ក្រុមគ្រូបង្រៀនពីរពេល និងបង្រៀនគួប (១ពេលចំនួន២ថ្នាក់តែកម្រិតផ្សេងគ្នា) នៅតាមសាលាជនបទមួយចំនួននៃស្រុកអន្លង់វែង បានអះអាងថា មន្ត្រីការិយាល័យអប់រំយុវជន និងកីឡា បានកាត់ប្រាក់ខែពួកគេជាច្រើនម៉ឺនរៀលក្នុងម្នាក់ៗ ធ្វើឱ្យពួកគេមានការមិនសប្បាយចិត្ត។
ដោយ ហង្ស សាវយុត
2012-08-20
វិទ្យុអាស៊ីសេរី
ក្រុមគ្រូបង្រៀនទាំងនោះបានឱ្យដឹងថា ពួកគេប្រមាណ ៣០នាក់ ត្រូវបានមន្ត្រីការិយាល័យអប់រំ កាត់ប្រាក់ខែកាលពីពេលថ្មីៗ។
គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាភូមិរំចេក នៃឃុំអន្លង់វែង។ គាត់បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែសីហា ថា ប្រាក់ខែរបស់គាត់ដែលមួយឆ្នាំបើកម្ដងចំនួនជិត ២លានរៀល ត្រូវមន្ត្រីការិយាល័យអប់រំស្រុកអន្លង់វែង បានកាត់យកប្រាក់ខែរបស់គាត់ចំនួន ២៤ម៉ឺនរៀល។ ដោយសារការកាត់ប្រាក់ខែដោយគ្មានមូលហេតុច្បាស់លាស់ដូច្នេះ លោកមិនទាន់សំរេចចិត្តទៅទទួលយកប្រាក់ខែនោះនៅឡើយ។
គ្រូបង្រៀនសុំមិនបញ្ចេញឈ្មោះ៖ «គ្រូពីរពេលហ្នឹង គាត់បង្រៀនព្រឹក ១ពេល ហើយបង្រៀនល្ងាច ១ពេល អ៊ីចឹងអាលុយដែលបង្រៀន ២ពេលហ្នឹង ១ឆ្នាំបានគេបើកម្តង។ ១ឆ្នាំគេគិត ១០ខែ តែគេបើកឱ្យតែ ៩ខែទេ ឯ១ខែគេសុំកាត់ចំនួន ២៤ម៉ឺនរៀល។ គ្រូបង្រៀនគួបនោះ កាត់១ខែដូចគ្នា ២៤ម៉ឺនដូចគ្នា។ នៅតែប្រាក់ខែរបស់ខ្ញុំ១ គឺខ្ញុំអត់ទាន់ទៅបើកទេ ព្រោះលុយជិត ២លាន គេឱ្យតែ ១លាន៥០ម៉ឺនរៀល ខ្ញុំអត់ទៅបើក។ ប្រធានការិយាល័យអប់រំស្រុក គេកាត់ហ្នឹងដើម្បីយកលុយកាត់ហ្នឹងទៅជូនផ្នែកមន្ទីរខេត្តហ្នឹងមួយផ្នែក ហើយនិងជូនបុគ្គលិកការិយាល័យមួយផ្នែក ហើយនិងមួយផ្នែកទៀតជូនដល់នាយកសាលា។ គេប្រាប់តែប៉ុណ្ណឹង»។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ញ៉ាន ស៊ន ដែលជាប្រធានការិយាល័យអប់រំ ស្រុកអន្លង់វែង ដើម្បីបំភ្លឺជុំវិញបញ្ហានេះបានទេ។
ចំណែកមន្ត្រីមន្ទីរអប់រំយុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានប្រតិកម្មចំពោះការកាត់ប្រាក់ខែគ្រូបង្រៀននៅស្រុកអន្លង់វែងនោះ ថាគឺជាអំពើខុសច្បាប់។
លោក អ៊ឹង បូរ៉ាត់ ជាប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា លោកពុំបានដឹងឡើយជុំវិញការកាត់ប្រាក់ខែគ្រូបង្រៀននោះ។ ប្រធានមន្ទីរអប់រំយុវជន និងកីឡាដដែលបានបញ្ជាក់ថា មន្ទីរអប់រំមិនដែលមានគោលការណ៍ឱ្យកាត់ប្រាក់ខែគ្រូបង្រៀនដើម្បីយកប្រាក់ទាំងនោះមកឱ្យមន្ទីរទេ៖ «ការិយាល័យអប់រំ ឱ្យអ្នកណាខ្ញុំអត់ដឹងទេ។ ទាល់តែខ្ញុំទៅវិញ ចាំខ្ញុំស្រាវជ្រាវ»។
បើទោះបីជាមន្ត្រីមន្ទីរអប់រំ បានបដិសេធចោលថា មិនមានការកាត់ប្រាក់ខែគ្រូបង្រៀនក៏ដោយ ក្រុមគ្រូបង្រៀនមួយចំនួនបានអះអាងថា ប្រាក់ខែរបស់ពួកគេពិតជាការិយាល័យអប់រំស្រុកកាត់យកកាលពីពេលថ្មីៗ។
គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាតាដេវ នៃឃុំត្រពាំងតាវ បានអះអាងថា ប្រាក់ថ្លៃបង្រៀន របស់គាត់រយៈពេល ១ឆ្នាំ ចំនួនជាង ៤លាន និង ២៩ម៉ឺនរៀល ក៏ប៉ុន្តែការិយាល័យអប់រំស្រុកអន្លង់វែង បានកាត់យកប្រហែល ៤០ម៉ឺនរៀល។ គ្រូបង្រៀនដដែលបានមានប្រសាសន៍ថា នៅពេលដែលការិយាល័យអប់រំកាត់ប្រាក់ខែរបស់លោកនោះ គឺលោកមានចិត្តខឹងដែរ ក៏ប៉ុន្តែលោកមិនហ៊ានតវ៉ាអ្វីឡើយ។
ក្រុមគ្រូបង្រៀនមួយចំនួនដែលត្រូវគេកាត់ប្រាក់ខែបានចាត់ទុកថា នេះគឺជាអំពើពុករលួយមួយ ដែលមន្ត្រីនៃការិយាល័យអប់រំ ដែលបានកេងប្រវ័ញ្ចលើញើសឈាមរបស់គ្រូបង្រៀននៅតាមទីជនបទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។