេះថ្មើរជើងទាំងនោះ មានចំនួនច្រើន និងមានសិទ្ធចូលទៅយកអីវ៉ាន់តាមច្រកព្រំដែនខ្មែរថៃ។
លោកបន្តថា ម៉្យាងវិញទៀតម៉ូតូរបស់គាត់អាចដឹកអីវ៉ាន់បានប្រមាណតែ ៥០០គីឡូក្រាមតែប៉ុណ្ណោះ ហើយចំពោះរទេះវិញអាចដឹកបានប្រមាណ ១តោនទៅ ៣តោន៖ «មនុស្សទៅដឹកផ្លែឈើស្រេចតែគេកុម្ម៉ង់ ម្ចាស់គេទៅកូនដំរី ឲ្យទៅដីថ្មី ទៅដីថ្មី។ បើអត់មាន ចេះតែអង្គុយអញ្ចឹង។ អត់ទៀង ជួនកាលម៉ូយមកស្គាល់ទៅ គេចេះតែហៅដឹក។ ជួនកាលគេទៅក្នុង គេទៅហៅពីនោះមក យើងនៅទីនេះ អត់ទៅ»។
ទោះជាយ៉ាងណាក៏ដោយ កម្មករអូសរទេះម្នាក់ទៀត លោក ហោ ឌី បានឲ្យដឹងថាគាត់ជួលរទេះក្នុងមួយថ្ងៃប្រមាណ ២ពាន់រៀល ដឹកចានឆ្នាំងពីប្រទេសថៃមកខ្មែរ ដែលក្នុងរទេះរបស់គាត់ អាចដឹកទំនិញបានប្រមាណ ១តោន ដែលគាត់អាចរកចំណូលបានប្រមាណ ២ម៉ឺនរៀលក្នុងមួយថ្ងៃ។
លោកបន្តថា ចម្ងាយដែលគាត់អូសរទេះពីដីថៃមកខ្មែរមានប្រមាណ ១គីឡូម៉ែត្រ ដោយលោកបញ្ជាក់ថា បើទោះជាការងារជាអ្នកអូសរទេះមានការនឿយហត់បន្តិច ប៉ុន្តែវាអាចផ្ដល់ប្រាក់ចំណូលអាចចិញ្ចឹមជីវិតបាន ជាជាងការធ្វើចំណាកស្រុកទៅប្រទេសថៃ ដែលប្រឈមនឹងការកេងប្រវ័ញ្ចនានានៅទីនោះ៖ «បើថាមានអីវ៉ាន់ច្រើនដាក់ច្រើន អញ្ចឹងរុញគ្នាបួនប្រាំនាក់។ សុខចិត្តរកស៊ីនៅខ្មែរយើងល្អជាង មិនចង់ចេញពីប្រទេសខ្លួនឯង សុខចិត្តរស់តាមសមត្ថភាពរបស់យើង»។
យ៉ាងណាក៏ដោយប្រជាជនកម្ពុជាជាច្រើន បានធ្វើការងារចំណាកស្រុកទៅរកការងារគ្មានជំនាញនៅតំបន់ទីប្រជុំជន ដូចជានៅទីក្រុង និងតំបន់ជាយដែន ឬទៅក្រៅប្រទេស គឺដោយសារតែកត្តាមួយចំនួន ពួកគេគ្មានដីកសិកម្ម ឬសមាជិកគ្រួសារដែលធ្វើកសិកម្មមានដីតិច និងមានចំនួនសមាជិកគ្រួសារច្រើនជាដើម។
បើទោះជាការធ្វើចំណាកស្រុកទាំងនោះគាត់អាចរកប្រាក់បាន ដើម្បីចិញ្ចឹមជីវិតក៏ដោយ ប៉ុន្តែបញ្ហាប្រឈមមួយចំនួន ចំពោះអ្នកធ្វើការចំណាកស្រុកទាំងនោះ ដូចជាការរើសអើងនៅពេលបំពេញការងារជាដើម។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ជា សុគន មានប្រសាសន៍ថា នៅតាមច្រកប៉ោយប៉ែត ក្រៅពីប្រជាជនប្រមាណ ១ពាន់នាក់ធ្វើការចំណាកស្រុកទៅប្រទេសថៃ ក៏មានកម្មករខ្មែរជាច្រើននាក់ទៀតជាង ២ពាន់នាក់ ដែលប្រកបរបរជាអ្នកអូសរទេះ ដែលប្រឈមនឹងការគាបសង្កត់នានា។
លោកបន្តថា សមាគមបានអង្កេតឃើញបញ្ហាទាំងនេះ ហើយបានប្រមូលគ្នាចងក្រងដើម្បីដោះស្រាយបញ្ហា ដែលកើតចំពោះកម្មករទាំងនោះ៖ «កម្មករអូសរទេះហ្នឹងគឺថា គាត់ដឹកទំនិញ ឬក៏អីវ៉ាន់ចេញពីថៃមក ការគាបសង្កត់ ជំរិតទារប្រាក់ពីគាត់ហ្នឹង ដូចគាត់រកក្នុងមួយថ្ងៃហ្នឹងបាន ១ម៉ឺន៥ពាន់រៀលអញ្ចឹង ហើយទៅបង់ទៅគយចល័តទៅ ហើយបង់ទៅប៉ូលិសអន្តោប្រវេសន៍ ហើយទីស្នាក់ការគយហ្នឹង ក៏ចាប់អីវ៉ាន់របស់គាត់ទៅ។ អត់បាយ អត់ទឹកដែរហ្នឹង»។
ទោះជាយ៉ាងណាក៏ដោយ អ្នកសម្របសម្រួលសមាគម អាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុម ចាន់គៀ មានប្រសាសន៍ថា បើទោះជាការធ្វើចំណាកស្រុកទៅប្រទេសថៃប្រឈមនឹងបញ្ហាលំបាកជាច្រើននៅទីនោះ ប៉ុន្តែពលករខ្មែរជាច្រើនគ្មានជម្រើស ឬគ្មានការងារនៅក្នុងស្រុកធ្វើ ដូច្នេះគាត់ត្រូវបង្ខំចិត្តទៅធ្វើការងារនៅប្រទេសថៃ ដែលភាគច្រើនគ្មានជំនាញ។
លោក ស៊ុម ចាន់គៀ៖ «យើងបានសាកសួរទៅអាជ្ញាធរ និងបានសាកសួរទៅពលករផ្ទាល់ បើសិនជាគាត់នៅក្នុងស្រុកខ្មែរ គាត់ត្រូវស្លាប់ទាំងអស់គ្នា តែបើគាត់ទៅធ្វើការនៅស្រុកថៃ ហើយទាំងប្រថុយប្រថានបែបនេះ បើគាត់ស្លាប់គឺស្លាប់ម្នាក់ឯង។ គាត់ថាដោយសារតែជីវភាពគ្រួសារដែលបង្ខំឲ្យគាត់ទៅធ្វើការ»។
លោក ស៊ុម ចាន់គៀ បន្តថា ភាគច្រើនគឺទៅដោយខុសច្បាប់ បើទោះជាពលករខ្មែរមួយចំនួនមានលិខិតឆ្លងដែនក៏ដោយ ប៉ុន្តែធ្វើគ្រាន់តែឲ្យមានភាពងាយស្រួលឆ្លងដែនតែប៉ុណ្ណោះ។ លោក ស៊ុម ចាន់គៀ មានប្រសាសន៍ថា ការអភិវឌ្ឍផ្នែកកសិកម្មជាកត្តាសំខាន់សម្រាប់ដោះស្រាយបញ្ហាអ្នកចំណាកស្រុកបាន ដូចជាការពង្រឹងផលិតភាពកសិកម្ម ការបែងចែកដីធ្វើកសិកម្ម និងកាត់បន្ថយជម្លោះដីធ្លីជាដើម។
យ៉ាងណាក៏ដោយ ភាពក្រីក្រ និងភាពគ្មានដី រួមទាំងកង្វះការងារក្នុងស្រុក គឺជាកត្តាសំខាន់ជំរុញឲ្យប្រជាជនច្រើនរកការងារគ្មានជំនាញនៅក្រៅប្រទេស និងតំបន់ទីប្រជុំជន។
អ្នកវិភាគកសិកម្ម លោក ស្រី ចន្ធី ធ្លាប់មានប្រសាសន៍ថា ប្រជាជនកម្ពុជាភាគច្រើនរស់នៅជនបទដែលភាគច្រើនជាអ្នកប្រកបរបរកសិកម្ម ដែលគ្រួសារមួយចំនួនមានសមាជិកគ្រួសារប្រមាណ ៥នាក់ ហើយគ្រួសារកសិករដែលមានដីតិចជាងមួយហិកតារ មានចំនួនប្រមាណ ៨៧% នៅប្រទេសកម្ពុជា។
របាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលមានទីស្នាក់ការធំ នៅប្រទេសហ្វីលីពីន បានបង្ហាញថា ប្រទេសកម្ពុជាជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសនៅក្នុងតំបន់ដែលមានអត្រាភាពក្រីក្រខ្ពស់ជាងគេ និងចំនួនប្រជាជនដែលស្ថិតក្រោមបន្ទាត់ភាពក្រីក្រប្រមាណជាង ៥លាន៥សែននាក់ ដែលអាចរកចំណូលបានប្រមាណ ៥ពាន់រៀលក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
