​ជំងឺគ្រុនឈាម ​បានសម្លាប់​កុមារ​កម្ពុជា​ចំនួន​ ៧១ ​ករណី ​នា​រយៈពេល​ ៧​ខែ​ឆ្នាំនេះ​

ភ្នំពេញ: រយៈពេល​ជិត​ ៧ ​ខែ​ឆ្នាំនេះ​ មាន​ករណី​ជំងឺគ្រុនឈាម​ ចំនួន ​១៩.៨៨៦ ​នាក់ ​ក្នុងនោះ​ស្លាប់ ​៧១ ​នាក់។ ​តួលេខ​នេះ​ មានការ​កើន​ទ្បើង​រហូតដល់​ ២១៩ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​២០១១​។​

ថ្ងៃទី 12 សីហា 2012
ដោយ: សារៈ
CEN

​លោក​វេជ្ជបណ្ឌិត ​ច ម៉េង​ចួ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រ​យុ​ទ្ធនឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​ បាន​ឲ្យដឹងថា​ ក្នុង​រយៈពេល​ ២៩ ​សប្តាហ៍ ​ឆ្នាំ​២០១១​ មាន​ករណី​ឈឺ​ ដោយជំងឺគ្រុនចាញ់ ចំនួន ​៦.២៩៨​ នាក់​ និង​ស្លាប់​ ៣១​ នាក់​។ ​ករណី​ឈឺ​ ដោយជំងឺគ្រុនឈាម បានកើន​ ២១៩ ​ភាគរយ នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ២០១២នេះ បើធៀប​ទៅនឹង​ ២៦ ​សប្តាហ៍​ឆ្នាំ​២០១១។

លោក​វេជ្ជបណ្ឌិត​ បា​នប​ន្ត​ថា ក្នុង​រយៈពេល​បី​សប្តាហ៍​ចុងក្រោយ​នេះ​ ពោលគឺ​ចាប់ពី​សប្តាហ៍ ទី​២៦ ​ករណី​ឈឺ​ជំងឺគ្រុនឈាម បាន​ថយចុះ​ពី ​២.៣៦៥ ​មក​នៅ​ ១.៨០៨ ​នាក់ នៅ​សប្តាហ៍​ទី​២៩​នេះ​។

លោក​ប្រធាន​មជ្ឈមណ្ឌល​រូបនោះ​បាន​បន្តថា ប៉ុន្តែ​ឪពុកម្តាយ​ឬ​អាណាព្យាបាល ត្រូវតែ​បន្តមានការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​នេះ ព្រោះ​តាម​បទពិសោធន៍​កន្លងមក ​លុះត្រា តែ​ដល់​សប្តាហ៍ ទី​៣០​ ទើប មានការ​ថយចុះ​មែនទែន​។​

​​លោក​វេជ្ជបណ្ឌិត ​ច ម៉េង​ចួ ​បាន​ឲ្យ​ដឹង​ទៀតថា ចាប់ពី​២៨​សប្តាហ៍​ ដល់សប្តាហ៍​ទី​២៩​នេះដែរ ​ខេត្ត​ដែលមាន​អត្រា​នៃ​ជំងឺគ្រុនឈាម​ខ្ពស់​ជាងគេ គឺ​ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ សៀមរាប​ កំពង់ស្ពឺ កណ្តាល កំពង់ធំ​នឹង​ព្រៃវែង​។ រីឯ​ខេត្ត ​ដែលមិន​មាន​ការផ្ទុះ​រាតត្បាត​ជំងឺគ្រុនឈាម គឺ​ខេត្តក្រចេះ ពោធិ៍សាត់ មណ្ឌល​គី​រី ស្ទឹងត្រែង រតនគីរី និង​ខេត្ត​កែប​៕

What Next?

Recent Articles