ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជិតតំបន់ព្រំដែនខ្មែរ-ថៃ នៃខេត្តឧត្តរមានជ័យ សំដែងការព្រួយបារម្ភខ្លាចក្រែងអាជ្ញាធរបង្ខំឱ្យពួកគេរុះរើលំនៅឋានចាកចេញពីភូមិចាស់ ដែលធ្លាប់រស់នៅជាច្រើនឆ្នាំមកហើយ។
ដោយ ហង្ស សាវយុត
2012-08-14
វិទ្យុអាស៊ីសេរី
ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីក្រុមយុវជនស្ម័គ្រចិត្តមួយចំនួនបានចុះទៅវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិនៅតំបន់ពួកគេ ហើយផ្ទៃដីផ្នែកខ្លះនៃភូមិរបស់ពួកគេមិនត្រូវបានគេវាស់វែងឱ្យឡើយ។
អ្នកភូមិគោកច័ន្ទគីរី នៃសង្កាត់កូនក្រៀល ក្រុងសំរោង ប្រមាណជាង ៦០គ្រួសារ បានឱ្យដឹងថា ពួកគេមិនចង់ចាកចេញពីភូមិដែលរស់នៅជាច្រើនឆ្នាំមកហើយទេ ពីព្រោះតែពួកគេមានដាំដំណាំ ជាច្រើនបានផលអាចជួយជីវភាពប្រចាំថ្ងៃបានទៅហើយ។
ការថ្លែងបែបនេះ បន្ទាប់ពីក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី បានទៅដល់ភូមិរបស់គេធ្វើការវាស់វែងផ្នែកខ្លះនៃផ្ទៃដីនៅក្នុងភូមិ ចំណែកឯមួយផ្នែកទៀតដែលមានប្រជាពលរដ្ឋរស់នៅជាង ៦០គ្រួសារ គឺមិនបានវាស់វែងដើម្បីធ្វើកម្មសិទ្ធិនៅឡើយ។
បុរសម្នាក់ក្នុងចំណោមអ្នកភូមិគោកច័ន្ទគីរី ជាច្រើនទៀត ដែលទាមទារឱ្យមានការវាស់វែងដីធ្លី និងធ្វើប័ណ្ណកម្មសិទ្ធិសម្រាប់ពួកគាត់។ គាត់បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១៣ ខែសីហា ថា នៅក្នុងភូមិរបស់គាត់ទាំងមូល គឺគេវាស់វែងដីឱ្យតែប្រជាពលរដ្ឋដែលតាំងទីលំនៅប៉ែកខាងត្បូងផ្លូវប៉ុណ្ណោះ ចំណែកឯអ្នករស់នៅប៉ែកខាងជើងផ្លូវជាង ៦០គ្រួសារទៀត គឺមិនមានការវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យទេ។
បុរសដដែលបានអះអាងថា កាលពីពេលថ្មីៗ អាជ្ញាធរក្រុងសំរោង បានចេញលិខិតជូនដំណឹងមួយ ឱ្យប្រជាពលរដ្ឋប៉ែកខាងជើងផ្លូវនៃភូមិគោកច័ន្ទគីរី រុះរើលំនៅឋានទៅរស់នៅកន្លែងថ្មីមួយទៀត ហើយអ្នកភូមិមិនចង់ចាកចេញពីកន្លែងដែលគេធ្លាប់រស់នៅទេ៖ «គេអត់វាស់ឱ្យខាងជើងផ្លូវ ឭពាក្យចចាមអារ៉ាមខ្លះថា ទុកជម្រកកងទ័ព ហើយកងទ័ពថា អត់មានទេ គេអត់ដឹងទេ។ ឯកឧត្ដម គន់ គីម ដែលគាត់មកសម្ពោធសាលារៀននៅគោកច័ន្ទគីរីហ្នឹងនិយាយថា ហាមកាប់ព្រៃបន្តទៀត ហើយបើបងប្អូនដែលរស់នៅកន្លែងណាឱ្យវាស់ឱ្យគាត់កន្លែងហ្នឹងទៅ។ ដល់ពេលឥឡូវបែរជាចេញពីសាលាក្រុងថា ឱ្យពួកខ្ញុំរុះរើ។ យកទៅដាក់នៅព្រៃស្រោង ហើយធ្វើយ៉ាងម៉េចទៅ ឈូសឆាយឱ្យក៏មិនឈូស ហើយនៅឯណោះ វាគ្មានទឹក គ្មានអីប្រើប្រាស់ទៀត»។
លោក នួន សំណាង ជាតំណាងភូមិគោកច័ន្ទគីរី នោះ បានមានប្រសាសន៍ថា កន្លែងដែលអ្នកភូមិប្រមាណ ៦៨គ្រួសារ កំពុងរស់នៅ គឺវាប៉ះពាល់នឹងផ្លូវយុទ្ធសាស្ត្ររបស់កងទ័ពសម្រាប់ការពារព្រំដែន ហើយអាជ្ញាធរសង្កាត់កូនក្រៀល និងក្រុងសំរោង បានតម្រូវឱ្យប្រជាពលរដ្ឋទាំងនោះរុះរើលំនៅទៅរស់នៅកន្លែងថ្មីមួយទៀត។
តំណាងភូមិដដែលបានបញ្ជាក់ថា លោកបានដើររកដីថ្មីដែលនៅជាប់គ្នា និងភូមិដដែលនោះ ដោយប្រាប់ឱ្យអ្នកភូមិរុះរើទៅរស់នៅលើដីថ្មីនោះ ព្រមទាំងធ្វើកម្មសិទ្ធិឱ្យផង ក៏ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋ មិនចង់ទៅរស់នៅគឺមិនមានការបង្ខំទេ។
អ្នកស្រី ណាក កមល ជាអភិបាលរងក្រុងសំរោង បានបញ្ជាក់ថា បើតាមអ្នកស្រីដឹង គឺក្រុមយុវជនស្ម័គ្រចិត្តបានចុះទៅវាស់វែងដីធ្លីនៅភូមិគោកច័ន្ទគីរី នោះ រួចរាល់អស់ហើយ ក៏ប៉ុន្តែអ្នកស្រីមិនទាន់ដឹងច្បាស់ទេថា តើចំណុចណាមួយនៃភូមិនោះដែលមិនទាន់បានវាស់វែង៖ «ខ្ញុំបានស្ដាប់ឭបងអ៊ីចឹង បងក៏ដឹងតាមប្រជាពលរដ្ឋមកដែរ។ ខ្ញុំអត់ទាន់និយាយថាយ៉ាងម៉េចបានដែរ ដោយសារតែមិនថានៅចំណុចត្រង់ណានៃភូមិនោះ»។
អាជ្ញាធរក្រុងសំរោង បានពន្យល់ថា ភូមិគោកច័ន្ទគីរី ទាំងមូល គឺជាភូមិឧបសម្ពន្ធថ្មីដែលមិនទាន់ មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅឡើយ។ ដីភូមិនោះមួយផ្នែកគឺមានដីការបស់រដ្ឋាភិបាល កាត់ឆ្វៀលចំនួនជាង ២.១០០ហិកតារ សម្រាប់បម្រុងទុកធ្វើទីតាំងកងទ័ពដែលការពារព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។