ភ្នំពេញ៖ លោក អុង ថុងហឿង សាក្សីរបស់ដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា អៀង សារី គឺជាអ្នកទទួលខុសត្រូវចំពោះជនរងគ្រោះដែលជនជាប់ចោទរូបនេះបានកោះហៅឲ្យវិលត្រឡប់មកពីក្រៅប្រទេសវិញ។ មួយថ្ងៃមុនសេចក្ដីអះអាងនេះ សាក្សីដដែលបានលើកឡើងថា មានបញ្ញាជនមកពីក្រៅប្រទេសយ៉ាងហោចណាស់ចំនួន១.៥០០នាក់ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមបន្ទាប់ពីពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមការអំពាវនាវរបស់អៀង សារី។
គង់ សុឋានរិទ្ធ
10 សីហា 2012
វីអូអេ
ភ្នំពេញ៖ លោក អុង ថុងហឿង សាក្សីរបស់ដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា អៀង សារី គឺជាអ្នកទទួលខុសត្រូវចំពោះជនរងគ្រោះដែលជនជាប់ចោទរូបនេះបានកោះហៅឲ្យវិលត្រឡប់មកពីក្រៅប្រទេសវិញ។ មួយថ្ងៃមុនសេចក្ដីអះអាងនេះ សាក្សីដដែលបានលើកឡើងថា មានបញ្ញាជនមកពីក្រៅប្រទេសយ៉ាងហោចណាស់ចំនួន១.៥០០នាក់ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមបន្ទាប់ពីពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមការអំពាវនាវរបស់អៀង សារី។
លោក អុង ថុងហឿង ឆ្លើយសំណួររបស់មេធាវីបរទេសតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី។
អៀង សារី ដែលមានអាយុ៨៦ឆ្នាំ គឺជាជនជាប់ចោទម្នាក់ក្នុងសំណុំរឿង០០២ ជាមួយនឹង នួន ជា ខៀវ សំផន និងអៀង ធីរិទ្ធ។ ក៏ប៉ុន្តែអៀង ធីរិទ្ធ ប្រពន្ធរបស់អៀង សារី ដែលមានជំងឺបាត់បង់ការចងចាំមិនត្រូវបាននាំខ្លួនយកមកកាត់ទោសទេក្នុងពេលនេះ។
លោក អុង ថុងហឿង បាននិយាយក្នុងការផ្តល់សក្ខីកម្មនៅថ្ងៃព្រហស្បតិ៍នេះថា លោក សុខចិត្តវិលត្រឡប់ចូលកម្ពុជាវិញដោយសារជំនឿស៊ុបលើសេចក្ដីអំពាវនាវរបស់អៀង សារី បើទោះជាមានព័ត៌មានបរទេសមួយចំនួនរាយការណ៍ពីដំណឹងអាក្រក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យក៏ដោយ។
ជាអតីតនិស្សិតផ្នែកសេដ្ឋកិច្ចនយោបាយនៅស្រុកបារាំង លោក អុង ថុងហឿង បានត្រឡប់ចូលកម្ពុជានៅឆ្នាំ ១៩៧៦។
លោកបានបញ្ជាក់ក្នុងសក្ខីកម្មកាលពីម្សិលមិញថា បញ្ញាជនខ្មែរមួយចំនួនបានលក់ផ្ទះសម្បែង និងចាកចោលគ្រួសារនៅបរទេសដោយសង្ឃឹមថា អាចចូលមកជួយកសាងកម្ពុជាវិញក្រោយពីសង្គ្រាម។
នៅថ្ងៃនេះអតីតអ្នកទោសគុកបឹងត្របែករូបនេះបញ្ជាក់បន្ថែមថា បញ្ញាជនខ្មែរមួយចំនួនថែមទាំងប្រគល់លុយដែលពួកគេនៅសេសសល់ពីការធ្វើដំណើរតាមយន្តហោះទៅឲ្យអង្គការរបស់ពួកខ្មែរក្រហមដើម្បីទិញត្រាក់ទ័រសម្រាប់ធ្វើកសិកម្មទៀតផង។ វិស័យកសិកម្មដែលសាក្សីដដែលបញ្ជាក់ថា ពួកខ្មែរក្រហមបានបណ្តុះកុមារតូចៗ ឲ្យរៀនធ្វើស្រែជាជាងបង្រៀនអក្សរសាស្រ្តដល់ពួកគេក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ។
លោក អុង ថុងហឿង បានអះអាងបន្ថែមលើសៀវភៅដែលលោកបានសរសេរ ដែលមានចំណងជើង «ខ្ញុំបានជឿពួកខ្មែរក្រហម» ថា អៀង សារី ធ្លាប់បានរៀបរាប់ពីឈ្មោះកម្មាភិបាលខ្មែរក្រហមមួយចំនួនថា ជាជនក្បត់ទៀតផង។
ក្រោមការសួរដេញដោលពីសហមេធាវីអន្តរជាតិការពារក្ដីឲ្យនួន ជា គឺលោក អ៊ែនឌ្រូ ឡានូហ្ស៊ី (Andrew Iannuzzi) លោក អុង ថុងហឿង ឲ្យដឹងថា លោក ហោ ណាំហុង បច្ចុប្បន្នជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសធ្លាប់ធ្វើជាប្រធានប ៣២ ក្នុងគុកបឹងត្របែក។ ក៏ប៉ុន្តែលោកលើកឡើងថា លោកមិនជឿថា លោក ហោ ណាំហុង ជាកម្មាភិបាលជាន់ខ្ពស់របស់ខ្មែរក្រហមនោះទេ៕

My cousin had been convinced by Ieng Sary to leave the US for rebuilding Cambodia in 1976 was executed by the Khmer Rouge. His name was Phuong Phanh. His wife, Ms. Lyn, and children were also executed. Now Ms. Lyn’s sister, Ms. Menh, is the mother-in- law of two-star General HUN MANETH.
អាឃាត្តក!!!!!!!!!!!!!!!!