លោក ឈឹម សៀកឡេង និង​លោក​ ប៉ែន​ សង្ហា ប្រកាស​លាលែង​តំណែង ពី​គណបក្ស​នរោត្តម​រណឫទ្ធិ​

ភ្នំពេញ: លោក ឈឹម សៀកឡេង ប្រធានស្តីទី​គណបក្ស​នរោត្តមរណឫទ្ធិ និង​លោក ប៉ែន សង្ហា អ្នកនាំពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ បាន​ធ្វើ​លិខិត​ដាច់ដោយឡែក​ពីគ្នា នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​លាឈប់​ពី​តំណែង ព្រមទាំង​ប្រកាស​ឈប់​ធ្វើ​នយោបាយ ចាប់ពី​ពេលនេះ​តទៅ​។​

ថ្ងៃទី 11 សីហា 2012
ដោយ: សុខ ភក្តី
CEN

​ក្នុង​លិខិត ជម្រាប​ជូន​គណៈកម្មាធិកា​រនា​យក គណបក្ស នរោត្តម រណឫទ្ធិ ដែល​ប្រើ​ប្រាស់​ស្លាក​សញ្ញា​គណបក្ស នរោត្តម រណឫទ្ធិ ដោយ​មាន​ចុះហត្ថលេខា នៅ​ពីក្រោម​ផង​នោះ លោក ឈឹម សៀកឡេង បានប្រកាសថា “​ដោយ​យោង​ព្រះ​លិខិត​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ចុះ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២ ដែល​ព្រះអង្គ​ប្រកាស​ឈប់​ធ្វើ​នយោបាយ ខ្ញុំ ឈឹម សៀកឡេង ប្រធានស្តីទី​គណបក្ស នរោត្តម រណឫទ្ធិ ដែល​បាន​ដង្ហែ​សម្តេចក្រុមព្រះ អស់​រយៈពេល​​ជាង ២៨ ឆ្នាំ​មកហើយ​នោះ សូម​ជម្រាប​ជូន សហ​ជីវិន សហជីវិនី សមាជិក សមាជិកា គណៈកម្មាធិការ​នាយក នៃ​គណបក្ស នរោត្តម រណឫទ្ធិ ថា ខ្ញុំ​លាឈប់​ពី​ប្រធាន​ស្តីទី និង​ពី​សមាជិក គណបក្ស នរោត្តម រណឫទ្ធិ និង​ឈប់​ធ្វើ​នយោបាយ ព្រមទាំង​មិន​ទទួលខុសត្រូវ​រាល់​កិច្ចការ និងសេចក្តីសម្រេច​ផ្សេងៗ​របស់​គណបក្ស នរោត្តម រណឫទ្ធិ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ តទៅ​។​

​ដោយឡែក​ក្នុង​លិខិត​មួយ​ទៀត ជូន​លោក ឈឹម សៀកឡេង ប្រធានស្តីទី​គណបក្ស នរោត្តម រណឫទ្ធិ ដែល​ប្រើប្រាស់​ស្លាក​សញ្ញា​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បាន​សរសេរ ក្នុង​កម្មវត្ថុ សំណើសុំ​លាឈប់​ពី​តួនាទី អ្នកនាំពាក្យ សមាជិក​គណៈកម្មាធិកា​រនា​យក និង​សមាជិក​គណបក្ស នរោត្តម រណឫទ្ធិ​។​

​ក្នុង​លិខិត ដែល​យោង​តាម​ព្រះលិខិត​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ចុះ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២ ដែល​ព្រះអង្គ​ប្រកាស​ឈប់​ធ្វើ​នយោបាយ ត្រូវបាន​លោក ប៉ែន​​សង្ហា លើកឡើងថា “​ខ្ញុំ​សូម​លាឈប់​ពី​តួនាទី​ជា​អ្នកនាំពាក្យ សមាជិក​គណៈកម្មាធិកា​រនា​យក និង​ពី​សមាជិក​គណបក្ស នរោត្តម រណឫទ្ធិ ចាប់ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១២ តទៅ​”​។​

​លើ​លិខិត​នោះ លោក ឈឹម សៀកឡេង បាន​ចារ​ផ្ទាល់ដៃ ឯកភាព​តាម​សណើរ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១២៕​

What Next?

Recent Articles