អ្នកស្រី វន ម៉ុល អាយុ ៥៧ ឆ្នាំ រៀបរាប់ទាំងទឹកភ្នែកថា គាត់មិនត្រឹមតែបាត់បង់ឪពុកម្តាយនៅកន្លែងនេះទេ អ្នកស្រីបានបាត់បង់កូនទាំង៤នាក់ ហើយគាត់មិនច្បាស់ថា តើអាចរកឃើញឆ្អឹងសាកសពពួកគេពិតនោះទេ។
Friday, 10 August 2012
ម៉ៃ ទិត្យថារ៉ា និង Bridget Di Certo
ភ្នំពេញ ប៉ុស្តិ៍
សៀមរាបៈ អ្នកស្រី ឡាត់ ងី បានខិតខំពន្យល់កូនស្រីអំពីសារៈសំខាន់នៃអ្វីដែលអ្នកស្រី កំពុងកាន់ក្នុងដៃ។
ឆ្អឹងថ្គាមប្រមាណ១៥សង់ទីម៉ែត្រដែលកាន់ក្នុងដៃ គាត់លើកបង្ហាញកូនស្រីដែលងឿងឆ្ងល់ ថា៖ «នេះជាឆ្អឹងជីតារបស់កូន»។
ចង្អុលធ្មេញផុយៗ ៣ នៅលើថ្គាម អ្នកស្រីដែលមានវ័យ៤០ឆ្នាំ បានអះអាងថា៖ «ខ្ញុំដឹងថានេះជាឆ្អឹងឪពុករបស់ខ្ញុំ ព្រោះធ្មេញគាត់មានស្រោបប្លាទីនចំនួន៣។ ខ្ញុំបានដឹងថា គេយកគាត់មកទីនេះ ប៉ុន្តែខ្ញុំមិនដែលនឹកស្រមៃថា ខ្ញុំអាចរកឃើញគាត់នោះទេ។ ខ្ញុំរកអ្វីមកថ្លែងពុំបានទេ»។

អ្នកស្រី ងី ដែលទៅរស់នៅក្នុងប៉ាត់តាយ៉ា ប្រទេសថៃ បានប្រញាប់ប្រញាល់មករកឆ្អឹងសពឪពុកនេះ ពេលចូលរួមក្នុងពិធីបុណ្យឧទ្ទិសកុសលឲ្យព្រលឹងអ្នកស្លាប់ កាលពីម្សិលមិញបន្ទាប់ពីអ្នកស្រីបានឮដំណឹងអំពីការជីករក ឃើញរណ្តៅសពរួម កាលពីសម័យខ្មែរក្រហម។
ក្រុមមនុស្សមួយចំនួនតូចបានប្រមូលផ្តុំគ្នាជុំវិញអ្នកស្រី ងី នៅកន្លែងឆ្អឹងសាកសពនោះដោយភាពភ្ញាក់ផ្អើល និងក្តីឈឺចាប់។
ចំពោះមនុស្សជាច្រើននាក់ ការរកឃើញកន្លែងពិឃាតនេះក្នុងភូមិ តូរ្យតន្រ្តី ស្រុកក្រឡាញ់ បានផ្តល់នូវក្តីសង្ឃឹមក្នុងការរុករកឆ្អឹងសពសាច់ញាតិ ពួកគេ ដែលត្រូវបានសម្លាប់ ឬបាត់ខ្លួនក្នុងរបបខ្មែរក្រហម។
ប្រជាជនជាង ៣០០នាក់ បានប្រមូលផ្តុំគ្នាដើម្បីចូលរួមក្នុងពិធីបុណ្យ នៅទីកន្លែងជីកដីដែលឥឡូវនេះត្រូវបានបញ្ឈប់។
ខណៈដែលព្រះសង្ឃដឹកនាំពិធីសូត្រធម៌ឧទ្ទិស អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មួយក្រុមតូចដែលអស់សង្ឃឹម បានចូលទៅកន្លែងសក្ការៈបណ្តោះអាសន្នជាមួយនឹងទៀនធូប ក្បាលជ្រូកឆៅ និងផ្លែឈើ នៅមាត់រណ្តៅជាកន្លែងសាកសព ដែលរាប់បញ្ចូលទាំងឆ្អឹងកុមារ និងលលាដ៍ក្បាល ប្រមាណ២០នាក់ ដែលគេជីករកឃើញ កាលពីចុងសប្តាហ៍មុន។
អង្គុយនៅក្បែរកន្លែងសែន អ្នកភូមិម្នាក់ ក្នុងចំណោមអ្នកភូមិច្រើននាក់បានចាប់ផ្តើមកកាយដីដោយដៃទទេ។ អ្នកភូមិវ័យចំណាស់ម្នាក់ បានចុះទៅរណ្តៅដោយយកឈើទៅជីក។ ក្នុងរយៈពេលតិចជាង៥ នាទី មនុស្សមួយក្រុមបានយកឆ្អឹងដាក់លើចានប្រាក់ពីរ ហើយអ្នកស្រី ងី បានរកឃើញឆ្អឹងឪពុករបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ មិនមែនអ្នករាល់គ្នាសុទ្ធតែមានសំណាងល្អដូចអ្នកស្រី ងី នោះទេ។
អ្នកស្រី វន ម៉ុល អាយុ ៥៧ ឆ្នាំ រៀបរាប់ទាំងទឹកភ្នែកថា គាត់មិនត្រឹមតែបាត់បង់ឪពុកម្តាយនៅកន្លែងនេះទេ អ្នកស្រីបានបាត់បង់កូនទាំង៤នាក់ ហើយគាត់មិនច្បាស់ថា តើអាចរកឃើញឆ្អឹងសាកសពពួកគេពិតនោះទេ។
អ្នកស្រី ម៉ុល ដែលកំពុងបួងសួង បានថ្លែងថា៖ «ខ្ញុំមិនដឹងតើថាការអ្វីខ្លះដែលពួកគេបានឆ្លងកាត់ទេ មុនពេលពួកគេស្លាប់។ ខ្ញុំបានមកទីនេះ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ ដើម្បីបួងសួងឲ្យពួកគេរួចផុតពីកម្មពៀរដូចបានជួបប្រទះក្នុង ជាតិនេះ»។
អ្នកស្រី ម៉ុល បានឧទ្ទិសនិងមានសេចក្តីប្រាថ្នាថា រាល់ឆ្អឹងសពទាំងអស់នៅកន្លែងនោះគួរត្រូវបានជីកយកទៅដាក់ស្តូប ដើម្បីធ្វើពិធីឲ្យបានត្រឹមត្រូវ។
អ្នកស្រីបានបញ្ជាក់ថា៖ «ខ្ញុំមិនចង់ឲ្យពួកគេត្រូវកប់ក្នុងភក់បែបនោះឡើយ។ ខ្ញុំចង់ឃើញលលាដ៍ក្បាលទាំងអស់ដាក់ក្នុងស្តូបមួយ ហើយរក្សាវាជាភស្តុតាង»។ «ខ្ញុំចង់ស្នើតុលាការខ្មែរក្រហម រកយុតិ្តធម៌ឲ្យជនរងគ្រោះទាំងនេះ ហើយឲ្យអ្នកទាំងនោះទទួលខុសត្រូវចំពោះអំពើរបស់ពួកគេ»។
យោងតាមលោក ធុយ សំអឿត អាយុ ៥៥ឆ្នាំ ដែលជាប់ឃុំក្នុងក្រុមការងារ ៣០នាក់ នៅបំបែកថ្មក្នុងទីឃុំឃាំងក្បែរនេះ បានឲ្យដឹងថា កម្មាភិបាលត្រូវគេពិឃាត នៅពេលព្រឹកព្រលឹម។
លោក សំអឿត អះអាងថា ៖ «រវាងម៉ោង ៤ ព្រឹក និង ៥ ព្រឹក ខ្ញុំបានឃើញពួកគេនាំមនុស្សក្មេង និងចាស់ៗមកកន្លែងនេះ។ អ្នកដែលទទួលបន្ទុក ខ្ញុំមិនដឹងថាតើគាត់ទៅទីណានោះទេ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ»។
អ្នកភូមិជាច្រើននាក់បញ្ជាក់ដែរថា ពីឆ្នាំ១៩៧៩ ដល់ដើមឆ្នាំ ១៩៨០ កងកម្លាំងវៀតណាមបានវាយកម្ទេចអតីតកម្មាភិបាលខ្មែរក្រហមនៅតំបន់នេះ។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា អ្នកស្រាវជ្រាវលោកបានដឹងពីកន្លែងនេះ តាំងពីឆ្នាំ ១៩៩៨ ហើយបានសង្ឃឹមថា កន្លែងនេះនឹងប្រើជាភស្តុតាងនៅតុលាការដែលកំពុងជំនុំជម្រះ មេដឹកនាំជាន់ខ្ពស់និងអ្នកទាំងឡាយដែល ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា គ្មានអ្នកភូមិណាម្នាក់ ដែលបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថាធ្លាប់បានឃើញឬឮពីអ្នកស៊ើបអង្កេតសាលាក្តីមកទីនេះ ឡើយ។
លោក មឹក សំហាន់ មេភូមិរង គ្រោះបានប្រាប់ថា ពីឆ្នាំ១៩៨០ លោកបានផ្តល់អង្ករ ៥ កំប៉ុងក្នុងមួយថ្ងៃដល់ក្រុមអ្នកភូមិ ដើម្បីជីករកឆ្អឹងឲ្យបានច្រើន ដែលពួកគេបានរកឃើញពីរណ្តៅឡដុតអង្កាមក្បែរនោះ។ លោកថា ក្នុងអំឡុងឆ្នាំ១៩៧៧ ដល់១៩៧៩ មនុស្សរស់និងស្លាប់ត្រូវបានដុតដើម្បីយកផេះធ្វើជាជី ។ លោក សំហាន់ បានបន្ថែមថា «យើងបានជីកក្នុងឆ្នាំ ១៩៨០ ដោយចំណាយប្រមាណ ១ខែ ដើម្បីប្រមូលឆ្អឹងទាំងអស់ដែលយើងបានរកឃើញ»។ ឥឡូវនេះ ឆ្អឹងទាំងនេះត្រូវបានរក្សានៅលើភ្នំទ្រង់បាត ចម្ងាយ៥០០ម៉ែត្រពីកន្លែងប្រទះឃើញឆ្អឹកសាកសពចុងក្រោយ។
រចនាសម្ព័ន្ធដ៏អាក្រក់នេះមានអក្សរចារឹក ហើយស៊ីម៉ងត៍ខ្លះមានស្នាមប្រេះ ហើយបាក់បែក គឺគេអាចមើលឃើញថ្ម និងឆ្អឹងនៅខាងក្នុង។
លោកឲ្យដឹងថា៖ «យើងបានដឹងថាមានអ្វីបានកើតឡើងនៅទីនេះ [នៅឡនិងមន្ទីរឃុំឃាំង] ប៉ុន្តែ យើងមិនដឹងថា មានឆ្អឹងច្រើនទៀតនៅទីនេះទេ»។ លោកថា គាត់នឹងធ្វើការដើម្បីបំពេញបំណងអ្នកភូមិ គឺធ្វើស្តូបរំឭកនឹងសាងសង់ឡើងនៅកន្លែងនេះ។
ក្រោមទឹកភ្នែកហូរសស្រាក់លោកយាយ កាន់ គីមលី អាយុ ៨៣ ឆ្នាំ បាននិយាយថា ស្តូបនេះមានសារៈសំខាន់ ព្រោះការចងចាំ នឹងអាចស្លាប់ទៅជាមួយនឹងអ្នករស់រានមានជីវិត។
លោកយាយព្យាយាមញញឹម បញ្ជាក់ថា៖ «ខ្ញុំព្យាយាមប្រាប់ចៅខ្ញុំអំពីរឿងរ៉ាវទាំងនេះ ប៉ុន្តែពួកគេមិនជឿទេ។ តើអ្នកអាចជឿថា តើមានអ្វីបានកើតឡើងទីនេះ ដោយរបៀបណា?»។
លោកបន្តថា៖ «ខ្ញុំមកចូលរួមក្នុងពិធីបុណ្យនេះ ព្រោះខ្ញុំចង់ឲ្យជនរងគ្រោះទាំងនោះបានទៅចាប់ជាតិថ្មីកុំឲ្យ ដូចជាតិនេះ»៕ TK
