ភ្នំពេញ: នៅតាមបណ្តោយផ្លូវ ៥១ (ប៉ាស្ទ័រ) ត្រង់ផ្តុំក្រោយសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ខាងមុខសាលាបឋមសិក្សាដូនពេញមានរបរលក់គ្រឿងសមុទ្រអាំង ដែលកំពុងពេញនិយមពីសំណាក់អ្នកញ៉ាំជាច្រើនាក់ ជាពិសេសសម្រាប់យុវវ័យ ។ របរមួយនេះទើបតែកកើតមានថ្មីៗនេះទេ ប៉ុន្តែបានប្រមូលស្រូបយកអ្នកទិញមកផ្តុំគ្នាញ៉ាំអាហារសមុទ្រអាំងទាំងនោះ បានយ៉ាងច្រើនកុះករ សឹងតែមិនកន្លែងអង្គុយញ៉ាំទៀតផង ។
ថ្ងៃទី 14 សីហា 2012
ដោយ: វឿន សាវុធ
CEN

យុវជនម្នាក់កំពុងឈរអាំងគ្រឿងសមុទ្រយ៉ាងញាប់ដៃឆ្មេរ រីបុរសម្នាក់ទៀតកំពុងឈរថ្លឹងមឹក និងបង្គាទាំងប្រញាប់ប្រញាល់ ហើយអ្នកគិតលុយក៏គិតលុយពីអ្នកទិញសឹងតែមិនទាន់ដែរ ។ ព្រោះអ្នកញ៉ាំមកច្រើនណាស់ ធ្វើឲ្យអ្នកលក់មានទឹកមុខរីករាយសប្បាយចិត្ត នឹងអាជីពរបស់ខ្លួនក្រៃលែង ។ វាមានការហត់នឿយបន្តិចមែន តែបានផ្តល់ប្រាក់កម្រៃគួរសមម្យ៉ាងដែរចំពោះអ្នកលក់ទាំងនោះ ។
ស្ត្រីម្នាក់ជាអ្នកលក់គ្រឿងសមុទ្រអាំងនៅជាប់របងសាលាបឋមសិក្សាដូនពេញ ក្នុងវ័យ២២ ឆ្នាំ ជាអ្នកខេត្តកំពុងឆ្នាំង ឈ្មោះ ហ៊ីង ស្រីម៉ុច បានប្រកបរបរនេះ ៥ខែ កន្លងមកហើយ ដែលក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលបាន២លានរៀលចំពោះថ្ងៃលក់ដាច់ខ្លាំង ដោយឡែកថ្ងៃលក់ពុំសូវដាច់បាន៨០ម៉ឺនរៀលក្នុងមួយថ្ងៃ ព្រមទាំងបានប្រាក់ចំណេញសរុប៣០ភាគក្នុងមួយថ្ងៃ ហើយចំណាយវត្ថុធាតុដើមត្រឹមតែ ១៣០គីឡូក្រាម និងបូករួមទាំងអយស្ទ័រ៥០០គ្រាប់ប៉ុណ្ណោះ ។ ប្រភពគ្រឿងសមុទ្រទាំងនេះ បាននាំយកមកផ្ទាល់ស្រស់ៗពីកំពត កំពង់សោម និងកោះកុង ជារៀងរាល់ថ្ងៃ ។
អ្នកស្រី ហ៊ីង ស្រីម៉ុច បាននិយាយឲ្យដឹងថា “ ខ្ញុំមានលក់គ្រឿងសមុទ្រអាំងទាំងអស់៧មុខ ៖ ត្រីសាមបាក់អប់ខ្ញីម្រិចស បង្គាអាំង មឹកអាំង ក្តាមអប់ម្រិចខ្ចី ងាវអប់អំបិលម្ទេស អយស្ទ័រ និងបបែល ហើយខ្ញុំលក់វាចេញគិតជាខាំ គីឡូក្រាម និងរាប់គ្រប់ ហើយក៏គិតជាកំណាត់ដែរ ” ។
គ្រឿងសមុទ្រទាំងនេះ ដោយទិញចូលមកស្រស់ៗគិតជាគីឡូក្រាម សម្រាប់ត្រីសាមបាក់១គីឡូតម្លៃចាប់ពី១៨.០០០ ដល់២០.០០០រៀល ( ៣០គីឡូក្រាម ) មឹក១គីឡូ ១៤.០០០ ដល់២៨.០០០រៀល ( ៣០គីឡូក្រាម ) បង្គារ១គីឡូ២៤.០០០ ដល់២៦.០០០ រៀល ( ១៥គីឡូក្រាម ) ក្តាម១គីឡូ៣៥.០០០ ( ១៥គីឡូក្រាម ) ងាវ១គីឡូ៧.០០០ ដល់៨.០០០ ( ២០គីឡូ ) និងបបែលសាច់១គីឡូ១៥.០០០រៀល ( ២០គីឡូក្រាម ) រីឯអយស្ទ័រគិតជាគ្រាប់តម្លៃ១គ្រប់ គឺ៨០០រៀល ។
ចំណែកឯការលក់ចេញឆ្អិនស្រាប់ មានគិតជាខាំ ( ១០០ក្រាម ) ដោយ១ខាំ៣.៥០០រៀល ( បង្គា និងមឹក ) គីឡូក្រាម ( ក្តាម “ ៤ម៉ឺនរៀល ” និងងាវ “ ១ម៉ឺន៤ពាន់រៀល ” ) រាប់គ្រប់ ( អយស្ទ័រ “ ១.៤០០រៀល ” ) និង១កំណាត់ត្រី ( ត្រីសាមបាក់ “ ៨.០០០រៀល ” ) ដោយឡែក បបែលគិតជាឯកតា គឺ១តម្លៃ៥.០០០រៀល ។
អ្នកស្រី ហ៊ីង ស្រីម៉ុច បន្តថា “ គ្រឿងសមុទ្រអាំងដែលលក់ដាច់ និងពេញនិយមញ៉ាំជាងគេនោះ គឺ ត្រីសាមបាក់អប់ខ្ញីម្រិចស មឹកអាំង និងងាវអប់អំបិលម្ទេស ” ។
ប្រភពដដែលបានបញ្ជាក់ថា “ គ្រឿងសមុទ្រអាំងទាំងនោះដែរ គឺវាមានរសជាតិឆ្ងាញ់ និងប្លែកមាត់ ព្រមទាំងមានទឹកជ្រលក់ពីរប្រភេទ សម្រាប់ជំនួយបន្ថែម គឺ ទឹកត្រីកោះកុង និងអំបិលម្រេចក្រូចឆ្មារ ” ។
ម្យ៉ាងទៀតក៏មានបន្លែអមជាមួយដែរ គឺត្រសក់ ជីវែង ឬជីរណា និងការ៉ុត ព្រោះវាទាំងនេះជួយទប់ស្កាត់ភាពឆ្អាប និងភាពទ្រលន់ផង ។ បើបន្លែសម្រាប់ញ៉ាំជាមួយអយស្ត័រមាន ខ្ទឹមស ក្រហមបំពង និងត្រួយសាបួ ( កន្ធុំថេត ) ហើយក៏មានទឹកត្រីកោះកុងចូលរួមចំណែកដែររឹតតែឆ្ងាញ់មួយកម្រិតទៀត ។
អ្នកស្ត្រី ហ៊ីង ស្រីម៉ុច បានបង្ហើបប្រាប់ពីរបៀបចម្អិនគ្រឿងសមុទ្រអាំងខ្លះៗ ឲ្យដឹងថា “ ចំពោះត្រីសាមបាក់អប់ខ្ញីម្រិចស គឺយើងយកត្រីមកលាងទឹកឲ្យបានស្អាត រួចយកក្រដាសអាលុយមីញ៉ូមមួយសន្លឹកល្មម មកត្រប់ពីក្រោមត្រី បន្ទាប់មកចាប់ផ្តើមដាក់ខ្ញីដែលបានហាន់ជាចំណិតតូចៗ និងដាក់ម្រេចស រួយឲ្យសព្វពីលើ និងចំហៀងត្រី ក្រោយមកទើប ដាក់អំបិល ស្ករ និងប៊ីចេង ជាការស្រេច ” ។
“ រីឯងាវអប់អំបិលម្ទេសឯណេះវិញ ដោយយកងាវមកខ្ចប់ជាមួយក្រដាសអាលុយមីញ៉ូមដែរ បន្ទាប់មកដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង និងអំបិលម្ទេស ក្រោយមកមូរឲ្យជិតទើបយកទៅអាំងប្រមាណ៥នាទីជាការស្រេច ណាមួយអាចកម្ម៉ង់រសជាតិបានទៀត ទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀងផងដែរ ” ។ នេះជាសម្តីរបស់ប្រភពខាងលើបានរៀបរាប់យ៉ាងដូច្នេះ ។
ចំណែកអ្នកញ៉ាំគ្រឿងសមុទ្រអាំង មានយុវវ័យ សិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន និងជនទូទៅ ដែលមកញ៉ាំជាលក្ខណៈមិត្តភក្ត និងក្រុមគ្រូសារ ។
បុគ្គលិកក្រុមហ៊ុនឯកជនមួយរូប ឈ្មោះ ស្រីម៉ុច ដែលមានវ័យ២៥ឆ្នាំ កំពុងអង្គុយញ៉ាំបង្គាអាំង មឹកអាំង ជាមួយមិត្តភក្តរបស់ខ្លួនយ៉ាងញាប់មាត់ ព្រមទាំងមានទឹកមុខញញឹមញញែម ហើយបាននិយាយមកកាន់អ្នកសារព័ត៌មាន CEN យើង ថា “ នេះជាលើកទីមួយរបស់ខ្ញុំហើយ ដែលបានមកញ៉ាំគ្រឿងសមុទ្រអាំងនៅទីនេះ ព្រោះល្បីថាមានគ្រឿងអាំងសមុទ្រឆ្ងាញ់ ហើយចង់ដឹងរសជាតិថាវាឆ្ងាញ់យ៉ាងណាដែរ ” ។
កញ្ញា ស្រីម៉ុច ថាបន្ត “ វាមានរសជាតិឆ្ងាញ់មែន ហើយខ្ញុំចូលចិត្តញ៉ាំមឹកអាំងជាមួយទឹកត្រីកោះកុងណាស់ម្យ៉ាងទៀតមានតម្លៃសមរម្យ ” ។
រីឯ កញ្ញា គឹមឡេង ជាសិស្សវិទ្យាល័យស៊ីសុវត្ថិម្នាក់ រៀនថ្នាក់ទី១១ វ័យ១៦ឆ្នាំ បាននិយាយឲ្យដឹងថា “ ខ្ញុំញ៉ាំគ្រឿងសមុទ្រអាំងនេះ សឹងតែ៤ដងក្នុងមួយអាទិត្យ ព្រោះវាមានក្លិនឈ្ងុញ នៅពេលអាំង ណាមួយនៅជាប់ពីក្រោយសាលាផង ទើបខ្ញុំមានឱកាសបានញ៉ាំច្រើនដងដូច្នេះ ” ។
ចំណែកឯមតិអ្នកញ៉ាំមួយចំនួនទៀត បាននិយាយថា “ វាពិតជាមានរសជាតិឆ្ងាញ់ ឯតម្លៃក៏សមរម្យល្មម ប្លែកមាត់ ជាពិសេសនៅជិតផ្ទះទៀតផង មិនចាំបាច់ចំណាចពេល ឬលុយជិះឡានទៅញ៉ាំនៅឯសមុទ្រឡើយ បានញ៉ាំដូចគ្នា ” ។
ការដាក់លក់គ្រឿងសមុទ្រអាំងមានជារៀងរាល់ថ្ងៃ គឺនៅថ្ងៃធម្មតា ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង១០យប់ ហើយចំណែកថ្ងៃឈប់សម្រាក ចាប់ពីម៉ោង៤ល្ងាច ដល់ម៉ោង១០យប់ ។ លើសពីនេះផងដែរ ក៏មានសេវាដឹកជញ្ជូនដល់ផ្ទះ ដោយឥតគិតថ្ងៃ ដោយចំណាយចាប់ពី២០ដុល្លារឡើងទៅ ជាពីសេសទទួលបានកាតបញ្ចុះតម្លៃ១០ភាគ ទៀតផង ៕
