ដោយ គីន ហត្ថារ៉ូ
RFI
បន្ទាប់ពីលោកម៉ម សូណង់ដូប្រធានវិទ្យុសំបុកឃ្មុំនិងប្រធានសមាគមអ្នកប្រជាធិបតេយ្យបានឃុំខ្លួននៅពន្ធនាគារព្រៃសអស់រយៈពេល១២ថ្ងៃក្រោមបទចោទនៅពីក្រោយជម្លោះដីធ្លីនៅក្នុងខេត្តក្រចេះនោះ អ្នកតំណាងរាស្ត្របក្សប្រឆាំង៧រូបនិងទៅសួរសុខទុក្ខលោកម៉ម សូណង់ដូនៅឯពន្ធនាគារព្រៃសរនៅថ្ងៃទី៣ខែសីហា។
អ្នកតំណាងរាស្ត្របក្សប្រឆាំងចំនួន៧រូបនឹងទៅសួរសុខទុក្ខលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំនិងប្រធានសមាគមអ្នកប្រជាធិបតេយ្យនៅពន្ធនាគារព្រៃសនៅថ្ងៃទី០៣ខែសីហានៅវេលាម៉ោង៩ព្រឹក។
យោងតាមលិខិតរបស់លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាគណបក្សសមរង្ស៊ីចុះថ្ងៃទី២៤ខែកក្កដា ផ្ញើជូនអគ្គនាយកពន្ធនាគារព្រៃសបានអោយដឹងថា ប្រតិភូរបស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីនឹងដឹកនាំដោយលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រមណ្ឌលកំពត នៅថ្ងៃទី៣ខែសីហា។ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការឆ្លើយតបពីអគ្គនាយកដ្ឋានពន្ធនាគារព្រៃសនៅឡើយនោះទេ។
តំំណាងរាស្រ្តគណបក្សប្រឆាំងចំនួន៧រូបដែលគ្រោងនឹងទៅសួរសុខទុកលោកម៉ម សូណង់ដូនោះក្នុងគោលបំណងចុះទៅសួរសុខទុក្ខនឹងចង់ដឺងអំពីស្ថានភាពរស់នៅរបស់គាត់នៅក្នុងពន្ធនាគារ។
អ្នកស្រីកែ សុវណ្ណរតន៍ បានអោយដឹងថា លោកម៉ម សូណង់ដូគឺជាអ្នកដែលស្នេហាជាតិដូចគ្នាហើយអ្វីដែលគាត់បានធ្វើគឺអប់រំប្រជាពលរដ្ឋអោយយល់អំពីសិទ្ធិរបស់គេនិងលិទ្ធិប្រជាធិបតេយ្យ។
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៥ កក្កដា បន្ទាប់ពីរូបលោកបានវិលត្រឡប់មកពីបរទេសរយៈពេលបីថ្ងៃ ដោយសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសក្រោមការចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ។
នោះគឺជាការឃាត់ខ្លួនលើកទី៣ហើយដែលរដ្ឋាភិបាលបានចាប់ដាក់ពន្ធនាគារដោយលើកទី១ នៅក្នុងឆ្នាំ២០០ ៣ ទាក់ទងនឹងកុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ និងលើកទី២ នៅក្នុងឆ្នាំ២០០៥ ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម៕
————————————————-



