ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​នៅ​ខេត្ត​ពោធិ៍សាត់ ត្រូវ​ក្រុមហ៊ុន ទូច ហ៊ីវ អារ​រំលំ​និង​រុះរើ

ប្រជាពលរដ្ឋ​១៨៣​គ្រួសារ​ត្រូវ​ក្រុមហ៊ុន ទូច ហៀវ បញ្ជា​កម្មករ​ប្រើ​រណា​យន្ត​អារ​រំលំ​ផ្ទះ និង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នៅ​ឯ​ភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

ដោយ មណ្ឌល កែវ
2012-08-11
​វិទ្យុ​អាស៊ីសេរី

៩-សីហា-២០១២៖ កម្លាំង​កម្មករ​ក្រុមហ៊ុន ទូច ហ៊ីវ កំពុង​អារ​ផ្ដាច់​សសរ​ផ្ទះ​អ្នក​ភូមិ និង​រុញ​រំលំ។

៩-សីហា-២០១២៖ កម្លាំង​កម្មករ​ក្រុមហ៊ុន ទូច ហ៊ីវ កំពុង​អារ​ផ្ដាច់​សសរ​ផ្ទះ​អ្នក​ភូមិ និង​រុញ​រំលំ។
RFA/Mondul Keo

អាជ្ញាធរ​ភូមិ-ឃុំ បាន​ឲ្យ​ដឹង​ថា សកម្មភាព​បណ្ដេញ​ចេញ និង​អារ​រំលំ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ ពុំ​មាន​ផ្ដល់​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ជា​មុន​នោះ​ទេ។

សំឡេង​ពលរដ្ឋ៖ «វា​ធ្វើ​នេះ​វា​ធ្វើ​លើ​អា​ពត​១០​ដង​ទៀត ពេល​បោះ​ឆ្នោត ខ្ញុំ​នឹង​លេង​ហើយ បើ​ជាប់​គុក​ក៏​ជាប់​ទៅ។ ព្រោះ​អី​ធ្វើ​នេះ​វា​ដូច​ជា​ហួស​ពេក»

ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​បាន​កម្លាំង​កម្មករ​ក្រុមហ៊ុន ទូច ហ៊ីវ អារ​រំលំ និង​ផ្ទះ​ខ្លះ​ទៀត​ត្រូវ​បាន​កម្លាំង​កម្មករ​រុះរើ​ទាំង​កម្រោល តាម​បញ្ជា​របស់​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍ​ដំណាំ​ឧស្សាហកម្ម គឺ​លោក ទូច ហ៊ីវ។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ឡុង លាភ ជា​ប្រជាពលរដ្ឋ​ភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ គាត់​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០ សីហា ថា គាត់​បាន​មក​រស់នៅ និង​បង្កបង្កើន​ផល​នៅ​តំបន់​នេះ តាំង​ពី​ឆ្នាំ​១៩៩៩ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ-ឃុំ ត្រឹមត្រូវ។ ស្រាប់​តែ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ សីហា ក្រុមហ៊ុន ទូច ហ៊ីវ បាន​ប្រើ​កម្លាំង​កម្មករ​មក​បណ្ដេញ​ពួក​គាត់​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ជា​បន្ទាន់។

គាត់​បន្ត​ថា គាត់​មិន​ទាន់​ទាំង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ផង ស្រាប់​តែ​ក្រុម​កម្មករ​បាន​ប្រើ​រណា​យន្ត​មក​អារ​ផ្ដាច់​សសរ​ផ្ទះ​គាត់ រួច​រុញ​រំលំ​ចោល​តែ​ម្ដង៖ «វា​មក​បំពាន​លើ​សិទ្ធិ​យើង​តែ​ម្ដង អត់​មាន​មក​សួរ​អី​យើង​ម៉ា​ម៉ាត់។ វា​គំរាម​យើង យើង​គ្រាន់​តែ​សុំ​ឲ្យ​ចាំ​យើង​រុះរើ វា​អត់​ព្រម វា​អារ​រំលំ​ផ្ទះ​យើង​តែ​ម្ដង បាក់​បែក​ផ្ទះ​ខ្ញុំ​អស់​រលីង សូម្បី​តែ​មាន់​យើង​ក៏​វា​ចាប់​ស៊ី​អស់។ ចង់​ឲ្យ​ផ្សាយ​ឲ្យ​រដ្ឋាភិបាល​ដឹង​ផង​ជួយ​អ្នក​ភូមិ​ជ្រៃក្រឹម​ផង»

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ជួប ខុម បាន​ឲ្យ​ដឹង​បន្ថែម​ថា ផ្ទះ​គាត់ ផ្ទះ​កូន និង​ផ្ទះ​អ្នក​ជិត​ខាង​គាត់ សរុប​ជិត​១០​ខ្នង​ត្រូវ​បាន​កម្លាំង​កម្មករ​ក្រុមហ៊ុន ទូច ហៀវ អារ​ផ្ដាច់​សសរ និង​រុញ​រំលំ​ដោយ​ពុំ​អនុញ្ញាត​ឲ្យ​រុះរើ​តាម​ដំណើរ​នោះ​ទេ៖ «គេ​មិន​និយាយ​អី​ទេ គេ​ប្រើ​រណា​អ៉ោង​កាត់​រំលំ​ចោល​តែ​ម្ដង។ គ្រាន់​តែ​សុំ​ចាំ​កូន​មក​រុះ​ក៏​គេ​មិន​ព្រម​ដែរ»

ប្រភព​ពី​អាជ្ញាធរ​ភូមិ-ឃុំ បាន​ឲ្យ​ដឹង​ថា មាន​ផ្ទះ​អ្នក​ភូមិ​ចំនួន​១៨៣​ខ្នង ត្រូវ​បាន​ក្រុមហ៊ុន​រុះរើ និង​អារ​រំលំ​ជា​ស្ថាពរ កាល​ពី​ថ្ងៃ​ទី​៩ សីហា។

តាម​ការ​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​វិទ្យុ​អាស៊ី​សេរី នៅ​រសៀល​ថ្ងៃ​ទី​១០ សីហា អាជ្ញាធរ​ភូមិ និង​ឃុំ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ភូមិ-ឃុំ ពុំ​បាន​ដឹង​ជា​មុន​ពី​ការ​ចុះ​រុះរើ​នេះ​ទេ។ ការ​ចុះ​មក​រុះរើ​ផ្ទះ​សម្បែង​អ្នក​ភូមិ​ជ្រៃក្រឹម មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ស្រុក និង​ខេត្ត​ផង​ដែរ។ អាជ្ញាធរ​ភូមិ-ឃុំ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​រុះរើ និង​អារ​រំលំ​ផ្ទះ​អ្នក​ភូមិ គឺ​ធ្វើ​ឡើង​ដោយ​កម្លាំង​កម្មករ​របស់​ក្រុមហ៊ុន ទូច ហ៊ីវ ផ្ទាល់។ ឯ​កម្លាំង​អាជ្ញាធរ​ស្រុក និង​ខេត្ត គ្រាន់​តែ​តាម​ការពារ​ក្រែង​កើត​មាន​អំពើ​ហិង្សា​ប៉ុណ្ណោះ។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ទាំង​ហួស​ចិត្ត​ថា មិន​គួរ​ក្រុមហ៊ុន​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​ទាំង​កំរោល​យ៉ាង​នេះ​ទេ។ លោក​ថា មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​មក​រស់នៅ​ជាង​១០​ឆ្នាំ​ហើយ នៅ​ភូមិ​ជ្រៃក្រឹម នេះ។ លោក​ថា ការ​ពុំ​ទាន់​បែង​ចែក​ព្រំប្រទល់​ច្បាស់​លាស់ ជា​កត្តា​បង្ក​ឲ្យ​កើត​មាន​ការ​បណ្ដេញ​ដោយ​ហិង្សា​នេះ៖ «វា​មិន​ដឹង​ថា ព្រំប្រទល់​ជ្រៃក្រឹម នោះ​ប៉ុណ្ណា។ ក្រុមហ៊ុន ទូច ហៀវ នោះ​ប៉ុណ្ណា។ ដល់​អ៊ីចឹង អ្នក​ដែល​ទៅ​រស់នៅ គេ​គិត​ថា​នៅ​ក្នុង​ទឹកដី​ភូមិ​ជ្រៃក្រឹម។ ឯ​អ្នក​មក​អនុវត្ត គេ​យក​លេស​ថា​ជា​ដី​ក្រុមហ៊ុន។ មក​ពី​ថ្នាក់​ជាតិ​មិន​ទាន់​បែង​ចែក​ព្រំប្រទល់​ច្បាស់​លាស់ ប្រកាស​ឲ្យ​ភូមិ-ឃុំ ដឹង»

ក្នុង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​ហិង្សា​នេះ ក្រៅ​ពី​ទូរទស្សន៍​បាយ័ន ពុំ​មាន​អ្នក​សារព័ត៌មាន​ណា​ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន និង​ថត​រូបភាព​នោះ​ទេ។ បុគ្គលិក​ផ្នែក​អង្កេត​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ពោធិ៍សាត់ ក៏​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់​ខ្លួន​មួយ​រយៈ​ខ្លី និង​តម្រូវ​ឲ្យ​លុប​រូបភាព​ដែល​ថត​បាន​នោះ​ចោល​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

10 Responses to "ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​នៅ​ខេត្ត​ពោធិ៍សាត់ ត្រូវ​ក្រុមហ៊ុន ទូច ហ៊ីវ អារ​រំលំ​និង​រុះរើ"

  1. កូនឪ says:

    វាពិតជាសាហាវបែបហ្នឹងហើយ ព្រោះមេវាភាគច្រើនជាមេឃាតកសម័យប៉ុលពត ។
    ពេលណាទើបវារលាយពួកអាទុរយស ។

  2. ខ្ញុំជាខ្មែរ says:

    ថោកទាបណាស់ អាថោកទាប ពេលបោះឆ្នោតនេះគួតែដូរចេញទៅ ពួកអាមនុស្សថោកទាបអស់នេះ

  3. សម័យតេអាជោហ៊ុន សែន អភិវឌ្ឍ​ចឺងណារបង្អូន

  4. samabth says:

    ហេតុអ្វីបានជាមិនមានការជូនដំណឹងដល់គាត់ជាមុនសិនមុននឹងធ្វើទង្វើមិនសមគូរសំរាប់ពួកគាត់ដែលជាប្រជាពលរដ្ឋស្លូតត្រង់! តើបញ្ហាអស់ទាំងនេះពេលណាទើបឈប់មាននៅក្នុងប្រទេសកម្ពុជា? ហេតុអ្វីបានជាមិនមានការជួយអន្ដរាគមន៏ពីមន្រ្ដីមានសម្ថកិច្ច?ច្បាប់នៅក្នុងស្រុកខ្មែរបច្ចុប្បន្នកាន់តាយ៉ាប់ទៅៗហើយ ! តើបញ្ហាដែលកើតមានរាល់ថ្ងៃនេះបណ្ដលលមកពីអ្វី??????????????????????

  5. កូនយួន says:

    ពូកអ្នកដឹកនាំខ្មែរ ច្រែនតែបណ្តោយអោយឈ្មួញ ក្រុមហ៊ុន ធ្វើបាបរាស្រ្តក្រីក្រជារឿយៗៗៗ
    យ៉ាប់ណាស់សម័យតេជោសែន !!! សំបូរតែអ្នកអួតអាង វាយឬក ខែងរែង ស៊ីចូ លើកជើង ។។
    អាជ័យថ្លាក់ទឹក ហៃអើ ហៃអើ ៗៗៗៗ​ ។។។ យូរៗៗ ទៅ ធ្លាក់ទឹកទាំងអស់គ្នា

  6. ខ្មែរហូត says:

    តាមពិតពួកនេះ គឺជាពូជខ្មែរក្រហម

  7. if you wanna blame on government then blame the one who vote for them. so that may be your self to blame.

  8. ពួកអភ្លើ says:

    សម័យថ្មីឡូយណាស់ផ្ទះធ្វើមិនបាច់ប្រើសរសរទេ

  9. ស្តាយគំនិតដែលស្រឡាញ់ដែលឬអត់​​​​?រាងដែរឬទេ?