ក្រចេះ: អ្នកចម្ការ៤នាក់រងរបួសធ្ងន់ និងស្រាល ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីគ្រាប់មីន១គ្រាប់បានផ្ទុះ លាន់កក្រើកចេញពីភ្នក់ភ្លើងមួយកន្លែងត្រង់ចំណុចវាល ចម្ការដំឡូងមី កាលពីវេលាម៉ោង១រសៀលថ្ងៃទី១២ សីហា ២០១២ ស្ថិតក្នុងភូមិកាបី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
Monday, 13 August 2012
លៀង សារិទ្ធ
ភ្នំពេញ ប៉ុស្តិ៍
លោក ង៉ា សោយ៉ុន នាយរងផ្នែកនគរបាលស្រុកស្នូល បានឲ្យដឹងថា ក្នុងហេតុការណ៍ផ្ទុះគ្រាប់នេះ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម។ លោកបានបញ្ជាក់ថា ៖« យើងមិនដឹងថា គ្រាប់នោះ ជាប្រភេទគ្រាប់អីទេ គេទុកវាក្នុងប្រហោងឈើងាប់ ជនរងគ្រោះបានប្រមូលយកមកដុតក៏ផ្ទុះ បណ្តាលឲ្យរងរបួសបែបនេះ»។
លោកបានបន្តថា អ្នករងរបួសទាំង៤នាក់ មាន វន់ វ៉ាន់ណិត ភេទប្រុស អាយុ១៤ឆ្នាំ ស្រី សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ កន ដា ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ រី ភេទប្រុស អាយុប្រហែល៤២ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ជាអ្នករងរបួសស្រាល។
តាមការបំភ្លឺរបស់ លោក នាង វន់ អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិស្លែង ឃុំជីគរ ស្រុកត្បូងឃ្មុំ ត្រូវជាឪពុក ជនរងគ្រោះឈ្មោះ វន់ វ៉ាន់ណិត បានឲ្យដឹងថា រូបគាត់បានចេញពីស្រុកកំណើតមកធ្វើចម្ការនៅស្រុកស្នួលនេះ រយៈពេលជាង៤ឆ្នាំមកហើយ ។
លោកបន្តថានៅរសៀលថ្ងៃកើតហេតុ កូនប្រុសគាត់រួមនិងមនុស្ស៣នាក់ទៀត បាននាំគ្នាជម្រះស្មៅចម្ការ ហើយប្រមូលយកមកដុតនៅត្រង់គល់ឈើស្រឡៅ ដោយមិនដឹងថា នៅគល់ឈើនោះមានគ្រាប់ដែលគេកប់ក្នុងដី ពេលត្រូវកម្តៅភ្លើងក៏ផ្ទុះ លាន់ឮកក្រើក ជាហេតុធ្វើឱ្យមានរង របួសធ្ងន់-ស្រាលបែបនេះ ។