27 July 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ តាំងពីចូលខ្លួនប្រឡូកលើវិថីសិល្បៈរយៈពេលប្រាំពីរឆ្នាំទទួល បានកេរ្តិ៍ឈ្មោះ និងជោគជ័យមិនធម្មតានោះ ប៉ុន្តែពុំដែលឮនាង នី មុន្នីនាថ ប្រកាសធ្វើពិធីខួបកំណើតម្តងណាឡើយ។ ទើបតែឆ្នាំ២០១២នេះ ខណៈវ័យ២២ឆ្នាំ នី មុន្នីនាថ ក៏សម្រេចធ្វើខួបកំណើតជាលើកដំបូង ដោយផ្គួបជាមួយនឹងដំណើរដឹកដៃឪពុកម្តាយ និងប្អូនៗឡើងផ្ទះល្វែងថ្មីទើបនឹងទិញនោះ។
ពិធីខួបកំណើតផ្គួបជាមួយពិធីឡើងផ្ទះល្វែងថ្មី របស់តារាសម្តែង និងពិធីការិនី នី មុន្នីនាថ នឹងប្រព្រឹត្តធ្វើនៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ នៅបុរីពិភពថ្មី ម្តុំគោកឃ្លៀង។
ដោយក្តីរំភើប នៅព្រឹកថ្ងៃទី២៦ម្សិលមិញនេះ ម្តាយ នី មុន្នីនាថ អ្នកស្រី សុ ភាលី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទទាំងសំណើចសើចកក្អិកថា៖«នៅថ្ងៃទី២៧នេះ ខ្ញុំនឹងរៀបចំធ្វើពិធីខួបកំណើតឲ្យកូននាថ ក្នុងអាយុ២២ឆ្នាំ ដោយផ្គួបជាមួយនឹងពិធីឡើងផ្ទះថ្មីផងដែរ»។ ម្តាយតារាសម្តែងដ៏ល្បីរូបនេះក៏បានលើកឡើងឲ្យដឹងទៀតថា នេះជាលើកទីមួយហើយសម្រាប់ នី មុន្នីនាថ ធ្វើខួបកំណើត។
ការដែលមិនជ្រួលជ្រើមធ្វើខួបកំណើតឲ្យកូនក្នុងពេលកន្លងទៅនេះ អ្នកស្រី សុ ភាលី បានលើកហេតុផលថា៖ «ការដែលកន្លងមកមិនបានធ្វើខួបកំណើតឲ្យកូននោះ ដោយថា ខ្ញុំមិនទាន់មានផ្ទះនៅសមរម្យនឹងគេ ហើយក៏ចេះតែហីៗទៅ។ ប៉ុន្តែពេលនេះ យើងក៏ទិញបានផ្ទះថ្មីហើយត្រូវធ្វើពិធីសូត្រមន្តឡើងផ្ទះផង ហើយមិនចង់ធ្វើពី-បីដងក៏ធ្វើកម្មវិធីទាំងពីរនេះផ្គួបជាមួយ គ្នាទៅ»។
បើទោះយ៉ាងណាកម្មវិធីឡើងផ្ទះថ្មី និងពិធីខួបកំណើតលើកដំបូងរបស់តារាវ័យ២២ឆ្នាំ នី មុន្នីនាថ នេះ មិនត្រូវបានប្រព្រឹត្តធ្វើធំដុំនោះទេ ដោយម្តាយនាង អះអាងថា៖ «ពិធីខួបកំណើតកូននាថ និងឡើងផ្ទះថ្មីនេះ មិនត្រូវបានអញ្ជើញភ្ញៀវច្រើនឡើយ ដោយអញ្ជើញតែ៣០តុប៉ុណ្ណឹងទេ ខណៈមុននេះគ្រោងអញ្ជើញតែចំនួន២០តុផងហ្នឹង»។
ទាក់ទិនការអញ្ជើញភ្ញៀវដ៏តិចតួចមិនសមនឹងកេរ្តិ៍ឈ្មោះកូន ល្បីក្នុងសិល្បៈនេះ អ្នកស្រីបានពោលដោយដាក់ខ្លួនថា៖ «មានលុយណាទៅធ្វើធំដុំហៅភ្ញៀវដល់ទៅរាប់រយតុដូចគេនោះ បើសូម្បីតែផ្ទះដែលទិញនេះ នៅមិនទាន់ទាំងមានលុយបង់ឲ្យក្រុមហ៊ុនគ្រប់ផងហ្នឹង»។ អ្នកស្រីបញ្ជាក់ថា ផ្ទះដែលអ្នកស្រីទិញ និងធ្វើពិធីសូត្រមន្តឡើងនេះ គឺទិញក្នុងលក្ខខណ្ឌបង់រំលស់រយៈពេល១០ឆ្នាំ ដោយត្រូវបង់ឲ្យក្រុមហ៊ុនមួយខែ៥៩១ដុល្លារ ខណៈតម្លៃផ្ទះតែជិតបួនម៉ឺនដុល្លារប៉ុណ្ណឹង។
បើទោះយ៉ាងណាទាក់ទិននឹងការចំណាយនៅក្នុងកម្មវិធីនេះមិនត្រូវបានអ្នកស្រីអះអាងថាត្រូវអស់ប៉ុន្មាននៅឡើយទេ។
យ៉ាងណាមិញស្របជាមួយនឹងដំណើរដឹកដៃឪពុកម្តាយនិងប្អូនៗ ចេញពីផ្ទះតៀម ឡើងនៅលើផ្ទះល្វែងផុតពីដីពីរជាន់ របស់តារារូបនេះ មិនស្ងប់នូវពាក្យលេចឮចចាក់ចចុចនោះទេ ដោយមានមហាជននៅម្តុំផ្ទះចាស់នៅមុខពេទ្យរុស្ស៊ី មួយចំនួនបង្ហើបថា ផ្ទះដែលកញ្ញា នី មុន្នីនាថ ទិញនៅភ្នំពេញថ្មីនោះ មិនមែនជាប្រាក់សន្សំចេញពីដៃនាងទេ គឺនាងមានអ្នកឧបត្ថម្ភនៅពីក្រោយខ្នង ខណៈផ្ទះចាស់នាងនៅមុខពេទ្យរុស្ស៊ីក៏មិនបានដោះដូរនោះ »។
តបនឹងការលើកឡើងរបស់មហាជនមាត់ចចាក់ចចុចនោះ អ្នកស្រី សុ ភាលី ហាក់មានអារម្មណ៍ក្តៅឆេវប្តូរពីសើចកក្អឹក បែរជាដំឡើងសំឡេងថា៖«អូ! ឲ្យតែតារាៗមានផ្ទះថ្មីនៅសុទ្ធតែគេទិញឲ្យ ឬមានគេឧបត្ថម្ភអី»។ អ្នកស្រីបានលើកឡើងថា៖«ដូចខ្ញុំប្រាប់មុននេះអ៊ឹចឹងថា ផ្ទះខ្ញុំទិញនេះមិនមានប្រាក់ឲ្យក្រុមហ៊ុនគ្រប់ទេគឺបង់រំលស់ទេ បើមានគេទិញឲ្យមែននោះ ម្ល៉េះសមខ្ញុំមិនពោលពាក្យថាបង់រំលស់ទេ ហើយកូនខ្ញុំក៏មិនខ្វល់នឹងត្រូវចំណាយលុយចំនួន៥៩១ដុល្លារបង់ រំលស់នោះដែរ»។
បើទោះយ៉ាងណាអ្នកស្រីក៏លើកឡើងថា៖«ប្រហែលជាមិនខ្វះទេ បុរសៗដែលថ្លែងពីទឹកចិត្តសម្បុរធម៌និងចង់ជូនជាកាដូស្នេហ៍កុំថាឡើយផ្ទះមួយជង់ ពីរជង់ក៏បានដែរ តែខ្ញុំក៏សូមផ្តាំទៅវិញថា កូនខ្ញុំមិនចង់បានកាដូស្នេហ៍ ដោយមិនទាន់បានក្រាបក្បាលដល់កន្ទេលទេ។ សូមកុំមើលឃើញកូនខ្ញុំតែចំណុះនេះអី កូនខ្ញុំដាច់ខាតមិនធ្វើដូចអ្នកគិតទេ»៕
