ភ្នំពេញ: លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលកំពុងជាប់ពន្ធនាគារពៃស បានចុះហត្ថលេខាលើលិខិតមួយច្បាប់ ជូនលោកជាមុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាសចូលរួមថវិកា ១.០០០.០០០ (មួយលានរៀល) សម្រាប់ចូលរួមចំណែកធ្វើរូបសំណាក លោក ជា វិជ្ជា។
ថ្ងៃទី 13 សីហា 2012
ដោយ: សុខ ភក្តី
CEN
ក្នុងលិខិត ដែលប្រើប្រាស់រូបសញ្ញាវិទ្យុសំបុកឃ្មុំ សំឡេងប្រជាពលរដ្ឋ FM 105 MHz ជូនលោក ជាមុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា មិនបានពន្យល់អ្វីទេ។
ចំណែកលោកជាមុនី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ បានសរសេរលិខិតថ្លែងអំណរគុណដល់លោកម៉មសូណង់ដូ ដែលបានចូលរួមបរិច្ចាគថវិកាចំនួន ១លានរៀល ដើម្បីសាងសង់រូបសំណាក លោកជាវិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។
លោកជាមុនី ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីសហជីពសេរីកម្មករ សូមប្រសិទ្ធពរជ័យ សិរីមង្គល ជូនចំពោះលោកប្រធាន ទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំអភិវឌ្ឍន៍ វិទ្យុសំបុកឃ្មុំ និងសមាគមអ្នកប្រជាធិបតេយ្យ ឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងជានិរន្តរ៍តរៀងទៅ។
សូមរម្លឹកថា លោក ម៉ម សូណង់ដូ ត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ដោយសារតែជម្លោះដីធ្លីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ក៏ប៉ុន្តែលោកម៉មសូណង់ដូ បានបដិសេធការចោទប្រកាន់។
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់ជូនរួមជាតិទាំងក្នុងប្រទេស និងទាំងក្រៅប្រទេស ចូលរួមបរិច្ចាគធនធានថវិកា តាមសទ្ធារៀងៗខ្លួន ដើម្បីស្ថាបនារូបសំណាក់លោកជាវិជ្ជា។
សេចក្តីប្រកាសព័ត៌មានរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ បានលើកឡើងថា សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) សូមធ្វើការប្រកាសប្រគេនថ្វាយ និងជូនចំពោះព្រះថេរានុថេរៈសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រះមេត្តា និងមេត្តាបានជ្រាបថា សហជីពកំពុងសហការជាមួយសាលារាជធានីភ្នំពេញ ធ្វើការសាងសង់រូបសំណាកលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា តាំងនៅពយសួនច្បារខាងលិចវិមានឯករាជ្យ ខាងជើងវត្តលង្កកា ដើម្បីរម្លឹកវិញ្ញាណក្ខន្ធ និងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោក ក្រោយពេលលោកត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
ក្នុងន័យចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោកជាវិជ្ជា សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការអំពាវនាវដល់ជនរួមជាតិទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ក៏ដូចជាកម្មករ កម្មការិនីទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យមានការចូលរួមចំណែកបរិច្ចាគធនធានថវិកាតាមសទ្ធារៀងៗខ្លួនដើម្បីស្ថាបនារូបសំណាករបស់លោក ឲ្យទទួលបានលទ្ធផលផ្លែផ្កា តាមរយៈសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ទាល់ដែលមានទីស្នាក់ការផ្ទះលេខ១៦អា ផ្លូវ៣៦០ សង្កាត់បឹងកេងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទលេខៈ 012 941 308 និង012 799 963។
ទីស្តីការគណៈរដ្ឋមន្ត្រី និងសាលារាជធានីភ្នំពេញ បានឯកភាពឲ្យមានការសាងសង់រូបសំណាកលោកជាវិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា នៅលើសួនច្បារវិមានឯករាជ្យ ជិតខាងចុងសួន ខាងលិចប៉ែកខាងត្បូង ដោយបែរមុខ ទៅទិសខាងលិច។
ក្នុងនោះ ទីស្តីការគណៈរដ្ឋមន្ត្រី និងសាលារាជធានីភ្នំពេញ នឹងស្នើសុំគោលការណ៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីថវិកាជួយបំពេញបន្ថែមចំនួន ៥.០០០ ដុល្លារអាមេរិក ក្នុងការសាងសង់រូបសំណាក លោកជាវិជ្ជា។
រូបសំណាកលោកជាវិជ្ជា ត្រូវសាងសង់ពីថ្មភក់ ពណ៌ខៀវ យកមកពីខេត្តសៀមរាប។ រូបសំណាក កំពស់ ១,៦៨ ម៉ែត្រ ដែលជាកំពស់របស់លោកជាវិជ្ជា កម្ពស់ជើងទម្រ ១ ម៉ែត្រ និងជើងទម្ររាងបួនជ្រុង។ ចំណែកថវិកា ដែលប្រមូលបានពីសប្បុរសជន និងកម្មករ សរុបចំនួន ៣.០០០ ដុល្លារ។ រីឯការសាងសង់ ត្រូវចំណាយរហូតដល់ ៨.០០០ ដុល្លារ។ ដូច្នេះសហជីពកម្មករ ស្នើឲ្យសាលារាជធានីភ្នំពេញ ជួយបំពេញបន្ថែម។
សូមរម្លឹកថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារផ្ទាល់ដៃ យល់ព្រមតាមការស្នើសុំរបស់លោកជាមុនី ដែលបានសរសេរលិខិតមួយច្បាប់ ជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំទីតាំងសមរម្យមួយកន្លែង សាងសង់រូបសំណាក លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រម្លឹកវិញ្ញាណក្ខន្ធ និងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោក។
លោក ជា មុនី បានស្នើសុំសម្ដេចអគ្គមហាសេនាបតីតេជោ មេត្តាសន្ដោសប្រណី អនុញ្ញាតផ្ដល់នូវទីតាំងសមរម្យមួយកន្លែងទំហំប្រមាណ ១ ម៉ែត្រក្រឡា ឋិតនៅពយសួនច្បារខាងលិចវិមានឯករាជ្យ ខាងជើងវត្តលង្កា សម្រាប់សាងសង់រូបសំណាកលោក ជា វិជ្ជា ដើម្បីរម្លឹកវិញ្ញាណក្ខន្ធ និងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោកជាវិជ្ជា។
លោក ជា វិជ្ជា អតីតប្រធានសហជីពកម្មករ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាបងប្រុសបង្កើតរបស់លោក ជាមុនី ត្រូវបានឃាតកបាញ់សម្លាប់នៅមុខតូបលក់កាសែត ក្បែរវត្តលង្កា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤៕
congra ! mam sonando , i ‘m proud of u for donation..