ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​ការ​លើក​ពេល​សវនាការ​របស់​តុលាការ​ខេត្ត​កោះកុង

ដោយ សេក បណ្ឌិត
2012-07-26
​វិទ្យុ​អាស៊ីសេរី

សាលាដំបូង​ខេត្ត​កោះកុង កោះ​ហៅ​តំណាង​ប្រជាពលរដ្ឋ ៣​ភូមិ នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង និង​សាក្សី​មួយ​ចំនួន​ទៀត មក​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ពាក់​ព័ន្ធ​បណ្ដឹង​ប្រជាពលរដ្ឋ​ដែល​ប្ដឹង​សុំ​មោឃភាព​លើ​គម្រោង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ស្នើ​ដោយ​លោក​ឧកញ៉ា លី យ៉ុងផាត់។

ប្រជាពលរដ្ឋ​តវ៉ា​ចំពោះ​ការ​ពន្យារ​ពេល​សវនាការ​រឿង​ទំនាស់​ដី នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១២។

ប្រជាពលរដ្ឋ​តវ៉ា​ចំពោះ​ការ​ពន្យារ​ពេល​សវនាការ​រឿង​ទំនាស់​ដី នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១២។
Photo: Adhoc

ស្រប​ពេល​គ្នា​នោះ មាន​អ្នក​ភូមិ​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​ជាង ២០០​នាក់ បាន​ធ្វើ​ដំណើរ​មក​ជាមួយ ដើម្បី​គាំទ្រ​តំណាង​របស់​គាត់ និង​ចង់​ដឹង​ពី​លទ្ធផល​នៃ​សវនាការ។ ប៉ុន្តែ​សវនាការ​នោះ​មិន​អាច​ដំណើរការ​បាន​នោះ​ទេ ហើយ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​ទៀត។

អ្នក​ភូមិ​ជីខ ភូមិ​ត្រពាំងកណ្តោល និង​ភូមិ​ឈូក នៅ​ឃុំ​ជីខលើ ប្រតិកម្ម​ចំពោះ​ការ​លើក​ពេល​សវនាការ​របស់​តុលាការ ខេត្ត​កោះកុង ថា​ជា​ចេតនា​មិន​ចង់​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ​ជាមួយ​នឹង​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់។

ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ​តាំង​ពី​​​​​​ឆ្នាំ​២០០៧ មក ប៉ុន្តែ​តុលាការ​ពុំ​ដែល​បាន​កាត់​សេចក្តី​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​នោះ​ឡើយ។

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ឈ្មោះ យន់ ជិ អាយុ​ប្រមាណ​ជាង ៤០​ឆ្នាំ មាន​ប្រសាសន៍​ទាំង​អួល​ដើម​ក​ថា ពលរដ្ឋ​ក្រីក្រ​ព្យាយាម​គោរព​ច្បាប់ ខំ​ធ្វើ​ដំណើរ​មក​ពី​ផ្ទះ​តាម​ដីកា​កោះ​របស់​តុលាការ​ទាំង​លំបាក ខ្វះ​លុយ​កាក់ ទម្រាំ​មក​ដល់​តុលាការ​ខេត្ត ប៉ុន្តែ​ពេល​មក បែរ​ជា​តុលាការ​ប្រកាស​លើក​ពេល​មិន​ប្រាប់​មុន ដោយ​សំអាង​លើ​ហេតុផល​ផ្សេងៗ។

លោកស្រី យន់ ជិ៖ «ហេតុ​អី​បាន​កោះ​ហៅ​ខ្ញុំ​ឲ្យ​មក ខាង​ក្រុមហ៊ុន​អត់​មក មាន​តែ​លោក​កុហក​ខ្ញុំ? ឥឡូវ​ខ្ញុំ​អត់​សុខ​ចិត្ត​ទេ ត្រូវ​តែ​ហៅ​ក្រុមហ៊ុន​ឲ្យ​មក​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​សុខ​ចិត្ត​ទៅ។ ពួក​ខ្ញុំ​ណា​សុខ​ចិត្ត​ងើប​ដាំ​បាយ​តាំង​ពី​មាន់​រងាវ ហូប​ពី​ព្រឹក​រហូត​ដល់​ល្ងាច​បាយ​ផ្អូម​ក៏​ហូប​ដែរ»

វិទ្យុ​អាស៊ីសេរី​ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​តុលាការ​ខេត្ត​កោះកុង បាន​ទេ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ កក្កដា ដើម្បី​សុំ​ការ​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​លើក​ពេល​នេះ។ ប៉ុន្តែ​តំណាង​ប្រជាពលរដ្ឋ​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​តុលាការ​បាន​ប្រាប់​ពួក​គាត់​ថា ការ​ផ្អាក​នេះ​ដោយសារ​អវត្តមាន​របស់​មេធាវី​ខាង​ភាគី​ក្រុមហ៊ុន។

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា នេះ​ជា​ចេតនា​របស់​មន្ត្រី​តុលាការ​ដែល​ពុំ​មាន​ឆន្ទៈ​ក្នុង​ការ​បញ្ចប់​រឿង​ក្តី​នេះ៖ «វា​អាច​ជា​ហេតុផល​របស់​តុលាការ ពីព្រោះ​តុលាការ​មើល​ឃើញ​ថា រឿង​ក្តី​របស់​ប្រជាពលរដ្ឋ​នេះ​អាច​មាន​ប្រៀប​ឈ្នះ​លើ​ភាគី​ម្ខាង​ទៀត អ៊ីចឹង​គាត់​រក​វិធី​យ៉ាង​ម៉េច​មិន​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​ផល​ប្រយោជន៍​ពី​រឿង​ក្តី​របស់​ពួកគាត់»

លោក​បន្ត​ថា ពេល​នេះ​សម​ល្មម​សម្រាប់​តុលាការ​ដែល​ត្រូវ​បញ្ចប់​រឿង​ក្តី​នេះ​ហើយ ពីព្រោះ​ការ​លើក​ពេល​សវនាការ​នេះ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ដង​មក​ហើយ ហើយ​ក្នុង​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ តុលាការ​បាន​សម្រេច​លើក​ពេល​ពី ៣ ទៅ ៤​ដង​មក​ហើយ។ ចំពោះ​ការ​បាត់បង់​ដីធ្លី​ និង​ជម្លោះ​ក្នុង​រឿង​នេះ​ចេះ​តែ​បន្លាយ​ពេល​យូរ​ទៅៗ ធ្វើ​ឲ្យ​បាត់បង់​ពេល​វេលា​ធ្វើ​ស្រែ​ចំការ និង​ខាត​បង់​ប្រាក់កាស​ជា​ច្រើន​របស់​ពលរដ្ឋ។

លោក អ៊ិន គង់ជិត៖ «វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ក្រ​ខ្សត់​របស់​ពួក​គាត់ ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​កាន់​តែ​ក្រ​ខ្សត់​ទៅៗ អ៊ីចឹង​យើង​ស្នើ​ឲ្យ​តុលាការ​កុំ​ឲ្យ​ចេះ​តែ​លើក​ពេល​ត​ទៅ​ទៀត»

ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ធ្វើ​កិច្ច​សន្យា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ពីរ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៦។ ក្រុមហ៊ុន​ទី​១ កោះកុង ស៊ូហ្គើ (Koh Kong Sugar) បាន​ទទួល​ដី​ទំហំ ៩.៧០០​ហិកតារ និង​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ កោះកុង ផ្លេនថេស៊ិន (Koh Kong Plantation) បាន​ទទួល​ដី​ទំហំ ៩.៤០០​ហិកតារ។ ប៉ុន្តែ​អ្នក​ដែល​សុំ​ដី​សម្រាប់​ក្រុមហ៊ុន​ទាំង​ពីរ​នោះ មាន​ឈ្មោះ​អ្នក​ទទួល​ខុស​ត្រូវ​តែ​មួយ គឺ​លោក​ឧកញ៉ា លី យ៉ុងផាត់។

ករណី​នេះ​ខុស​នឹង​មាត្រា ៥៩ នៃ​ច្បាប់​ភូមិបាល ដែល​បាន​កំណត់​ត្រឹមតែ​មួយ​ម៉ឺន​ហិកតារ​សម្រាប់​ដី​សម្បទាន​ទៅ​បុគ្គល​ម្នាក់។ ជាង​នេះ​ទៅ​ទៀត​ការ​ផ្ដល់​ដី​នោះ​ប៉ះ​លើ​ដី​ស្រែ​ចំការ និង​ភូមិ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​ការ​លើក​ពេល​សវនាការ​របស់​តុលាការ​ខេត្ត​កោះកុង"

  1. ខ្ញុំជាខ្មែរ says:

    អ្នកមានលុយមានអំណាច ធ្វើអ្វីមិនចេះខុសនោះទេ