កសិករ​ដឹក​កូន​ជ្រូក​លក់​តាម​ម៉ូតូ រិះគន់​មន្ត្រី​ជំនាញ​ដែល​កាក់​ទារ​លុយ​ខុសច្បាប់

មានការ​រិះ​គន់​ថា​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មួយ​ចំនួន នៅ​ក្នុង​ស្រុក​ចុង​កាល់ និង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ តែង​តាម​កាក់​ទារ​លុយ​ខុស​ច្បាប់ ពី​ក្រុម​ប្រជា​កសិករ ដែល​ដឹក​កូន​ជ្រូក​តាម​ម៉ូតូ ដើម្បី​លក់​ដូរ នៅ​តាម​ភូមិ​ឃុំ​នានា។

ដោយ ហង្ស សាវយុត
2012-08-19
​វិទ្យុ​អាស៊ីសេរី

សកម្មជន​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល បាន​ចាត់​ទុក​សកម្មភាព​បែប​នោះ​ថា គឺ​ជា​អំពើ​ខុស​ច្បាប់។

ប្រជាកសិករ​មួយ​ចំនួន ដែល​ប្រកប​មុខ​របរ​ដឹក​កូន​ជ្រូក ដើរ​លក់​នៅ​តាម​ភូមិ បាន​សំដែង​ការ​អន់​ចិត្ត​ ចំពោះ​សមត្ថកិច្ច​​​​ប៉ូលិស និង​មន្ត្រី​ពេទ្យ​សត្វ​ខ្លះ ដែល​តែង​តែ​កាក់​ទារ​លុយ​ពី​ពួក​គេ នៅ​តាម​ដង​ផ្លូវ។

បុរស​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​រស់​នៅ​ភូមិ​ឫស្សី ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ គឺ​ជា​អ្នក​ប្រកប​របរ​ដឹក​កូន​ជ្រូក​ដើរ​លក់ ក្នុង​ចំណោម​គ្នា​របស់​គាត់​ជា​ច្រើន​ទៀត។ គាត់​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​សីហា​ថា មាន​ប៉ូលិស និង​មន្ត្រី​ពេទ្យ​សត្វ​នៃ​ស្រុក​ចុង​កាល់ និង​ស្រុក​អន្លង់​វែង​ខ្លះ តែងតែ​តាម​កាក់​ពួក​គាត់ នៅ​តាម​ដង​ផ្លូវ ហើយ​បង្ខំ​ឱ្យ​បង់​លុយ ដោយ​បញ្ជាក់​មូល​ហេតុ​ថា មាន​កំហុស​ដឹក​សត្វ​ឆ្លង​ខេត្ត ឬ​ក៏​ជុច​ដឹក​សត្វ​មាន​ទំហំ​ធំ​ជា​ដើម។

សំឡេង៖ «គេ​នៅ​អន្លង់​វែង ថា​គេ​តម្រូវ​មក​ពី​ខេត្ត​ឱ្យ​យក (លុយ)។ មុន​ដំបូង​គេ​កាក់ គេ​ថា​យក ១ ជុច ថ្លៃ ៦ ម៉ឺន។ ប៉ុន្តែ​ខ្ញុំ​ថា បើ​បង​ឯង​យក ១ ជុច ៦ ម៉ឺន​ហើយ ខ្ញុំ​ទៅ​រក​អី​បាន​ចំណេញ?។ បើ​មក​ពី​ខាង​ជើង​ទៀន គឺ​ប៉ូលិស​ផង ពេទ្យ​សត្វ​ផង គេ​ផាក។ ថ្ងៃ​មុន​ខ្ញុំ​សុំ​អនុញ្ញាត​ម្ដង គេ​អត់​អនុញ្ញាត​ឱ្យ គេ​យក ១ ម៉ឺន ៥ ពាន់​ពី​ខ្ញុំ។ គេ​ថា យើង​ដឹក​កូន​ជ្រូក​ខុស​ច្បាប់​ឆ្លង​ស្រុក​ឆ្លង​ខេត្ត»។

ទោះ​ជា​យ៉ាង​ណា​ក្ដី វិទ្យុ​អាស៊ី​សេរី មិន​អាច​ស្វែង​រក​ជួប​មន្ត្រី​ប៉ូលិស និង​ពេទ្យ​សត្វ ដែល​ក្រុម​កសិករ​បាន​ចោទ​ប្រកាន់​ទាំង​នោះ ដើម្បី​ឆ្លើយតប​ចំពោះ​រឿង​នេះ​បាន​ឡើយ។

ចំណែក​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ចាត់​ទុក​សកម្មភាព​ឈរ​កាក់​តាម​ផ្លូវ ដើម្បី​ទារ​លុយ​ ពី​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​សត្វ​នោះ​ថា ជា​អំពើ​ខុស​ច្បាប់។

លោក យឿន ប៊ុន​ថា ជា​អនុ​ប្រធាន​​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរ​មាន​ជ័យ មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន​នេះ មន្ត្រី​ជំនាញ​ពេទ្យ​សត្វ​របស់​លោក​មិន​មាន​ដាក់​កុង​ត្រូល នៅ​តាម​ដង​ផ្លូវ​នានា​ទេ គឺ​មាន​តែ​កន្លែង​ចាំ​ត្រួត​ពិនិត្យ​ការ​ដឹក​ជញ្ជូន​សត្វ​ចល័ត ដើម្បី​សុំ​មើល​លិខិត​អនុញ្ញាត ឬ​ក៏​ការពារ​មិន​ឱ្យ​នាំ​សត្វ ដែល​មាន​ជំងឺ​ពី​តំបន់​ផ្សេង​ចូល​ទៅ​លក់​ដូរ ក្នុង​ខេត្ត​របស់​លោក​ប៉ុណ្ណោះ។ ទោះ​យ៉ាង​នេះ​ក្ដី កន្លែង​ត្រួត​ពិនិត្យ​នោះ មិន​តម្រូវ​ឱ្យ​ទារ​លុយ​ពី​ក្រុម​កសិករ​ណា​ម្នាក់​ទេ។

សំឡេង៖ «ចាំ​មើល​ខ្ញុំ​នឹង​ហៅ​ខាង​ជំនាញ​មក​ធ្វើ​ការ​មើល៍ ក្រែង​មាន​មន្ត្រី​ណា​ទៅ​ធ្វើ​អីចឹង។ យើង​នឹង​ណែ​នាំ។ ប៉ុន្តែ​កន្លង​មក ដូចជា មិន​ដែល​មាន​ទេ ព្រោះ​បើ​ខាង​ពេទ្យ​សត្វ​ខ្ញុំ ធ្វើ​អ៊ីចឹង គេ​ត្រូវ​តែ​ជូន​ដំណឹង​មក​ខ្ញុំ រាយការណ៍​មក​ខ្ញុំ សុំ​ការ​អនុញ្ញាត​អី។ ដូចជា​មិន​ដែល​ហ៊ាន​ធ្វើ​ឆៅៗ អីចឹង​ទេ»។

លោក ស្រី ណារ៉េន ជា​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ចាត់​ទុក​សមត្ថកិច្ច និង​មន្ត្រី ដែល​កាក់​ទារ​លុយ​ពី​កសិករ​ដឹក​ជញ្ជូន​សត្វ​លក់​ដូរ នៅ​តាម​ដង​ផ្លូវ​នោះ​ថា ជា​អំពើ​ខុស​ច្បាប់។

លោក ស្រី ណា​រ៉េន មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុម​កសិករ​ស្គាល់​មុខ និង​ឈ្មោះ​សមត្ថកិច្ច រួម​ទាំង​មន្ត្រី​ពេទ្យ​សត្វ​នោះ ហើយ​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ការិយាល័យ​របស់​លោក គឺ​លោក​នឹង​ស៊ើបអង្កេត​ទៅ​លើ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles