Written by ភ្នំពេញដេលីញូវ
Friday, 27 July 2012
គ្មានអ្នកណាអាច ចៀសវាងបាន ឬ គិតថាមិនកើត ជំងឺនោះឡើយ ព្រោះថាបើយើង មិនកើត នៅថ្ងៃនេះ នៅថ្ងៃ ក្រោយក៏តែង មានជំងឺ ណាមួយចូល យាយីដែរ ។ នេះជាវិធី ៥ យ៉ាង ដែលអាចឱ្យ យើងទប់ស្កាត់ ជំងឺមួយចំនួន ។
១ – ហាត់ប្រាណ និង សម្រាក
ដើម្បីពង្រឹងសុខភាព
រាងកាយរបស់យើង ត្រូវការថ្ងៃ ឈប់សម្រាក ប៉ុន្តែយ៉ាងណា ការលើកឡើង បែបនេះ ត្រូវបានក្រុម អ្នកឯកទេសខ្លះ ធ្វើការប្រឆាំងថា ពុំត្រឹមត្រូវនោះទេ ។ គេថាគ្មានថ្ងៃ ឈប់សម្រាកក្តី តែបើនៅ ក្នុងមួយថ្ងៃៗ មានពេល សម្រាកគ្រប់គ្រាន់ ក៏រាងកាយ រឹងមាំ ដូចគ្នា ។ ក្រៅ ពីនេះ អ្នកឯកទេស សុខភាពបាន អះអាងដែរថា ក្រៅពីរាងកាយ បានសម្រាក ពីការងារ យើងក៏ត្រូវ រកពេលវេលា ហាត់ប្រាណ បន្តិចបន្តួច នៅក្នុងថ្ងៃ ឈប់សម្រាក ឬ ពេលទំនេរ ដើម្បីជួយពង្រឹង សុខភាព ឱ្យរឹងមាំ ។ ពីព្រោះថា ការ ហាត់ប្រាណ នឹងជួយឱ្យ ឈាម រត់ បានល្អ ជួយកាត់បន្ថយ អាស៊ីដ “ឡេកធីក” ជួយ បំបាត់ភាព ស្ពឹកស្រពន់ ជួយឱ្យ សាច់ដុំ អន់ខ្សោយ នឹង ល្អឡើងវិញ ។ ក្រៅពីនេះ នៅជួយឱ្យ ស្មារតីផ្លូវចិត្ត រឹងមាំ ទៀតផង ។
២ – ដេកឱ្យទៀងពេលវេលា
យើងគួរដេក ឱ្យបាន ក្នុងមួយថ្ងៃ ៨ ម៉ោង ។ ការ ចូលដំណេក ក្នុងពេលណា ក៏បានដែរ ប៉ុន្តែយ៉ាងណា ពេលវេលា ដែលល្អបំផុត គឺម៉ោង ៩ យប់ ដល់ម៉ោង ១២យប់ ព្រោះរាងកាយ នឹងបញ្ចោញ សារជាតិ Grown Hormone ។ សារជាតិ នេះវានឹង ចាប់ ផ្តើមធ្វើការ ក្រោយ ពីយើង ដេកលង់លក់ ១ ម៉ោង ឬ ២ ម៉ោងនៅ ពេលយប់ ឬ ក្នុងអំឡុង ពាក់កណ្តាល យប់ ដល់ម៉ោង ៤ ទាបភ្លឺ ។ បើករណី យើងចូល ដំណេក យប់ពេក នឹង ធ្វើឱ្យ រាងកាយ ចុករួយ ប្រព័ន្ធដុតបំផ្លាញ ក្នុងរាងកាយ ធ្វើការយឺត ដែលនាំ ឱ្យ ឆាប់ឡើងទម្ងន់ ការចងចាំ របស់ ខួរក្បាល ថយចុះ នាំឱ្យប្រឈម នឹងការ កើតជំងឺ ផ្សេងៗ ពិសេស ស្បែកមុខ ងាយកើត សភាពជ្រីវជ្រួញ ទៀតផង ។
៣ – ចេកល្អបែបណា ចំពោះបេះដូង
ចេកសម្បូរ ទៅដោយ សារជាតិ ប៉ូតាស្យូម ច្រើនបំផុត ។ តាមការ ស្រាវជ្រាវនៅ សហរដ្ឋអាមេរិក គេបានរក ឃើញថា ក្រុមមនុស្សដែល បរិភោគអាហារ មានប៉ូតាស្យូម ទាបបំផុតនោះ តែងប្រឈម ជាមួយ ការកើតជំងឺ បេះដូង និងជំងឺ សរសៃឈាម ដល់ទៅ ២ ដង ។ ទោះបី យ៉ាងណា ផ្ទុយគ្នានេះ បើក្រុមមនុស្ស ដែលបរិភោគ អាហារសម្បូរ ប៉ូតាស្យូម នឹងអាចជួយ កាត់បន្ថយ គ្រោះថ្នាក់ ដល់ស្លាប់ ដោយជំងឺ បេះដូងដល់ ទៅ ២០ ភាគរយ ។
៤ – កាត់បន្ថយការ បរិភោគ សាច់ក្រហម ដែលប្រឈមការ កើតជំងឺ ទឹកនោមផ្អែម
តាមការ ស្រាវជ្រាវ ប្រចាំនៅ សាកលវិទ្យាល័យ ហាវ៉ាដ គេបានរក ឃើញថា ការបរិភោគ អាហារជំពូក សាច់ ក្រហម រៀងរាល់ថ្ងៃ នាំឱ្យមានការ ប្រឈមមុខ ខ្ពស់ជាមួយ ការកើតជំងឺ ទឹកនោមផ្អែម រហូតដល់ទៅ ៥១ ភាគរយ ។ ក្រុមអ្នក ឯកទេស បាន ធ្វើការ ណែនាំ ថា យើងគួរតែ កាត់បន្ថយការ បរិភោគ សាច់ក្រហម ហើយងាកមក បរិភោគ សាច់ត្រី ឬ សណ្តែក ជំនួសវិញ ដែលវិធីនេះ ផ្តល់ផលល្អ បំផុត ចំពោះសុខភាព ហើយ មិនប្រឈម ការកើត ជំងឺច្រើនមុខ ដែលមិនអាច ចៀសរួច ។
៥ – កាត់បន្ថយ សំឡេង លាន់ឮខ្លាំង ដែលនាំឱ្យត្រចៀក ទៅជាថ្លង់ ស្តាប់មិនឮ
ត្រចៀកថ្លង់ មិនមែនកើត តែទៅលើ មនុស្សចាស់ ទេ សូម្បីយុវជន យុវតី ក៏តែងបង្កការ កើតជំងឺនេះ ដូចគ្នា ។ ដូច្នេះ គួរចៀសវាង ការស្តាប់ឮ នៅកន្លែងមាន សំឡេងលាន់ឮ ខ្លាំងៗ ដែលនាំឱ្យ បាត់បង់ការ ស្តាប់ឮរបស់ ត្រចៀកមុនវ័យ អាយុកាល ។ ត្រូវចងចាំថា បើ កាលណា ប្រព័ន្ធស្តាប់ឮ សំឡេង ធ្លាក់ចុះខ្សោយ ហើយមិនងាយ កែឡើងវិញទេ ហើយវាអាច ធ្ងន់ធ្ងរ បន្តបន្ទាប់ ទៀតផង ៕
