ក្រុមប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុកស្វាយលើ ចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប ចោទប្រកាន់មន្ត្រីសាលាស្រុក រួមទាំងសមត្ថកិច្ច នគរបាល និងកងរាជអាវុធហត្ថ ប្រចាំស្រុកនោះមួយចំនួនផង ថាជាប់ពាក់ព័ន្ធនឹងរបរជួញដូរឈើខុសច្បាប់។
ដោយ ហង្ស សាវយុត
2012-08-12
វិទ្យុអាស៊ីសេរី
ក្រុមអ្នកភូមិបានអះអាងថា មន្ត្រីទាំងនោះ បានប្រកបរបររកស៊ីឈើជាយូរមកហើយ រហូតដល់ពេលនេះ។ ក៏ប៉ុន្តែ ពួកគេមិនដែលឃើញរដ្ឋាភិបាលស៊ើបអង្កេត និងដាក់វិន័យណាមួយឡើយ។
ប្រភពពីអ្នកភូមិ នៅលើខ្នងភ្នំគូលែន ឱ្យដឹងថា ពេលបច្ចុប្បន្នសកម្មភាពលួចកាប់ឈើខុសច្បាប់ នៅក្នុងតំបន់ឧទ្យានជាតិ កំពុងកើតមានគួរឱ្យព្រួយបារម្ភ ដោយសារតែអាជ្ញាធរ និងមន្ត្រីបរិស្ថានការពារឧទ្យានជាតិប្រចាំតំបន់នោះ ចាត់វិធានការបង្ក្រាបតិចតួច។
បុរសម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ រស់នៅភូមិខ្លាឃ្មុំ នៃឃុំខ្នងភ្នំ មានប្រសាសន៍ នៅរសៀលថ្ងៃអាទិត្យទី ១២ ខែសីហាថា ពេលបច្ចុប្បន្ននេះ ការកាប់ឈើខុសច្បាប់ ក្នុងតំបន់ការពាររបស់ឧទ្យានជាតិកំពុងកើតមានស្ទើរតែរាល់ថ្ងៃ នៅក្នុងភូមិសាស្ត្រ ភូមិខ្លាឃ្មុំ និងភូមិពពេល។
បុរសដដែលមានប្រសាសន៍ថា បើទោះបីជាមានការលួចកាប់ឈើក្នុងតំបន់ឧទ្យានជាតិជាហូរហែក៏ដោយ ក៏អាជ្ញាធរ និងមន្ត្រីបរិស្ថានការពារឧទ្យានជាតិប្រចាំតំបន់នោះ បានចាត់វិធានការបង្ក្រាបតិចតួច។
សំឡេង៖ «នៅខ្លាឃ្មុំ ពពេល កាប់នឹងរណាង៉ោងហ្នឹងឯង។ ប្រភេទឈើយាង ឈើផ្ដៀករាល់តែថ្ងៃ។ រាយខ្លះយប់ខ្លះថ្ងៃ ទៅតាមឱកាសគេអាចធ្វើទៅបាន។ គេដឹកយកមកលក់ឱ្យអ្នកស្រុកធ្វើផ្ទះ និយាយរួមទៅ គេត្រូវគ្នាជាមួយមន្ត្រីរាជការ។ គេចេះតែធ្វើទៅ ស៊ីលុយទៅចេះតែសំងំ»។
ទោះជាយ៉ាងនេះក្ដី វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងមន្ត្រីស្នាក់ការបរិស្ថាននៃឧទ្យានជាតិ ដើម្បីពន្យល់ តបការអះអាងរបស់អ្នកភូមិទាំងនោះបាននៅឡើយទេ។
ក៏ប៉ុន្តែ លោក ឈឿម តាំង ជាមេឃុំខ្នងភ្នំ បានបដិសេធចំពោះការអះអាងរបស់ក្រុមអ្នកភូមិថា ជាការមិនពិត។
លោក ឈឿម តាំង មានប្រសាសន៍ថា មិនមានការកាប់ឈើនៅតំបន់ខ្លាឃ្មុំ និងពពេលសម្រាប់នាំចេញទៅលក់នៅខាងក្រៅទេ គឺមានតែការកាប់ និងអារធ្វើផ្ទះ នៅក្នុងតំបន់នោះ។ លោកមេឃុំបញ្ជាក់ថា នៅលើខ្នងភ្នំគូលែន គឺព្រៃឈើនៅតំបន់ខ្លះ ត្រូវការពារសម្រាប់ឧទ្យានជាតិ។ ក៏ប៉ុន្តែ តំបន់ខ្លះទៀត គឺជាតំបន់ព្រៃសហគមន៍ ដែលបានស្នើសុំរដ្ឋាភិបាល ដើម្បីដកហូតព្រៃឈើទុកកាប់យកទៅសាងសង់លំនៅឋានជាដើម។
ចំណែកនៅឯស្រុកស្វាយលើ ជាប់ជើងភ្នំគូលែនដែរ មានសេចក្ដីរាយការណ៍ថា មន្ត្រីសាលាស្រុកខ្លះ មន្ត្រីនៃអធិការដ្ឋាននគរបាលខ្លះ រួមទាំងកងរាជអាវុធហត្ថមួយចំនួនផង កំពុងជាប់ពាក់ព័ន្ធនឹងការប្រកបរបររកស៊ីឈើខុសច្បាប់។
ប្រភពពីប្រជាពលរដ្ឋម្នាក់ រស់នៅស្រុកស្វាយលើ អះអាងថា ពេលបច្ចុប្បន្ននេះ មានមន្ត្រីសាលាស្រុក មន្ត្រីប៉ូលិសនៃអធិការដ្ឋាន និងប៉េអឹមស្រុក នៅតែពាក់ព័ន្ធការកាប់ និងរកស៊ីឈើខុសច្បាប់។
សំឡេង៖ «ព្រៃនៅម្ដុំភូមិត្រពាំងស្វាយ និងនៅម្ដុំភូមិអូរអាកុក។ កាប់តែឈើប្រភេទល្អៗ ទេ ដូចជា ឈើបេង ឈើធ្នង់ ខ្នាតល្មមៗ ហើយនៅឈើក្ដារ ឈើអ្វីៗ ហើយអ្នកដែលប្រព្រឹត្តហ្នឹង ភាគច្រើនជាមនុស្ស ដែលមានឥទ្ធិពល ឬក៏ជាប៉ូលិស ប៉េអឹម។ គាត់ឱ្យគេឯង អ្នកស្រុកទៅកាប់ ហើយគាត់ចាំប្រមូលទិញ ហើយអ្នកដែលទៅកាប់ហ្នឹង គឺគ្មានមន្ត្រីបរិស្ថាន គ្មាននរណាហ៊ានទៅចាប់ទេ»។
ពេលបច្ចុប្បន្ន នៅតាមបណ្ដាខេត្តមួយចំនួន ជាប់ព្រំដែនខ្មែរ-ថៃ ដូចជា ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប នៅតែមានការដឹកឈើគ្រញូង និងកាប់ឈើប្រណីតៗ នាំចេញយកទៅលក់ឱ្យក្រុមឈ្មួញខុសច្បាប់ស្ទើរតែរៀងរាល់ថ្ងៃ។ សមត្ថកិច្ចជំនាញ ដូចជា រដ្ឋបាលព្រៃឈើជាដើម តែងតែរាយបណ្ដាក់គ្នានៅតាមដងផ្លូវនានា។ ក៏ប៉ុន្តែការបង្ក្រាប ហាក់មានប្រសិទ្ធភាពតិចតួច ដោយសារការដឹកឈើខុសច្បាប់ខ្លះ មានអ្នកមានអំណាចនៅពីក្រោយខ្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។