សាលាក្ដី​ខ្មែរ​ក្រហម​ផ្អាក​សវនាការ​ដោយសារ​បញ្ហា​សុខ​ភាព​របស់​ជន​ជាប់​ចោទ

នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ សីហា​នេះ សាលាក្ដី​ខ្មែរ​ក្រហម​បាន​សម្រេច​ផ្អាក​សវនាការ​ស្ដាប់​សាក្សី សួង ស៊ីគឿន អតីត​កម្មាភិបាល​មន្ទីរ ប១ និង​សាក្សី​សាក្សី អុង ថុងហឿង ដោយសារ​តែ​ជន​ជាប់​ចោទ អៀង សារី មាន​បញ្ហា​សុខភាព។

ដោយ ឡេង ម៉ាលី
2012-08-13
​វិទ្យុ​អាស៊ីសេរី

លោក អៀង សារី អតីត​មេខ្មែរ​ក្រហម បង្ហាញ​ខ្លួន​ក្នុង​សវនាការ​សាធារណៈ​លើក​ដំបូង​នៅ​សាលាក្ដី​ខ្មែរ​ក្រហម នា​ថ្ងៃ​ទី​៣០ មិថុនា ២០០៨។

លោក អៀង សារី អតីត​មេខ្មែរ​ក្រហម បង្ហាញ​ខ្លួន​ក្នុង​សវនាការ​សាធារណៈ​លើក​ដំបូង​នៅ​សាលាក្ដី​ខ្មែរ​ក្រហម នា​ថ្ងៃ​ទី​៣០ មិថុនា ២០០៨។
AFP Photo/Pool

គ្រូពេទ្យ​ផ្នែក​ជំងឺ​ទូទៅ ប្រចាំ​សាលាក្ដី​ខ្មែរក្រហម វេជ្ជបណ្ឌិត កឹម សំសាន ជម្រាប​អង្គ​ជំនុំជម្រះ​ថា ជន​ជាប់​ចោទ អៀង សារី មាន​អាការៈ​នោម​ញឹក ហត់ហេវ​អស់​កម្លាំង និង​វិលមុខ​ខ្លាំង ភ្លេចភ្លាំង ហើយ​មាន​អារម្មណ៍​ច្របូកច្របល់ មិន​អាច​ស្ដាប់​សវនាការ​បាន​ទេ។

លោក​វេជ្ជបណ្ឌិត កឹម សំសាន ថ្លែង​ថា អាការៈ​អស់​កម្លាំង និង​វិលមុខ​ខ្លាំង​របស់​ជន​ជាប់​ចោទ អៀង សារី គឺ​បណ្ដាល​មក​ពី​បញ្ហា​នោម​ញឹក ដែល​ធ្វើ​ឱ្យ​គាត់​ត្រូវ​ប្រើ​កម្លាំង​ងើប​ច្រើន​ខុស​ប្លែក​ពី​ធម្មតា និង​គួប​ផ្សំ​នឹង​ជំងឺ​បេះដូង​ស្រាប់​ផង។

លោក​ផ្ដល់​ឱវាទ​ថា ជន​ជាប់​ចោទ គប្បី​អនុញ្ញាត​ឱ្យ​បាន​សម្រាក៖ «ចំពោះ​បញ្ហា​សុខភាព​ផ្លូវ​កាយ​របស់​គាត់ ការ​សម្រាក​នៅ​បន្ទប់​ខាង​ក្រោម ដើម្បី​ស្ដាប់​សវនាការ​ហ្នឹង​សម​ស្រប​ហើយ។ ប៉ុន្តែ​ចំពោះ​ការ​ដែល​គាត់​ស្ដាប់ ហើយ​គាត់​និយាយ​ថា​ស្ដាប់​មិន​បាន ស្ដាប់​មិន​យល់​នោះ ខ្ញុំ​គិត​ថា ការ​ធ្វើ​សវនាការ​ហ្នឹង ក៏​វា​ប្រហែល​មិន​មាន​ប្រយោជន៍​អី​ដែរ ព្រោះ​គាត់​ថា សវនាការ​នៅ​ពេល​នេះ​សំខាន់​ណាស់ គាត់​ចង់​ស្ដាប់​ឱ្យ​បាន​យល់ ១០០%»

អង្គ​ជំនុំជម្រះ​សាលាក្ដី​ខ្មែរក្រហម​នៅ​ពេល​នេះ កំពុង​ស្ដាប់​សាក្សី​សំខាន់ ២​រូប ដែល​ទាក់ទង​នឹង​សំណុំ​រឿង​ក្ដី​លេខ ០០២ របស់​ជន​ជាប់​ចោទ អៀង សារី។ សាក្សី​ទី ១ គឺ​សាក្សី សួង ស៊ីគឿន ដែល​ជា​អតីត​កម្មាភិបាល​មួយ​រូប នៅ​ក្រសួង​ការ​បរទេស ឬ​ហៅ​ថា​មន្ទីរ ប១ និង​សាក្សី​មួយ​រូប​ទៀត គឺ​សាក្សី អុង ថុង​ហឿង ដែល​ជា​បញ្ញាជន​វិល​ត្រឡប់​ពី​បរទេស មក​ចូលរួម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ជន​ជាប់​ចោទ ទទូច​សុំ​រក្សា​សិទ្ធិ​ស្ដាប់​សាក្សី​ទាំង​ពីរ​រូប​នេះ។

បន្ទាប់​ពី​បាន​ស្ដាប់​អនុសាសន៍​របស់​គ្រូពេទ្យ ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន សម្រេច​ផ្អាក​សវនាការ​ម្ដង​ហើយ នៅ​ពេល​ព្រឹក និង​គ្រោង​ធ្វើ​បន្ត​នៅ​ពេល​រសៀល ប្រសិន​បើ​ស្ថានភាព​សុខភាព​របស់​ជន​ជាប់​ចោទ អៀង សារី ប្រសើរ​ឡើង​វិញ។ ក៏​ប៉ុន្តែ លោក​ចៅក្រម និល ណុន បាន​ប្រកាស​ផ្អាក​សវនាការ​ម្ដង​ទៀត នៅ​ពេល​រសៀល បន្ទាប់​ពី​ទទួល​ដំណឹង​ថា ស្ថានភាព​សុខភាព​របស់​ជន​ជាប់​ចោទ អៀង សារី មិន​បាន​ប្រសើរ​ឡើង​វិញ​ទេ។

លោក​ចៅក្រម​លើក​សម្អាង​ហេតុ​ចំពោះ​ការ​លើក​ពេល​នេះ​ថា អនុវត្តន៍​ទៅ​តាម​វិធាន​ផ្ទៃក្នុង​របស់​សាលាក្ដី​ខ្មែរក្រហម៖ «ដោយ​យោង​ទៅ​នឹង​បទ​បញ្ញត្តិ​នៃ​វិធាន ដែល​អនុវត្តន៍​នៅ អ.វ.ត.ក នេះ អង្គ​ជម្រះ​ត្រូវ​ដំណើរការ​ជំនុំជម្រះ​ក្ដី ដោយ​ចំពោះ​មុខ​ជន​ជាប់​ចោទ ទោះ​បី​ករណី​ណា​ក៏​ដោយ។ ចំពោះ​មុខ​នៅ​ក្នុង​សវនាការ​ដោយ​ផ្ទាល់ ឬ​យ៉ាង​ហោច​ណាស់ គឺ​អាច​ស្ដាប់​តាម​ដាន​កិច្ច​ដំណើរ​ការ​សវនាការ​ដេញដោល​ពី​បន្ទប់​ខាង​ក្រោម តាម​រយៈ​សោតទស្សន៍។ ប៉ុន្តែ​ដោយសារ​សុខភាព​របស់​គាត់ គាត់​មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​ភ្លេចភ្លាំង​ច្រើន មិន​អាច​ដំណើរ​ការ​បាន។ ហេតុ​ដូច្នេះ អង្គ​ជម្រះ​មិន​អាច​ធ្វើ​សវនាការ​បាន​ទេ នៅ​រសៀល​នេះ»

លោក​ចៅក្រម និល ណុន ប្រកាស​ដល់​ភាគី និង​សាធារណជន​ថា ប្រសិន​ជា​អាច​ដំណើរ​ការ​ទៅ​បាន សវនាការ​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី​១៤ សីហា វេលា​ម៉ោង ៩ ព្រឹក​ជា​បន្ត​ទៀត។ អង្គ​ជំនុំជម្រះ គ្រោង​ស្ដាប់​បញ្ចប់​សាក្សី អុង ថុង​ហឿង មុន​សាក្សី សួន ស៊ីគឿន ដោយ​ហេតុ​ថា លោក​ត្រូវ​ប្រញាប់​វិល​ទៅ​ទ្វីប​អឺរ៉ុប​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles