ដោយ អាន ស៊ីថាវ
2012-07-26
វិទ្យុអាស៊ីសេរី
ទីផ្សារកសិផលកម្ពុជា ភាគច្រើនពឹងលើប្រទេសជិតខាង ដោយសារតែប្រទេសទាំងនោះមានតម្រូវការកសិផលខ្ពស់។

កសិករកាប់បំបែកដំឡូងមី នៅស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១។
RFA/Soun Sophalmony
អ្នកប្រមូលទិញកសិផលលក់បន្តទៅក្រៅប្រទេស និងក្នុងស្រុក បានអះអាងថា ការទិញផលដំណាំពីកសិករ គឺអាស្រ័យការបញ្ជាទិញពីឈ្មួញធំ ឬពីប្រទេសជិតខាង ហើយមុខរបរនេះអាចរកប្រាក់ចំណូលបាន។ ប៉ុន្តែឈ្មួញកណ្ដាលខ្លះទៀតបានអះអាងថា គាត់មិនទទួលបានប្រាក់ចំណេញច្រើនទេ ដោយសារតែគ្មានតម្រូវការ។ កត្តានេះត្រូវបានអ្នកជំនាញកសិកម្មបានផ្ដល់យោបល់ថា ការផ្សព្វផ្សាយព័ត៌មានទីផ្សារមិនត្រឹមតែមានសារសំខាន់ចំពោះកសិករដែលត្រូវដាំអ្វី ប៉ុន្តែឈ្មួញក៏បានដឹងថា ពួកគាត់ត្រូវទិញអ្វីដែលទីផ្សារត្រូវការ។
«សំឡេងឈ្មួញ»៖ នេះជាការរៀបរាប់របស់អ្នកប្រមូលទិញសណ្ដែកដីនៅភូមិសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ស៊ុន គឹមហុង។ លោកបានឲ្យដឹងថា គាត់ទិញសណ្ដែកដីសើមក្នុងមួយគីឡូក្រាមប្រមាណជាង ១ពាន់រៀលយកមកហាល និងកិនលក់បន្តឲ្យឈ្មួញនៅទីរួមខេត្តបាត់ដំបង និងទីក្រុងភ្នំពេញ។ លោកបញ្ជាក់ថា ក្នុងសណ្ដែកដីសើមមួយតោន យកមកហាលថ្ងៃឲ្យស្ងួតដោយប្រើរយៈពេលពីរទៅបីថ្ងៃ ហើយយកមកកិនបានប្រមាណ ៤០០គីឡូក្រាមក្នុងមួយតោន។
អ្នកប្រមូលទិញសណ្ដែក និងជាអ្នកឈ្មួញកណ្ដាលទិញកសិផលម្នាក់ទៀតនៅខេត្តបាត់ដំបង អ្នកស្រី សាវ ស៊ីថា បានឲ្យដឹងថា គាត់ទិញសណ្ដែកបានប្រមាណ ៣០តោនភាគច្រើនមកពីស្រុកសំឡូត។ អ្នកស្រីបន្តថា គាត់លក់បានសណ្ដែកគ្រាប់បន្ទាប់ពីហាល និងកិនរួច បានតម្លៃក្នុងមួយគីឡូក្រាមប្រមាណ ៦ពាន់រៀល ដោយឈ្មួញចុះប្រមូលទិញផ្ទាល់ដល់ទីនេះ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា គុណភាពសណ្ដែកក្នុងឆ្នាំនេះ គឺមានគុណភាពអន់ជាងឆ្នាំមុន។
អ្នកស្រី សាវ ស៊ីថា៖ «គេថាសណ្ដែកខាងសំឡូតគឺអន់ សណ្ដែកពណ៌វាអត់សូវស្អាត វាអត់ពេញទឹក ហើយសណ្ដែកឆ្នាំហ្នឹងវាស្កក គេអត់ចង់ទិញ វាថោក»។
យ៉ាងណាក៏ដោយអ្នកវិភាគកសិកម្មបានអះអាងថា ការធ្វើកសិកម្មនៅប្រទេសកម្ពុជា គឺភាគច្រើនពឹងលើទឹកភ្លៀងនៅឡើយ ដែលជាបញ្ហាប្រឈមដល់ទិន្នផលនៃដំណាំនីមួយៗ និងទីផ្សារលក់កសិផលទៀតសោត គឺពឹងលើប្រទេសជិតខាងនៅឡើយ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង លោក ជាម ច័ន្ទសោភ័ណ្ឌ មានប្រសាសន៍ថា ទីផ្សារកសិផលនៅខេត្តបាត់ដំបង ដែលមួយផ្នែកធំ ផ្ដោតលើដំណាំចម្ការលក់ទៅប្រទេសថៃ និងការលក់នៅទីផ្សារក្នុងស្រុក មានចំនួនប្រមាណតិចជាង ២០% នៃកសិផលសរុបនៅខេត្តបាត់ដំបង ប៉ុន្តែកសិផលខ្លះក៏បានលក់ទៅប្រទេសវៀតណាម ផងដែរ។
លោកមានប្រសាសន៍បន្តថា មូលហេតុទីផ្សារលក់កសិផលនៅខេត្តបាត់ដំបង គឺពឹងលើប្រទេសជិតខាង ដោយសារតែប្រទេសទាំងនោះមានតម្រូវការខ្ពស់ ទន្ទឹមនឹងនៅប្រទេសកម្ពុជា មានរោងចក្រកែច្នៃតិចតួចបំផុត ដែលជាមូលហេតុសំខាន់ធ្វើឲ្យលំហូរកសិផលទាំងនោះទៅប្រទេសថៃ និងវៀតណាមជាដើម។
លោក ជាម ច័ន្ទសោភ័ណ្ឌ៖ «ដោយសារតែវាធម្មតាទេ គេថាសេដ្ឋកិច្ចហ្នឹង កាលណាយើងដាំច្រើនទៅប្រទេសជិតខាងគេតម្រូវការទីផ្សារយើងគឺហូរទៅខាងគេ ដោយសារមូលហេតុនៅក្នុងស្រុករបស់យើងមិនទាន់មានរោងចក្រកែច្នៃ ឲ្យបានគ្រប់គ្រាន់ផ្គត់ផ្គង់តាមតម្រូវការកសិផលរបស់យើង»។
ទោះជាយ៉ាងណាក៏ដោយ លោក ជាម ច័ន្ទសោភ័ណ្ឌ បន្តថា ប្រភពពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផ្ទៃដីកសិកម្មនៅខេត្តបាត់ដំបង មានចំនួនប្រមាណ ៣០០ពាន់ហិកតារចំពោះដំណាំស្រូវ និងដំណាំចម្ការមានចំនួនប្រមាណ ១៥០ពាន់ហិកតារ។
អ្នកវិភាគកសិកម្ម លោក ស្រី ចន្ធី មានប្រសាសន៍ទាក់ទងការអភិវឌ្ឍផ្នែកកសិកម្ម គឺត្រូវបែងចែកតាមប្រភេទដំណាំ និងទំហំដីធ្វើកសិកម្ម។ លោកបញ្ជាក់ថា ចំពោះនៅតំបន់ខ្ពង់រាបដែលមានសណ្ឋានដីធំទូលាយ ការប្រើម៉ាស៊ីនធំសម្រាប់ធ្វើកសិកម្មគឺមានប្រសិទ្ធភាព ដូចជាដំណាំដំឡូងមី ពោត និងសណ្ដែកជាដើម។ ប៉ុន្តែលោក ស្រី ចន្ធី បញ្ជាក់ថា ការធ្វើកសិកម្មខ្នាតតូច គឺមានសារសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយសារតែប្រជាជនភាគច្រើនជាអ្នកដែលមានដីតិច។
យ៉ាងណាក៏ដោយ លោក ស្រី ចន្ធី មានប្រសាសន៍បន្ថែមទៀតថា បញ្ហាប្រឈមចំពោះការធ្វើកសិកម្មនៅកម្ពុជា គឺប្រជាជនភាគច្រើនខ្វះនូវបច្ចេកវិទ្យា និងទទួលបានព័ត៌មានទីផ្សារកសិផលចំពោះកសិករនៅមានកម្រិតនៅឡើយ៖ «គ្រាន់តែការផ្សព្វផ្សាយសេវាកសិកម្មដល់ពួកគាត់នៅមានកម្រិតហ្នឹងមួយ បច្ចេកវិទ្យាដូចជាពូជទំនើបដែលអាចបង្កើនទិន្នផលក៏នៅមានកម្រិតដែរ»។
លោកមានប្រសាសន៍បន្តថា ក្រៅពីការផ្ដល់ព័ត៌មានទីផ្សារនៅមានកម្រិតនោះ កសិករភាគច្រើនមានចំណេះដឹងតិចតួចដែលអាចស្រូបយកចំណេះដឹង ដូចជាការជឿនលឿននៃបច្ចេកវិទ្យា និងព័ត៌មានទីផ្សារក៏នៅមានតិចតួចផងដែរ។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយទីផ្សារកសិផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ម៉ាក់ សឿន មានប្រសាសន៍ថា នៅតាមខេត្តនីមួយៗមានភ្នាក់ងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម មានប្រមាណ ៨ពាន់នាក់ ដោយលោកបញ្ជាក់ថា ចំនួននេះមិនបានរួមបញ្ចូលភ្នាក់ងារផ្សព្វផ្សាយផ្សេងរបស់អង្គការក្រៅរដ្ឋាភិបាលនានានៅឡើយទេ។
លោក ម៉ាក់ សឿន៖ «ការប្រើមួយការប្រើភ្នាក់ងារសត្វភូមិដែលមានចំនួនជាង ១៣.០០០ ជាអ្នកផ្ដល់សេវាដែរ ហើយយើងបានបណ្ដុះបណ្ដាលភ្នាក់ងារសត្វភូមិហ្នឹងឲ្យក្លាយជាអ្នកផ្សព្វផ្សាយតាមភូមិប្រមាណជាង ៧ពាន់នាក់»។
អ្នកវិភាគសេដ្ឋកិច្ច លោក លឹម សុវណ្ណារ៉ា មានប្រសាសន៍ថា ព័ត៌មានទីផ្សារគឺមិនត្រឹមតែមានសារសំខាន់សម្រាប់ពេលប្រមូលផលប៉ុណ្ណោះទេ ប៉ុន្តែកសិករបានដឹងនូវអ្វីដែលគាត់ត្រូវដាំដុះទៅតាមតម្រូវការ ដែលជៀសវាងការដាំដំណាំប្រភេទអ្វីដែលធ្វើតាមគ្នា។ លោកបញ្ជាក់ថា បញ្ហានេះ ទាមទារការសម្របសម្រួលព័ត៌មានទីផ្សារ គឺកត្តាចាំបាច់សម្រាប់ការផ្សារភ្ជាប់ការដាំដុះទៅនឹងតម្រូវការទីផ្សារចង់បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។