ដោយ រដ្ឋា វីសាល
2012-07-18
វិទ្យុអាស៊ីសេរី
អាជ្ញាធរខេត្តចំប៉ាសាក់ ប្រទេសឡាវ បានយល់ព្រមប្រគល់ក្រុមប៉ូលិសខ្មែរ ៤នាក់ មកអាជ្ញាធរខេត្តស្ទឹងត្រែង វិញហើយ បន្ទាប់ពីតម្រួតព្រំដែនឡាវ ចាប់ឃុំខ្លួនពួកគេប្រមាណជិតពីរសប្ដាហ៍កន្លងទៅនេះ។
ប៉ូលិសខ្មែរចំនួន ៤នាក់ ដែលតម្រួតព្រំដែនប្រទេសឡាវ ចាប់ឃុំខ្លួនកន្លងទៅពីបទឆ្លងដែនខុសច្បាប់ នៅថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១២ បានវិលត្រឡប់មកមាតុប្រទេសវិញហើយ។
មេបញ្ជាការប៉ូលិសការពារព្រំដែនវរៈ៧០១ លោក ស៊ុន បាន មានប្រសាសន៍បញ្ជាក់ថា ក្រុមការងារនៃអាជ្ញាធរខេត្តស្ទឹងត្រែង បានជួបប្រជុំជាមួយភាគីឡាវ នៅតំបន់ប៉ាក់ផេង ក្នុងស្រុកមឿងខូង ខេត្តចំប៉ាសាក់ និងបានបំពេញបែបបទទទួលយកប៉ូលិសខ្មែរទាំង ៤នាក់ពីភាគីឡាវវិញ។
លោកបន្តថា ស្នងការរងប៉ូលិសមួយរូបបានមកទទួលក្រុមប៉ូលិសខ្មែរយកទៅអង្គភាព និងអនុញ្ញាតឲ្យជួបជុំគ្រួសារពួកគេវិញហើយ៖ «បាទ! គេកំពុងធ្វើកំណត់ហេតុដោះលែងផ្លាស់ប្ដូរយោបល់គ្នាហ្នឹង គេនឹងដោះហើយ ប៉ុន្តែរឿងអ្វីៗមិនទាន់ដឹងទេ»។
ប្រភពមន្រ្តីខេត្តស្ទឹងត្រែង ឲ្យដឹងថា ប៉ូលិសកម្ពុជា ចំនួន ៤នាក់ បានច្រឡំចូលទៅក្នុងដីឡាវ ប្រមាណ ១០០ម៉ែត្រ នៅចំណុចព្រំដែនកម្ពុជា ខេត្តស្ទឹងត្រែង ជាមួយខេត្តចំប៉ាសាក់ របស់ឡាវ ហើយត្រូវឆ្មាំការពារព្រំដែនឡាវ ចាប់ខ្លួនកាលពីថ្ងៃទី៧ កក្កដា ដោយឡែកប្រជាពលរដ្ឋខ្មែរ ៤រូបទៀត ត្រូវបានតម្រួតព្រំដែនឡាវ ចាប់ខ្លួនដោយឡែកពីគ្នា កាលពីចុងខែមិថុនា កន្លងទៅនេះ ដោយសារពួកគេឆ្លងចូលទឹកដីប្រទេសឡាវ ខុសច្បាប់។
ស្នងការរងប៉ូលិសខេត្តស្ទឹងត្រែង លោក ឯក ស៊ីវ៉ាន់ដន មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរឡាវ បានប្រគល់ប្រជាពលរដ្ឋខ្មែរចំនួន ៤នាក់ ដែលតម្រួតឡាវចាប់ខ្លួនទៅឲ្យអាជ្ញាធរស្រុកសៀមប៉ាង ប៉ុន្មានថ្ងៃមុនពេលប្រគល់ក្រុមប៉ូលិសមកអាជ្ញាធរខេត្តវិញ៖ «គេអត់ផាកពិន័យអ្វីទេ គេគិតថ្លៃបាយ ប្រជាពលរដ្ឋគេប្រគល់ឲ្យទៅខាងស្រុកហើយតើ»។
នាយខុទ្ទកាល័យសាលាខេត្តស្ទឹងត្រែង លោក ដួង ពៅ មានប្រសាសន៍បញ្ជាក់ថា អភិបាលខេត្តចំប៉ាសាក់ ប្រទេសឡាវ បានយល់ព្រមដោះលែងប៉ូលិសខ្មែរដោយមិនមានការផាកពិន័យអ្វីទេ ក៏ប៉ុន្តែបានសំណូមពរឲ្យអាជ្ញាធរខេត្តអប់រំកងប៉ូលិស និងប្រជាពលរដ្ឋ កុំឲ្យឆ្លងដែនចូលទឹកដីប្រទេសឡាវខុសច្បាប់តទៅទៀត។
លោកបន្តថា ជាកំហុសអចេតនាដែលក្រុមប៉ូលិសខ្មែរឆ្លងចូលទឹកដីឡាវ ពីព្រោះក្រុមប៉ូលិសទាំងនោះទើបចូលបំពេញការងារថ្មី មិនស្គាល់ពីភូមិសាស្ត្រព្រំដែននៅតំបន់នោះច្បាស់លាស់។ ចំណែកពលរដ្ឋខ្មែរនោះវិញ ពួកគេតែងតែទំនាក់ទំនងជាមួយពលរដ្ឋឡាវ ឆ្លងដែនចេញចូលប្រកបរបរចិញ្ចឹមជីវិតទៅវិញទៅមក ហើយកន្លងទៅនេះតម្រួតព្រំដែនខ្មែរក៏ចាប់បានប្រជាពលរដ្ឋឡាវ ឆ្លងដែនខុសច្បាប់ចូលដីខ្មែរដូចគ្នា។
លោក ដួង ពៅ៖ «បាទ! យើងទៅតាំងពីម្សិលមិញ (១៦ កក្កដា)។ អភិបាលខេត្តចំប៉ាសាក់ គាត់ឯកភាពឲ្យមានការសម្របសម្រួលដោះលែងមកវិញហើយ គេគ្រាន់តែមានលក្ខខណ្ឌឲ្យយើងអប់រំប៉ូលិសយើងឲ្យបានបំពេញភារកិច្ចហ្នឹងកុំឲ្យច្រឡំក្របខ័ណ្ឌព្រំដែនឲ្យច្បាស់ ព្រោះប៉ូលិសគ្នាសុទ្ធតែថ្មី»។
បុគ្គលិកផ្នែកអង្កេតសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល កត់សំគាល់ឃើញថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរជាក្រុមៗបានឆ្លងដែនចូលទឹកដីឡាវ ដើម្បីកាប់ឈើប្រណិត ឬធ្វើជំនួញខុសច្បាប់ ហើយជាញឹកញាប់ត្រូវតម្រួតព្រំដែនឡាវ បាញ់សម្លាប់ ឬចាប់ជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែង បើទោះបីអាជ្ញាធរមូលដ្ឋានស្រុកខេត្តបានអប់រំ និងណែនាំកុំឲ្យប្រជាពលរដ្ឋបន្តឆ្លងដែនទៅទឹកដីឡាវ ខុសច្បាប់តទៅទៀតយ៉ាងណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។