ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកយុទ្ធនាការផ្សព្វផ្សាយអំពីការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ ដល់មន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត(លធ/ខប) ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងស្ថាប័ន និងដៃគូពាក់ព័ន្ធនៅបណ្ដារាជធានី ខេត្តមួយចំនួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២។
ថ្ងៃទី 14 សីហា 2012
ដោយ: លីនណា
CEN
សេចក្ដីប្រកាសព័ត៌មាន បានបង្ហាញថា ការធ្វើសកម្មភាពផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនេះ បានចាប់ផ្ដើមពីដើមខែសីហាមក ក្នុងគោលបំណងកែលម្អដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលត្រូវរៀបចំបញ្ជីបោះឆ្នោតមួយប្រកបដោយគុណភាព សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ឆ្នាំ២០១៣។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា សកម្មភាព នៃការផ្សព្វផ្សាយទាំងនោះមាន ៖
– ថ្នាក់ដឹកនាំ គ.ជ.ប ចុះធ្វើការផ្សព្វផ្សាយនៅតាមបណ្ដារាជធានី ខេត្តនានា អំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។
– ចេញសេចក្ដីអំពាវនាវផ្សាយតាមវិទ្យុ និងទូរទស្សន៍ ដើម្បីឲ្យប្រជាពលរដ្ឋមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។
– ធ្វើលិខិតលេខ ៦៧៨/១២ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ ទៅក្រសួងមហាផ្ទៃ សុំឲ្យចេញសេចក្ដីណែនាំស្ដីពីការផ្ដល់អាទិភាពជាពេលវេលាពេលម៉ោងដល់មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ ដើម្បីបំពេញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមប្រតិទិនកំណត់ដោយ គ.ជ.ប។
– ធ្វើលិខិតលេខ ៧៥៨/១២ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ទៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋ ដើម្បីស្នើសុំកិច្ចសហការក្នុងការអំពាវនាវ និងលើកទឹកចិត្តមន្ត្រី បុគ្គលិកក្រោមឱវាទឲ្យទៅចុះឈ្មោះបោះឆ្នោត ឬទៅលុបឈ្មោះស្ទួនចេញពីបញ្ជីបោះឆ្នោត នៅក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ និងនៅឆ្នាំបន្តបន្ទាប់។
– ធ្វើលិខិតលេខ ៧៥៩/១២ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ទៅសមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ អំពាវនាវអញ្ជើញចូលរួមក្នុងការអប់រំអ្នកបោះឆ្នោត និងសាធារណជន អំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ និងឆ្នាំបន្តបន្ទាប់ និងអំពីដំណើរការរៀបចំការបោះឆ្នោត សកលនានា ដែលកំណត់ដោយច្បាប់។
– ធ្វើលិខិតលេខ ៧៦៥/១២ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្នើជួយអន្តរាគមន៍នៅគ្រប់ម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្ត នៃច្បាប់ស្ដីពីការងារ អនុញ្ញាតឲ្យនិយោជិត កម្មករ កម្មការិនី បានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២។
– ធ្វើលិខិតលេខ ៧៧៣/១២ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ ទៅអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ដើម្បីស្នើសុំកិច្ចសហការគាំទ្រ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងស្នើសុំកិច្ចសហការក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តមន្ត្រី បុគ្គលិកក្រោមឱវាទ និងប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតក្នុងរាជធានី ខេត្តឲ្យទៅចុះឈ្មោះបោះឆ្នោត ឬលុបឈ្មោះស្ទួនរបស់ខ្លួន និងលុបឈ្មោះសមាជិកគ្រួសារដែលស្លាប់ ឬផ្លាស់ចេញ ចេញពីបញ្ជីបោះឆ្នោតក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ និងនៅឆ្នាំបន្តបន្ទាប់។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះដែរ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា ក្រៅពីសកម្មភាពខាងលើ គ.ជ.ប បាននិងកំពុងផលិតស្ប៉តអប់រំ និងបទយកការណ៍ទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយឯកសារទាំងនេះ ត្រៀមចាក់ផ្សាយតាមវិទ្យុ ទូរទស្សន៍ និងតាមមេក្រូ នៅក្នុងពេលចុះឈ្មោះបោះឆ្នោតផងដែរ។
សូមរម្លឹកថា រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្នុងឆ្នាំនេះ មានរយៈពេល ៤២ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២៕