កម្ពុជា​ស្នើ​ឲ្យ​ឥណ្ឌា​វិនិយោគ​លើ​វិស័យ​កសិកម្ម​និង​ដំឡើង​ម៉ាស៊ីន​កិន​ស្រូវ​ខ្នាត​ធំ

ដោយ សុខ សេរី
2012-07-26
​វិទ្យុ​អាស៊ីសេរី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ជួប​ពិភាក្សា​ជាច្រើន​ម៉ោង​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​ឥណ្ឌា ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផ្ដោត​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ឥណ្ឌា ឲ្យ​ឈាន​ដល់​កម្រិត​កំពូល។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​ឥណ្ឌា លោក ឌិនណេះ ប៉ាត់និគ (ឆ្វេង) (Dinesh Patnaik) នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​ឥណ្ឌា លោក ឌិនណេះ ប៉ាត់និគ (ឆ្វេង) (Dinesh Patnaik) នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Sok Serey

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា បាន​ស្នើ​សុំ​ឲ្យ​អ្នក​វិនិយោគទុន​នៃ​ប្រទេស​ឥណ្ឌា មក​វិនិយោគទុន និង​សាងសង់​ម៉ាស៊ីន​កិន​ស្រូវ និង​កែច្នៃ​អង្ករ​ឲ្យ​មាន​គុណភាព​ខ្ពស់​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ តាម​ផែនការ​កំណត់​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៥។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ឥណ្ឌា ចាប់​ផ្ដើម​ការ​ហោះហើរ​ដោយ​ត្រង់​ពី​ប្រទេស​ឥណ្ឌា មក​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ទេសចរ​មក​ទស្សនា​អង្គរវត្ត និង​បាន​ស្នើ​សុំ​ឲ្យ​អ្នក​វិនិយោគទុន​ឥណ្ឌា មក​បណ្ដាក់​ទុន​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន។

ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក អៀង សុផល្លែត បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា វិនិយោគទុន​របស់​ប្រទេស​ឥណ្ឌា នៅ​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ៖ «ជំរុញ​ការ​វិនិយោគ​របស់​ឥណ្ឌា មក​កម្ពុជា​លើ​វិស័យ​កសិកម្ម ជាពិសេស​នៅ​ក្នុង​ការ​ធ្វើ​រោងចក្រ​ម៉ាស៊ីន​កិន​ស្រូវ រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម ដូច​ជា​ដំឡូង​ជាដើម ព្រោះ​ថា​កម្ពុជា​មាន​ផលិតផល​កសិផល​ជាច្រើន ដែល​អាច​កែច្នៃ​នាំ​ចេញ​ទៅ​បាន»

ឯកអគ្គរដ្ឋទូត​ឥណ្ឌា លោក ឌិនណេះ ប៉ាត់និគ (Dinesh Patnaik) បាន​ទទួល​យក​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ជំនួប​នោះ។

ទាក់​ទង​នឹង​ការ​កែច្នៃ​អង្ករ​នោះ ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ងិន ឆាយ បាន​មាន​ប្រសាសន៍​ថា កសិករ​ខ្មែរ​មាន​សមត្ថភាព​ក្នុង​ការ​ផលិត​ស្រូវ​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក ប៉ុន្តែ​កម្ពុជា​នៅ​ខ្វះខាត​ម៉ាស៊ីន​កិន​ស្រូវ​ខ្នាត​ធំៗ អន្តរជាតិ និង​ម៉ាស៊ីន​កែច្នៃ​អង្ករ​ឲ្យ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ សម្រាប់​នាំ​ចេញ​អង្ករ។

លោក​បាន​អះអាង​ថា បច្ចុប្បន្ន កម្ពុជា​មាន​ម៉ាស៊ីន​កិន​ស្រូវ​ធំៗ​ខ្នាត​អន្តរជាតិ ចំនួន​ជិត ២០គ្រឿង ប៉ុន្តែ​កម្ពុជា​ត្រូវ​ការ​ម៉ាស៊ីន​កិន​ស្រូវ​បែប​នេះ​ចំនួន​សរុប ១០០​គ្រឿង ទើប​អាច​កិន​ស្រូវ​ទាន់​ពេល​វេលា​ដើម្បី​នាំ​ចេញ។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​តែ​ជំរុញ​ឲ្យ​កសិករ​ខ្មែរ​ដាំ​ស្រូវ​ពូជ​ចំនួន ១០​ប្រភេទ ដើម្បី​ផលិត​ស្រូវ​មាន​គុណភាព​ខ្ពស់ និង​បរិមាណ​ច្រើន ដើម្បី​កែច្នៃ​ជា​អង្ករ​ប្រណិត គ្មាន​ជី​គីមី សម្រាប់​នាំ​ចេញ​ឲ្យ​បាន​ចំនួន​ជាង ១លាន​តោន ទៅ​ទីផ្សារ​អន្តរជាតិ នៅ​ឆ្នាំ​២០១៥ ជា​អាទិភាព​របស់​កម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​វៀតណាម និង​ថៃ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "កម្ពុជា​ស្នើ​ឲ្យ​ឥណ្ឌា​វិនិយោគ​លើ​វិស័យ​កសិកម្ម​និង​ដំឡើង​ម៉ាស៊ីន​កិន​ស្រូវ​ខ្នាត​ធំ"

  1. ប្រាកដ says:

    និយាយក្រៅសាច់រឿងមួយ វាហួសចិត្តដែលអាពេទ្យស្រុកខ្មែរដូចគ្រូទាយអីចឹងលោកអើយ មានអ្នកជម្ងីមួយឈឺមានដុំពកក្នុងសូតវានិយាយថាមហារីក មានដុំសាច់ធំ ហើយជិតហួសពេល ហើយព្រោះទុកយូពេក គ្នាលក់ផ្ទះអស់​ និង ខ្ចីលុយគេ ទៅសិង្ហបុរីមើលខ្លួន ដល់សិង្ហបុរីគេថា មិនមែនមហារីកផង អាចព្យបាលបានដោយលេបថ្នាំ ។​ មានរឿងច្រើនណាស់ដែលគួរអោយចង់ សើចហើយហួសចិត្តចំពោះអាពេទ្យមួយចំនួន… សូមរដ្ឋាភិបាលបើកភ្នែកមើលផង ។