អ្នកស្រាវជា្រវឯករាជ្យផែ្នកសង្គមសដ្ឋកិច្ចគ្រោងចេញផ្សាយរបាយការណ៍របស់ខ្លួននៅថៃ្ងសុក្រចុងសប្តាហ៍ក្រោយនេះ ទាក់ទងនឹងការស្ទង់មតិ ស្តីពីអំពើពុករលួយ និងភាពមិនប្រក្រតីក្នុងពេល ប្រឡងបាក់ឌុបឆ្នាំ ២០១២នេះ។ អ្នកស្រាវជ្រាវបានបង្ហើបថាមានអំពើពុករលួយ និងភាពមិនប្រក្រតីកើតឡើងនៅពេលប្រឡងនេះ ប៉ុនែ្ត ក្រសួងអប់រំ យុវជននិងកីឡា បានវាយតម្លៃការរៀបចំប្រឡងនៅទូទាំងប្រទេសឆ្នាំនេះថាមានបរិយាកាសល្អប្រសើរជាងបណ្តាឆ្នាំមុនៗ។
ថ្ងៃ អាទិត្យ 12 សីហា 2012
RFI
អ្នកស្រាវជ្រាវឯករាជ្យ ផែ្នកសង្គមសេដ្ឋកិច្ច លោក កែម ឡី បានថែ្លងអោយដឹងថា លោកបានអងេ្កតនិងសម្ភាសន៍គ្រូដែលជាមេប្រយោគ៦នាក់នៅក្នុង អំឡុងពេលប្រឡង ក្នុងនោះគ្រូមួយចំនួនឆ្លើយថា នៅក្នុងរដូវប្រឡងឆ្នាំនេះ ពួកគេអាចរកលុយបានចំនួន ៥ម៉ឺនរៀល និង១០ម៉ឺនរៀល ប៉ុនែ្តភាគច្រើនពួកគេអះអាងថា ឆ្នាំនេះពិបាកនិងតឹងតែងជាងកាលពីឆ្នាំមុន។
អ្នកធ្វើអង្កេតក៏បានសំភាសន៍ជាមួយឪពុកម្តាយសិស្សដែលកំពុងឈររង់ចាំកូននៅខាងក្រៅមណ្ឌលប្រឡងចំនួន៣០នាក់ ក្នុងនោះ ពួកគាត់អះអាងថា បានចំណាយលុយអោយគ្រូក្នុងរយៈពេលប្រឡងនេះអស់ពី ៥ម៉ឺន ទៅ២០០ដុល្លារ។ សូម្បីតែព្រះសង្ឃក៏ត្រូវតែចំណាយលុយទៅអោយមេប្រយោគ ក្នុងមួយ១ម៉ោងៗ អស់៥ពាន់ ទៅ១ម៉ឺនរៀលដែរ។ នេះបើយោងតាមការបង្ហើបឲ្យដឹងរបស់លោក កែម ឡី។ យ៉ាងណាក៏ដោយ លោកសន្និដ្ឋានថា ស្ថានភាពការប្រឡងបាក់ឌុបក្នុងឆ្នាំ២០១២នេះ មានស្ថានភាពល្អប្រសើរជាងឆ្នាំមុន។
ផ្ទុយពីនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ភាពមិនប្រក្រតីនៅក្នុងឆ្នាំនេះមានការកើនឡើងបើធៀបទៅនឹងឆ្នាំមុន។ លោកអះអាងថា រយៈពេលប្រឡងពីរថ្ងៃកន្លះនេះ កើតមានភាពមិនប្រក្រតីច្រើន ស្ទើរតែគ្រប់មណ្ឌលប្រឡង ដោយបេក្ខជនបាននាំគ្នារៃអង្គាសលុយជូនមេប្រយោគជាថ្នូរនៃការចម្លងព្រីយ៉ុង។ ក្រៅពីនោះ លោកអះអាងថា បេក្ខជនអាចយកទូរស័ព្ទទៅជាមួយមើលចម្លើយ និងមានប្រធានមណ្ឌលមួយចំនួនធ្វើចម្លើយលក់ឲ្យសិស្សក្នុងមណ្ឌល រួមទាំងមានការបែកធ្លាយវិញ្ញាសាថែមទៀតផង។
ប៉ុនែ្តលោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ អះអាងថា ក្រសួងអប់រំ បានបូកសរុបការវាយតម្លៃរបស់ខ្លួនរួចរាល់ហើយ ថាគ្មានបញ្ហាអី្វកើតឡើងទេ និងក៏គ្មានផលប៉ះពាល់ដល់ដំណើរការប្រឡងដែរ។ លោកអះអាងថា ក្រសួងអប់រំបានសន្និដា្ឋនថា ការប្រឡងឆ្នាំនេះអាចទទួលយកបាន។ មន្ត្រីក្រសួងអប់រំរូបនេះ បានបន្តឲ្យដឹងថា បើមានរបាយការណ៍ស្តីពីភាពមិនប្រក្រតីមែន លោកសុំឲ្យម្ចាស់របាយការណ៍បង្ហាញ អោយបានច្បាស់លាស់ថា តើបញ្ហានោះកើតឡើងនៅក្នុងបន្ទប់ណា និងមណ្ឌលណា?
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ដល់០៨សីហាកន្លងទៅ ដែលមានសិស្សជាង ១១ម៉ឺននាក់ចូលរួមប្រឡង។ នៅមុនពេលប្រឡង ក្រសួងអប់រំបានចេញបទបញ្ញត្តិមួយចំនួនបិទនៅតាមមណ្ឌលប្រឡងនានាដោយព្រមានដាក់ពិន័យធ្ងន់ធ្ងរដល់បេក្ខជនណាដែលធ្វើជាមេខ្លោងប្រមូលលុយឲ្យមេប្រយោគ៕
———————————————
វិទ្យាល័យ90%ក្នុងក្រុង ពេលប្រឡងម៉ោងខ្មែរ និងគណិតវិទ្យា សិស្សត្រូវប្រមូលលុយច្រើន គឺមួយគុណនឹងពីរ ហើយក៏មានគ្រូភាគច្រើន លក់ព្រីយុង ដោយមានតំលៃកប់ពពក គឺមួយសន្លឹងពី 250 ទៅ 300 ដុល្លាក្នុង 1បន្ទប់ ពីរកស៊ីបានមែនពេលប្រលងម្តងឧិក្រសួងអប់រំអើយ តើគុណភាពការអប់រំពេលណាមានកំរិតស្តង់ដានឹងគេ
ចំណែកក្រសួងអប់រំ លោកគ្រូអ្នកគ្រូ រកស៊ីពេលសិស្សប្រឡង តែ
ក្រសួងយុត្តិធម៌វិញ គឺបានចំណូលរៀងរាល់ថ្ញៃ ព្រោះពេលមានមនុស្សបញ្ជាក់ លិខិតថ្កល់ទោស បើខុសឈ្មោះ រឺ ទីលំនៅច្បាស់ជាអស់លុយហើយ ហើយបើអ្នកណាមានទោសវិញត្រូវចំណាយ លុយច្រើនដើម្បីលាងខ្លួនស មិនអាចបន្ទោសអ្នកទាំងនោះ ទាំងស្រុងទេ ព្រោះមនុស្សណាក៏មិន ចង់ពុករលួយដែរ តែដោយសារក្រពះ ត្រូវបង្ខំចិត្តធ្វើ
តើនៅពេលអនាគត់ប្រទេសជាតិយើងនឹងទៅជាយ៉ាងណា? តើសិស្សទាំងអស់នោះអាចមានគុណភាពដែរឺទេ?នេះគឺជាគំរូមួយដ៏អាក្រក់សំរាប់កូនខ្មែរជំនាន់ក្រោយ ។ ខ្ញុំយល់ថាវាជាទំលាប់មួយទៅហើយ វាគឺជាគ្រឿងញៀនមួយយ៉ាងសាហាវដែលមិនងាយនឹងផ្ដាច់បានពីមួយជំនាន់ទៅមួយជំនាន់។សាលារៀនជាប្រភពនៃចំនេះដឹងនិងអប់រំ តែបើនៅបន្តធ្វើបែបនេះពីមួយជំនាន់ទៅមួយជំនាន់ នៅពេលអនាគត់សាលារៀននឹងក្លាយទៅជាប្រភពនៃអំពើពុករលួយមិនខាន។