«ទេវតាជួយអ្នក នៅពេលដែលអ្នកចេះជួយខ្លួនឯង!» នេះជាពាក្យចាស់ៗ ដែលតែងតែដាស់តឿនកូនចៅ ឲ្យចេះតស៊ូឃ្មាតខ្មីឲ្យអស់ពីកម្លាំងកាយ ចិត្ត ដើម្បីសម្រេចបាន នូវគោលដៅណាមួយ។ ដូចជា៖ ការខិតខំធ្វើការងារ ការរកស៊ីជំនួញជួញដូរ និងការប្រឡងជាដើម។ ចុះហេតុអ្វីបានជាសិស្សានុសិស្ស-និស្សិតក្នុងវ័យកំពុងសិក្សា មួយចំនួនធំបច្ចុប្បន្ននេះ ផ្អើលនំាគ្នាទៅឲ្យព្រះសង្ឃស្រោចទឹកមន្ត មុនពេលប្រឡង ដោយរំពឹងទុកថា នឹងប្រឡងជាប់ ជាជាងការខិតខំរៀនសូត្រ ដែលមានលក្ខណៈវិទ្យាសាស្រ្តទៅវិញ?
Monday, 13 August 2012
តុង សុប្រាជ្ញ
ភ្នំពេញ ប៉ុស្តិ៍
អបិយជំនឿ ការទស្សន៍ទាយ គឺជាវប្បធម៌ អរិយធម៌ខ្មែរ តាំងពីដូនតាមកម្ល៉េះ។ មានអបិយជំនឿខ្លះនៅតែមានប្រសិទ្ធភាពនៅឡើយចំពោះប្រជាពលរដ្ឋ ខ្មែរទូទៅ ដូចជា ការជឿទៅលើបុណ្យបាប ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ និងការបន់ស្រន់ ចំពោះការរកស៊ី កន្លែងធ្វើការ ជាពិសេសទាហានមុនពេលចេញទៅច្បាំងជាដើម។ តែជំនឿ និងការទស្សន៍ទាយខ្លះធ្វើឲ្យមនុស្សខ្ជិលទៅវិញដូចកាលពីសប្តាហ៍ មុននេះ មុនប្រឡងសញ្ញាបត្របាក់ឌុប មានយុវសិស្សជាច្រើន នាំគ្នាឈូឆរទៅរកព្រះសង្ឃស្រោចទឹកមន្ត ដើម្បីជួយឲ្យប្រឡងជាប់។ តើទឹកមន្តរបស់ព្រះសង្ឃ អាចជួយឲ្យប្រឡងជាប់ដោយមិនចំាបាច់ខំប្រឹងរៀនសូត្រឬ? ឬមួយក៏ជួយនៅពេលប្រឡង អាចសូកលុយមេប្រយោគ អនុញ្ញាតឲ្យបើកចម្លងមេរៀនតាមគ្នាបាន? ឬមួយក៏អាចជួយឲ្យធ្លាយចេញវិញ្ញាសា និងទទួលប្រុយយ៉ុង តាមរយៈទូរសព្ទដៃ ដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមហេ្វសប៊ុកបាន? បើកូនសិស្សនៅតែធ្វើ
សកម្មភាពដូចនេះ តើអាចមានផលប៉ះពាល់អ្វីខ្លះដល់ការកសាងប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត?
ជាក់ស្តែង ការសិក្សាទម្រាំចាក់គ្រឹះរឹងមាំបាន គឺវាស៊ីពេលយូរណាស់ ដោយសន្សំចំណេះដឹងដូចការយកលុយទៅដាក់ក្នុងកូនជ្រូកដីឥដ្ឋ អ៊ីចឹង។ ពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺខិតខំតាំងពីការស្តាប់លោកគ្រូ-អ្នកគ្រូពន្យល់ ការរៀនតាមរយៈការស្រាវជ្រាវដោយខ្លួនឯងផង ការអានកាសែតផង ការរៀនពីមិត្តភក្តិ ឬក៏អ្នកមានចំណេះដឹងនៅជុំវិញខ្លួនឯងផង ទើបមានការរីកចម្រើន ហើយពូកែទៀត។ ឧទាហរណ៍៖ កាលពីឆ្នាំទៅ មានវិញ្ញាសាប្រឡងបាក់ឌុប មុខវិជ្ជាភូមិវិទ្យា គឺចេញចំសំណួរពីរ ដែលមាននៅក្នុងអត្ថបទរបស់កាសែត ភ្នំពេញ ប៉ុស្តិ៍ មួយសប្តាហ៍មុនពេលប្រឡង ដែលបានរាយការណ៍ អំពីសកម្មភាពរបស់រាជរដ្ឋាភិបាល បានធ្វើការវាស់វែង ចំណោលទៅលើកំណើនប្រជាជន និងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច និងមួយទៀតទាក់ទិនទៅនឹងវិស័យកសិកម្ម ទិន្នផល នៃការដាំដុះស្រូវ ធៀបទៅនឹងចំនួនប្រជាកសិករ។ អត្ថបទទាំងនេះ គឺជួយឲ្យបេក្ខជនមានគំនិតក្នុងការសរសេរនៅពេលប្រឡង។
តែមិនទៅបានអានអត្ថបទឯណា គឺយុវសិស្សភាគច្រើនគឺនាំគ្នាគិតតែពីសប្បាយ ខំប្រឹងមើលខ្សែភាពយន្ត នាទីកម្សាន្តតាមកញ្ចក់ទូរទស្សន៍ទៅវិញទេ ហើយពេលទំនេរ ខ្លះទៀតនាំគ្នាជិះម៉ូតូ ឡានទំនើបៗ ដើរលេងកម្សាន្ត ភ្លើតភ្លើនទៅនឹងសម្លៀកបំពាក់ថ្មីៗ ខើចលើខើចក្រោម បកស្បែកឲ្យស ផាត់ម្សៅ លាបថ្នាំហាយឡាយសក់ចម្រុះពណ៌តាមរបៀបខ្សែភាពយន្តកូរ៉េ ខាងត្បូង និងខ្លះទៀត នាំគ្នាអួតដាក់គ្នានូវសម្ភារស៊េរីថ្មីៗ ទៅច្រៀងខារ៉ាអូខេ និងក្លិបកម្សាន្ត ដោយមិនគិតពីការខិតខំរៀនសូត្រទេ។ ស្រាប់តែជិតដល់ពេលប្រឡង ទឹកដល់ច្រមុះហើយ នាំគ្នាចាប់ផ្តើមផ្អើលពពាក់ពពូន ទៅរកលោកតាស្រោចទឹកឲ្យ ឬក៏ទៅរកគ្រូទាយទៅវិញ ប្រៀបដូចបាត់គោ ទើបធ្វើរបងអ៊ីចឹង។ តើទឹកមន្ត និងគ្រូទាយទាំងនោះទៅប្រឡងជំនួសបេក្ខជនដែលស្រោចទឹកមន្តនោះទេ?
តាមពិតទៅទឹកមន្តបានត្រឹមតែត្រជាក់ ឬក៏ជួយកុំឲ្យភ័យខ្លាំងពេកទេ។ តែកុំអាងទៅលើទឹកមន្តពេក ព្រោះពេលប្រឡង មានលក្ខណៈតក្កវិទ្យាណាស់ តែ២ បូក២ ស្មើនឹង ៤ ហើយ ឲ្យតែចេះគឺជាប់ហើយ តែមិនចេះគឺធ្លាក់តែប៉ុណ្ណឹង។
ជាផលវិបាក នៃការដែលកូនសិស្ស និស្សិត ចេះតែប្រឡងជាប់តាមគេតាមឯង ចម្លងតាមគេតាមឯងនោះ គឺបានត្រឹមតែម៉ាជាប់ទេ មិនបានប្រើបញ្ញាញាណការគិតដោយសុភវិនិច្ឆ័យ ដោយខ្លួនឯងនោះទេ។ គឺវាធ្វើឲ្យប៉ះពាល់ទៅនឹងសមត្ថភាពខ្លួនឯង ក្នុងការសិក្សាទៅខាងមុខការងារនាពេលអនាគតផង ហើយក៏វាប៉ះពាល់ ទៅនឹងសង្គមជាតិទាំងមូលផងដែរ ជាពិសេសនៅពេលដែលសមាហរណកម្មរបស់សមាគមប្រជាជាតិអាស៊ានឆ្នាំ ២០១៥ ខាងមុខនេះផងដែរ។ បើគុណភាពអប់រំរបស់យើង ទន់ខ្សោយបែបហ្នឹង តើឲ្យទៅប្រកួតប្រជែងទីផ្សារការងារ ជាមួយប្រទេសសមាជិកអាស៊ានដូចម្តេច?
ថាកាលពីមុនចុះ កុំតែចាញ់ភាសាអង់គ្លេសនឹងគេទេ ចុះឥឡូវចាញ់តាំងពីបច្ចេកទេស ចាញ់តាំងពីគំនិតផ្តួចផ្តើមមែនទេ? ឬមួយក៏ចាំតែហុចកាំបិត ហុចបន្លែត្រីសាច់ឲ្យគេស្លងាយស្រួលជាង? មានចេះខ្មាសគេខ្លះទេ បើគេជាប្រធាន ឯយើងនៅចាំតែជំនួយការ ឬក៏លេខាឲ្យជនបរទេសនោះ? ហើយឲ្យតែភ្លែតឡើង ចាំតែជួលទីប្រឹក្សាបរទេសស៊ីប្រាក់ខែថ្លៃៗមកធ្វើការឲ្យ ហើយគេយកលុយទៅវិញស្ទើរអស់នោះ? រីឯបណ្ឌិតៗក្នុងស្រុកភាគច្រើន បានតែហ៊ឺហា អួតសម្ញែងគេឯងដូចគោះប៉ោត គ្មានទឹកអ៊ីចឹង តែធ្វើអ្វីធំដុំយកជាការមិនបាននោះទេ?
យ៉ាងណាមិញ ក៏នៅមានការត្អូញត្អែរពីមន្ត្រីចាស់ៗសល់ពីដើមថាក្មេងៗ និស្សិតចេញពីមហាវិទ្យាល័យ ចូលធ្វើការកាន់តែខ្សោយទៅៗ ខ្លះគ្រាន់តែសរសេរសំបុត្រសុំច្បាប់ មិនចេះសរសេរផងមិនដឹងសរសេរពីណាទៅណាមុន ហើយបើបានជាចេះសរសេរ តែខុសពាក្យច្រើនទៅទៀត។ បើប៉ូលិសខ្លះវិញ គឺសរសេរកំណត់ហេតុមិនដឹងក្បាលដេកចុងជើងឯណាផង តែបើគោះ ឬក៏សម្លុតគំរាមប្រជាពលរដ្ឋយកលុយវិញពូកែលេខ១។ បញ្ហានេះ កើតមានស្ទើរគ្រប់ស្ថាប័ន ហ្នឹងហើយជាផល ដែលកាលពីនៅរៀន ចេះតែបើកចម្លង និងសូកលុយគ្រូ ដល់ពេលចេញធ្វើការគឺគាត់ចេះតែពុករលួយ និងចេះចម្លងកម្មសិទ្ធិបញ្ញា របស់គេតែប៉ុណ្ណឹង គ្មានគំនិតផ្តួចផ្តើមធ្វើអ្វីមួយទេ។
ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំនានា គួរតែឈប់លើកពីការអប់រំ ចាប់តាំងពីបាតដៃទទេ តំាងពីចំណុចសូន្យទៀតទៅ ខ្មាសគេ ជាង៣០ ឆ្នំាទៅហើយ លើកដដែលពីរបបខ្មែរក្រហមៗ មិនចេះរិះគិតនំាគ្នារកយុទ្ធសាស្ត្រពង្រឹងប្រព័ន្ធអប់រំទេ។ គឺចាប់តាំងពីការអប់រំកុមារតូច ទៅដល់សាកលវិទ្យាល័យ ដែលដើរតួនាទីសំខាន់ជាងគេជាសសរទ្រូងនោះ។ ដូចលោក Hidetoshi Nishimura នាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំតំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានលើកឡើងកាលពីដើមខែនេះថា៖«កម្ពុជាប្រឈមចំពោះសមាហរណកម្មអាស៊ានខាងមុខនេះគឺបញ្ហាសំខាន់បំផុតការអភិវឌ្ឍធនធានមនុស្ស និងការតភ្ជាប់»។
ម្យ៉ាងវិញទៀត លទ្ធផល នៃការអប់រំរបស់យើងសព្វថ្ងៃ សម្រាប់អ្នកមានសមត្ថភាពមួយចំនួន គឺបានមួយអត់មួយ ខ្លះបានតែបច្ចេកទេស តែភាសានៅខ្សោយ ឯខ្លះទៀត បានតែភាសា តែបច្ចេកទេស និងរបៀបធ្វើការងារនៅមានកម្រិត គឺនៅតែខ្វះមុខ ខ្វះក្រោយដដែល គឺមិនដូចប្រជាជាតិប្រទេសជាសមាជិកអាស៊ានមួយចំនួនធំ គឺបានទាំងភាសា បានទាំងបច្ចេកទេស។ នេះហើយគឺជាបញ្ហាប្រឈមរបស់ប្រទេសកម្ពុជា ដែលត្រូវតែយកចិត្តទុកដាក់បន្ថែម ទៅលើប្រព័ន្ធអប់រំនោះ។ ទីបំផុតទាំងសិស្ស-និស្សិតខ្លួនឯង មាតាបិតា និងរាជរដ្ឋាភិបាល បើមិនខ្វល់ខ្វាយខ្លាំងក្លានោះទេ គឺផលវិបាក ធ្លាក់មកលើខ្លួនឯងទាំងអស់គ្នា ទៅទាំងចាប៉ីទាំងទ្រ។ សរុបសេចក្តីមកវិញ ការដែលទៅស្រោចទឹក មុនពេលប្រឡងមិនអាចឲ្យសិស្សានុសិស្សទាំងនោះប្រឡងជាប់បានលទ្ធផលល្អនោះទេបើមិនខិតខំអត់ធ្មត់សង្វាតរៀនសូត្រ តាំងពីដើមឆ្នាំមកនោះ។ ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnom penhpost.com
បើការងារប្រើខួក្បាល ប្រើបច្ចេកវិទ្យា ខ្មែរមិនសូវខ្លាំង ចុះការងារប្រើ
កំលាំងបាយ ម្តេចមិនបង្កើតអោយជ្រើនទៅ ទោះជាហត់ក៏ដោយអោយ
តែបានប្រាក់ខែច្រើន យើងបង្កើតមិនបានទៀត ?
សូមកុំនាំគ្នាភ័យខ្លាំងពេក គួរតែភ័យត្រង់ការវិនិយោគទុននៅមានចំណួនតិចបំផុត
សូម្បីវិស័យចិញ្ចឹមមាន់ ចិញ្ចឹមជ្រូកនៅតាមជនបទមិនមានកររីកចំរើនដែរ
សូមកុំគិតតែសិស្សខ្សោយពេក ទ្រូវគិតដល់របៀបអភិវឌ្ឍន៍ទូទៅ រកវិធី
ប្រើប្រាស់ធនធានមនុស្ស មិនអស់តាមជំនាញ ព្រោះការងារណាក៏មានបញ្ហា
កាត់កង កិបកេង ការត្រួតពិនិត្យខ្សោយ អ្នកដឹកនាំមិនឯកភាពគ្នា បាត់បង់ចំណូលជាតិ
រាប់ពាន់លានដូល្លាមួយឆ្នាំៗ ។សំខាន់មនុស្សមិនខ្ជិលទេ តែគ្មានការងារធ្វើ
អ្នកណាតស៊ូជាងខ្មែរនោះ ។ឈើខ្មៅ ជាតំបន់មរណៈ ក៏ខ្មែរមិនខ្លាចដែរ ខ្មែរនៅអាមេរិក
ខិតខំក្លាយជាអ្នកមានច្រើនទិញផ្ទះបានទៀតផង ។ ខែ្មរមិនល្ងង់ទែ សំខាន់
គឺខ្វះការងារធ្វើ ទំនេរពេកនាំគ្នាផឹក ស្រវឹង គ្រោះថ្នាក់ គ្រឿងញាន ស្លាប់រាប់មិនអស់
នេះជាវិបត្តិសង្គម ។ចាស់ៗភាគច្រើនក៏នៅឆោតល្ងង់ច្រើនដែរ ព្រោះចាស់ៗជាអ្នកដឹកនាំក្មេងៗ មានអំណាចតួនាទី រហូតសក់ស្កូវ
ចង់ចូលអាស៊ានបានជោគជ័យចាស់ៗត្រូវធ្វើគំរូក្មេងជាមុនសិន ។
Nothing can help all these students without studying.
ពាក្យលោកថា(ចេះមកពីរៀន មានមកពីរក)បុន្តែ អាសង្គមគ្រឿងញានសព្វថ្ងៃនេះ
ចង់ចេះត្រូវតាមបក្ស ចង់បានប្រាក់ត្រូវលក់ជាតិ។ សម័យមុនគេយកគុណភាព
សម័យស្តេចជោរគេយកបរិមាណ គេមិនចង់អោយពលរដ្ឋចេះដឹងទេ បើចេះដឹងពេក
គេពិបាកគ្រប់គ្រងណាស់។ សិស្សប្រលងបាក់ឌុប(មធ្យមសិក្សាទុតិយភូមិ) សព្វថ្ងៃនេះ
ជាប់តាមចំណេះដឹងក្នុងខ្លួន ៥%ជាការពិត។ មិនមែនចេះតែថាទេ ហ៊ានភ្នាល់ដាក់ជីវិត
(ខ្ញុំក៍ជាគ្រូបង្រៀនម្នាក់ ដែរ)។ ជាប់៩០% ៩៥% ៩៧% នេះគ្រាន់តែជាទង្វើ ល្អ
ចំពោះមនុស្សស៊ុីជោរតែម្នាក់ប៉ុណ្ណោះ បើចំពោះជាតិវិញ គឺបំផ្លាញ់ ចំតែម្ដង។
លោកសង្ឃក៏មិនត្រូវប្រើទឹកមន្តខ្មោចស្អីទេ! វាមិនមានអានុភាពស្អីឡើយហើយក៏
មិនសមស្របតាមវិន័យដែរ!